Rooney ទម្លាយ​ថា​ ខ្លួន​ធ្លាប់​លេង​កូនហ្គោល​ជាមួយ​ Trump

  • 2024-05-28 11:32:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Wayne Rooney អតីត​ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United បាន​ទម្លាយ​ប្រាប់​អ្នកកាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា លោក​ធ្លាប់​វាយ​កូនហ្គោល​ជាមួយ​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump។

លោក Rooney បាន​វាយកូនហ្គោល​ជាមួយ​នឹង​អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក អំឡុង​ឆ្នាំ២០១៨ ដល់​ឆ្នាំ២០២១ ពេល​ដែល​លោក​លេង​នៅ​ក្លឹប D.C. United ដែល​ជា​ក្លឹប​បាល់ទាត់​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ ក្រៅ​ពី​លោក Donald Trump លោក Rooney ក៏​ធ្លាប់​លេង​កូនហ្គោល​ជាមួយ​នឹង​អតីត​អភិបាល​ក្រុង​ញូវយ៉ក​លោក Rudy Giuliani ផង​ដែរ។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Rooney បាន​រៀបរាប់​ថា៖ «បុគ្គល​ដែល​ល្បី​ជាង​គេ​ ដែល​ខ្ញុំ​ធ្លាប់​លេង​កូនហ្គោល​ជាមួយ​គឺ លោក Donald Trump។ អ្វី​ដែល​ង៉ាង​ខ្លាំង​នោះ​គឺ ពេល​ហ្នឹង​យើង​មាន​ឡាន​កូនហ្គោល​របស់​លោក Giuliani នៅ​ពី​ក្រោយ​យើង ហើយ​បន្ត​មក​ទៀត​មាន ឡាន ៥០ ទៅ ១០០គ្រឿង​នៅ​ពី​ក្រោយ​នោះ​ទៀត ដែល​សុទ្ធសឹង​តែ​កងសន្តិសុខ»។

«ពេល​ហ្នឹង​ក៏​មាន​ទូក​មួយ​គ្រឿង​នៅ​លើ​បឹង ដោយ​បំពាក់​ជាមួយ​នឹង​កាំភ្លើង​ស្ន៊ីប ហើយ​មាន​អ្នក​កាន់​ស៊្នីប​ជា​ច្រើន​នាក់​ពួន​នៅ​គុម្ពឈើនានា​ទៀត​ផង។ ខ្ញុំ​ពេល​នោះ​គឺ​ភ្ញាក់ផ្អើល​នឹង​ខ្លួន​ឯង​ថា «ចុម មាន​រឿង​អី​ហ្នឹង!»»។

លោក Trump បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ២០១៦ ហើយ​លោក​បាន​ដឹកនាំ​រហូត​ដល់​ឆ្នាំ២០២២ ដែល​ជា​ពេល​ដែល​លោក​ចាញ់​ឆ្នោត​ទៅ​លោក Joe Biden។

Rooney ជាមួយនឹង​កូនប្រុសលោក Trump នៅ​សេតវិមាន

ចំណែកឯ Rooney វិញ ក្រោយ​​ពេល​នៅ​ជាមួយ​ D.C. United ក្នុង​នាម​ជា​កីឡាករ លោក​ក៏​បាន​ក្លាយ​ជា​គ្រូ​បង្គោល​នៃ​ក្លឹប​នេះ​រហូត​ដល់​ឆ្នាំ២០២៣។ លោក​ក្រោយ​មក​ក៏​ត្រលប់​មក​ដឹកនាំ​ក្លឹប​អង់គ្លេស​វិញ ដោយ​នៅ​ពេល​នេះ​ដែរ​លោក​កំពុង​តែ​ដឹកនាំ​ក្លឹប Plymouth Argyle៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម