ក្រុមហ៊ុន​អេស្ប៉ាញ​មួយ មានគម្រោងទាញយកអគ្គិសនី​ដោយថាមពលខ្យល់នៅកម្ពុជា

  • 2024-06-12 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។

គម្រោងនេះ ត្រូវបានលើកឡើង​ក្នុង​អំឡុងដំណើរទស្សនកិច្ច​របស់​គណៈប្រតិភូកម្ពុជា ដឹកនាំដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី​ អនុប្រធានទី១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា នៅមជ្ឈមណ្ឌល​កណ្តាល​របស់​ក្រុមហ៊ុន Acciona Energia ដែលជាក្រុមហ៊ុនធំមួយ មានប្រតិបត្តិការ​លើការ​ផលិតថាមពល​កកើតឡើងវិញ ​ក្នុងប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០២៤។

ក្រុមហ៊ុនអេស្ប៉ាញនេះ ​បានជម្រាបជូនគណៈប្រតិភូកម្ពុជា អំពីបេសកកម្មការងារ និងប្រតិបត្តិការវិនិយោគរបស់ខ្លួនក្នុងវិស័យថាមពលកកើតឡើងវិញ ពិសេសឯកទេសក្នុងការអភិវឌ្ឍន៍ និងការគ្រប់គ្រងដំណោះស្រាយថាមពលប្រកបដោយនិរន្តរភាព។ ក្រុមហ៊ុនផលិតថាមពលដ៏ធំមួយនេះ មានបុគ្គលិកប្រមាណជាង ៥៨ ០០០នាក់ មកពី ៤០ប្រទេសផ្សេងៗគ្នាបម្រើការងារ។

គួរកត់សម្គាល់​ថា កម្ពុជា កំពុងឈានឆ្ពោះ​ទៅការ​ធ្វើថាមពលដើរដោយខ្យល់​នាពេលខាងមុខនេះ ដើម្បីជំរុញ​ថាមពលស្អាត និង​ថាមពលកកើតឡើងវិញ ​សម្រាប់ប្រព័ន្ធអគ្គិសនី​ក្នុងប្រទេស។

បើតាម​ការលើកឡើង​របស់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល តាមរយៈវីដេអូឃ្លីបមួយកាលពីពេលថ្មីៗនេះ ឱ្យដឹងថា កម្ពុជា នឹង​ទាញយកថាមពលអគ្គិសនី​ដើរដោយខ្យល់នាពេលខាងមុខដ៏ខ្លី នៅក្នុងខេត្តមណ្ឌលគិរី និង​តំបន់ភ្នំបូកគោ។

ក្រៅពី​ក្រុមហ៊ុនអេស្ប៉ាញខាងលើនេះ ក៏មានក្រុមហ៊ុនបារាំងមួយឈ្មោះ Blue Circle បាន​បញ្ជាក់​កាលពីខែមករាកន្លងទៅ​ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា ក្រុមហ៊ុននេះ​បានជ្រើសរើស​យកខេត្តមណ្ឌលគិរី ដើម្បីអនុវត្ត​គម្រោង​ទីមួយ​លើគម្រោងទាញយកថាមពលខ្យល់ បំប្លែង​ជាអគ្គិសនី ដែល​នឹងបើកដំណើរការ​ចាប់ពីឆ្នាំ​២០២៦តទៅ៕

អត្ថបទ៖ សំភី