Ten Hag តកុងត្រាជាមួយបិសាចក្រហម
- 2024-07-04 13:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ten Hag តកុងត្រាជាមួយបិសាចក្រហម
ចន្លោះមិនឃើញ
ដូចការរំពឹងទុក អ្នកចាត់ការក្លឹប Manchester United លោក Erik Ten Hag បានតកុងត្រាជាមួយក្លឹប។
កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៦ ពោលគឺលោកនឹងបន្តដឹកនាំក្លឹបបិសាចក្រហមរយៈពេល ២ ឆ្នាំទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ESPN អ្នកចាត់ការសញ្ជាតិហុល្លង់រូបនេះ នឹងបន្តមានសិទ្ធិចាត់ចែងលើការផ្ទេរចេញ និងផ្ទេរចូលកីឡាកររបស់ក្លឹប ទោះក្លឹបមានសហម្ចាស់ថ្មីក៏ដោយ។
តាមពិតទៅ លោក Ten Hag និងក្លឹប Man Utd មិនបានចរចាកុងត្រាថ្មីដូចការចុះផ្សាយសារព័ត៌មានធំៗនោះឡើយ ដោយទាំងភាគីក្លឹប និងភាគីសាម៉ីគ្រាន់តែបន្តកុងត្រាចាស់ដែលមានស្រាប់ ហើយបន្ថែមសុពលភាពរយៈពេលមួយឆ្នាំទៀត ពីលើកុងត្រាចាស់ដែលមានសុពលភាពដល់ឆ្នាំក្រោយ។
ក្នុងឱកាសតកុងត្រានេះ លោក Ten Hag បាននិយាយថានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យបិសាចក្រហមមានសមត្ថភាពខ្ពស់ដើម្បីប្រជែងពានធំៗក្នុងស្រុក និងនៅអឺរ៉ុប។
មុនមកដឹកនាំ Manchester United កាលពីខែឧសភា ឆ្នាំ ២០២២ លោក Ten Hag បានចំណាយពេលរយៈកាលជាង ៥ ឆ្នាំ បង្វឹកក្លឹបហុល្លង់ Ajax។ កាលដឹក Ajax លោកគឺជាអ្នកចាត់ការដ៏ជោគជ័យមួយរូប ដោយដឹកនាំសរុប ២១៥ ប្រកួត ឈ្នះដល់ទៅ ១៥៨ ប្រកួត ស្មើ ២៨ ដង និងចាញ់ ២៩ លើក ដោយមានអត្រាភាគរយឈ្នះចំនួនជាង ៧៣ ភាគរយ។ ដោយឡែក នៅពេលមកចាត់ការបិសាចក្រហមជាង ២ ឆ្នាំមកនេះ លោកបានដឹកនាំប្រកួតសរុប ១១៤ ដង ឈ្នះ ៦៦ ប្រកួត ស្មើ ១៧ លើក និងចាញ់ ៣១ ដង ហើយបើគិតជាអត្រាភាគរយៈឈ្នះគឺជាង ៥៨ ភាគរយ។ រយៈពេល ២ ឆ្នាំនេះ លោកជួយក្លឹបបិសាចក្រហមឲ្យឈ្នះពានចំនួនពីររួមមាន League Cup នៅរដូវកាល ២០២២/២០២៣ និង FA Cup នៅរដូវកាល ២០២៣/២០២៤៕