ចូលរួម​លើកស្ទួយ​ និង​ចុះឈ្មោះ​រត់​ទាំង​អស់​គ្នា​ «ភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ​ លើកទី១២»​

  • 2024-05-16 05:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ Cambodia Events Organizer ​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ព្រឹត្តិការណ៍​ «ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១២​» នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ស្វាគមន៍​ចំពោះ​ការ​ចុះឈ្មោះ​ពី​មហាជន​ទាំង​ជាតិ-អន្តរជាតិ។​

សន្និសីទសារព័ត៌មាន

លោក​ សែម​ ផល្លា​ ប្រធាន​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​កែលំអ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នោះ​គណៈកម្មការ​រៀបចំ​នឹង​មាន​ការ​ប្រជុំ​លំអិត​ជា​បន្តបន្ទាប់​ជា​មួយ​ផ្នែក​សន្តិសុខ​ ផ្នែក​ប៉ូលីស​ចរាចរណ៍ ​ដើម្បី​សម្រួល​ដល់​អ្នក​ចូលរួម​មាន​សុវត្ថិភាព​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។​

នៅ​ឆ្នាំ​នេះ​ការ​ចេញ​ដំណើរ​លើ​វិញ្ញាសា​ធំ​ ២១​ គីឡូម៉ែត្រ​ នឹង​ចេញ​នា​វេលា​ម៉ោង​ ៥.១០​នាទី​ព្រឹក​ ដោយ​សារ​ការ​ផ្លាស់ប្ដូរ​បរិយាកាស​កាន់​តែ​ក្ដៅ​តម្រូវ​ឲ្យ​កម្មវិធី​រុញ​ម៉ោង​ប្រកួត​កាន់​តែ​ព្រឹក​បន្តិច​ដើម្បី​សម្រួល​ដល់​ការ​ប្រកួត​ដំណើរ​ការ​ទៅ​ដោយ​រលូន។​

លោក​ សែម​ ផល្លា​

តំណាង​ឲ្យ​អ្នក​រៀបចំ​ខាង​លើ​នេះ​អំពាវនាវ​ដល់​មហាជន​ទាំង​ជាតិ-អន្តរជាតិ​ ដែល​ស្រឡាញ់​វិស័យ​កីឡា​រត់​ប្រណាំង​(ម៉ារ៉ាតុង)​នេះ​សូម​រួសរាន់​ចុះ​ឈ្មោះ​ចាប់​ពី​ពេល​នេះ​តទៅ​ដើម្បី​ឲ្យ​ទាន់​ពេលវេលា​ និង​ងាយ​ស្រួល​ដល់​ក្រុម​ការងារ​រៀបចំ​សម្ភារ​ជូន​ផង​ដែរ។​ ការ​ចូលរួម​របស់​មហាជន​គឺ​ជា​ផ្នែក​គាំទ្រ​ លើកស្ទួយ​ វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​ធំ​ និង​មាន​ភាពរីកចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​ បន្ថែម​ពី​នេះ​ក៏​ជា​ការ​ចូលរួម​លើ​កិច្ចការ​សប្បុរសធម៌​ជួយ​កុមារ​ មន្ទីរពេទ្យ​ សាលា​រៀន​ផង​ដែរ​ ព្រោះ​ថវិកា​បាន​មក​ពី​ការ​ចុះឈ្មោះ​ចូលរួម​នឹង​យក​ទៅ​ឧបត្ថម្ភ​លើ​កិច្ចការ​ទាំង​អស់​នេះ។​

សន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១២​ នឹង​ធ្វើ​ឡើង​នៅ​មុខ​វត្តបទុមវតី​ រាជធានី​ភ្នំពេញ។​ គិត​មក​ដល់​ពេល​នេះ​មាន​ការ​ចុះឈ្មោះ​ចម្រុះ​ជាតិ​សាសន៍​បាន​ប្រមាណ​ ៣៧០៥​នាក់​ហើយ។​ វិញ្ញាសា​មាន​ ៤​ ទី១​ ចម្ងាយ​ ២១ Km ទី២​ ចម្ងាយ​ ១០Km ទី៣​ ចម្ងាយ​ ៥Km​ និង​ទី៤​ ចម្ងាយ​ ២km។​ ប្រសិន​បើ​មហាជន​ចង់​ចុះឈ្មោះ​ចូលរួម​អាច​ទំនាក់ទំនង​ទៅ​កាន់​ហ្វេសបុក​ ឬ​គេហទំព័រ​ Cambodia Events Organizer។​ លេខទំនាក់ទំនង​ (855)23-213 525, Cellphone :(855)15 213 525 | (855)69 213 525។ E-mail: reg@cambodia-events.org | info@cambodia-events.org៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី