នៅ​សុខៗ Chelsea បានខ្ទង់ ៦លាន​ដុល្លារ​ពី Real ដោយសារ​ Hazard

  • 2024-05-15 13:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea នឹង​ទទួល​បាន​ទឹកប្រាក់​ចំនួន​ ៥លាន​ផោន ឬ​ស្មើ​នឹង ៦,៣លាន​ដុល្លារ​អាមេរិក​ពីក្លឹប Real Madrid ដោយសារ​តែ​អតីត​ខ្សែ​ស្លាប​បែលហ្សិក​ Eden Hazard ទោះ​បី​ជា​កីឡាករ​រូប​នេះ​ចូលនិវត្តន៍​តាំង​ពី​ខែ​តុលា ឆ្នាំ​មុន​ក្ដី។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន The Telegraph។

Hazard បាន​ផ្ទេរ​ចេញ​ពី​ Chelsea មក​ស្រុក​អេស្ប៉ាញ​នៅ​ឆ្នាំ២០១៩ ដោយ Real Madrid ទិញ​ក្នុង​តម្លៃប្រមាណ ១៦៤លាន​ដុល្លារ​អាមេរិក។ យ៉ាងណាមិញ Real បង់​លុយ​ឱ្យ Chelsea ១១០លាន​ដុល្លារ ចំណែក​ឯ​ខ្ទង់ ៥០លាន​ដុល្លារ​ទៀត ជា​ថ្លៃ​បំពេញ​បន្ថែម​ដោយ​ផ្អែក​លើ​ទម្រង់​លេង​របស់ Hazard។

នៅ​ក្នុង​កុងត្រា​ផ្ទេរ​ពី Chelsea មក Real Madrid ខាង​លើ​នេះ​ក៏​មាន​ចែង​ផង​ដែរ​ថា នៅ​ក្នុង​ករណី Real Madrid ទិញ Hazard ហើយ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League នោះ​ខាង​ Real នឹង​បង់​លុយ​ឱ្យ Chelsea ខ្ទង់​ ៦លាន​ដុល្លារ​អាមេរិក។

បើ​តាម The Telegraph ទោះបី​ជា Hazard ព្យួរស្បែក​ជើង​ពិត​មែន​កាល​ពី​ខែ​តុលា​កន្លង​ទៅ ក៏​ Real នៅ​តែ​ជាប់​កាតព្វកិច្ច​ក្នុង​ការ​បង់​ថ្លៃ​នេះ​ដែរ។

សូម​ជម្រាបផងដែរ​ថា Hazard តាំង​ពី​ចេញ​ពី​ Chelsea មក​លេង​ទម្រង់​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ទេ។ កីឡាករ​រូប​នេះ​បង្ហាញ​ខ្លួន​ឱ្យ Real Madrid បាន ៧៦ប្រកួត ហើយ​រក​បាន​តែ ៧គ្រាប់​ប៉ុណ្ណោះ។ កាល​ពី​លេង​នៅ Chelsea បុរស​វ័យ ៣៣ឆ្នាំ​រូប​នេះ​​លេង​បាន ៣៥២ប្រកួត និង​ស៊ុត​ចូល​បាន ១១០គ្រាប់​ក្នុង​រយៈពេល​ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៩៕

ប្រភព៖ telegraph   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី