សម្តេចធិបតី ប្រកាសពេលវេលា​បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដោយ​នឹង​​មានអ្នកវិនិយោគខ្មែរភាគច្រើន ចូលរួមក្នុងគម្រោងនេះ

  • 2024-05-30 03:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បានប្រកាស​ថា គម្រោង​ព្រែកជីក​ហ្វូណន​តេជោ នឹងត្រូវបើកការដ្ឋានសាងសង់​នៅក្នុងអំឡុងខែសីហា ឆ្នាំ​២០២៤ខាងមុខនេះ។ ការថ្លែងនេះ ធ្វើឡើង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សមិទ្ធផល​មួយចំនួន នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យាន​ជាតិព្រះសុរាម្រិត-កុសៈ «គិរីរម្យ» នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ​២០២៤។

សម្តេច​ធិបតី បានគូសបញ្ជាក់ថា គម្រោងនេះ បើទោះជាមាន ឬមិនមានការចូលរួមវិនិយោគពីបរទេសក៏ដោយ ក៏​កម្ពុជា​នៅតែប្តេជ្ញាសាងសង់​ព្រែកជីក​នេះឱ្យបានដែរ។ ការបើកការដ្ឋាននេះ ក៏មិនបង្អង់យូរទៀតដែរ ដោយនឹងបើកការដ្ឋាននៅខែ៨ខាងមុខ ហើយពេល​ចាប់ផ្តើមសាងសង់ នឹង​មានអ្នកវិនិយោគ​ខ្មែរចូលរួម​ភាគច្រើន។

សម្តេចនាយករដ្ឋមន្រ្តី បាន​ថ្លែងយ៉ាងដូច្នេះថា៖ «ការងារព្រែកជីកនៅថ្ងៃមុខ ពេលដែលចាប់ផ្តើម​សាងសង់​ នឹងមានខ្មែរយើងចូលរួម​ជាភាគច្រើន។ ពិតណាស់ យើងចរចា​ជាមួយក្រុមហ៊ុនចិន ដើម្បីគាត់មានបច្ចេកទេស ហើយដាក់ទុនមួយចំនួនដើម្បីធ្វើ។ ប៉ុន្តែឥឡូវនេះ យើងបានចរចា ហើយសូមជម្រាបលោកយាយលោកតា ថាខ្មែរ​យើងនឹងមានភាគច្រើន នៅក្នុងគម្រោង​នេះតែម្តង។ ហើយការបើកមិនចាំយូរ នាំឱ្យយប់យូរ​សុបិន្តច្រើន អ៊ីចឹងយើងនឹងបើកការដ្ឋាន​នៅក្នុងខែ៨ ខាងមុខនេះ។ គម្រោងនេះ ជាគម្រោងជាតិនិយម ត្រង់ថា ប្រជាជន​ខ្មែរគ្រប់ទាំងអស់ ទោះជានិន្នាការណាក៏ដោយ គឺយល់ថា នេះជារបស់ខ្មែរ ជាផលប្រយោជន៍ខ្មែរ ហើយតិចទៀត កូនខ្មែរនឹងចូលរួមកសាងភាគច្រើន»។

គួររំលឹកថា កាលពីចុងខែមេសាកន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល​បានរៀបចំ​សេណារីយ៉ូ ៣តង់រួចមកហើយ បើសិន​គ្មានបរទេសចូលរួមទេនោះ ពោលគឺ​សេណារីយ៉ូ៣ដំណាក់នេះ នឹងត្រូវធានាឱ្យបានថា គម្រោង​ព្រែកជីកហ្វូណនតេជោ ដាច់ខាតត្រូវតែធ្វើឱ្យចេញ។

សូមជម្រាប​ថា គម្រោង​នេះ មាន​ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើម​ពីចំណុចព្រែកតាកែវ​ទន្លេមេគង្គ ឆ្លងកាត់​តាមព្រែក​តាឯក​នៃទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តាហ៊ីង​នៃ​ទន្លេបាសាក់​ស្រុកកោះធំ និង​បន្តរហូតដល់​សមុទ្រខេត្តកែប ពោលគឺ​ត្រូវ​ឆ្លងកាត់​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងកែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ២លាននាក់ រស់នៅ​អមសងខាង​ផ្លូវទឹកនេះ។

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយទុនវិនិយោគប្រមាណ ១៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែបរបស់វៀតណាមប្រមាណ ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ ១៣៥គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត៕

អត្ថបទ៖ សំភី

អត្ថបទថ្មី