អាហ្សង់ទីន​កាក់កប​យ៉ាង​ខ្លាំង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ

  • 2024-07-15 14:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ទើប​យក​ឈ្នះ​កូឡុំប៊ី​ក្នុង​លទ្ធផល ១ ទល់​នឹង ០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​កម្មវិធី Copa America ឆ្នាំ ២០២៤។ ជ័យ​ជំនះ​នេះ ធ្វើ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​ពាន​ធំៗ​ដល់​ទៅ ៤ ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ។

អាហ្សង់ទីន​គឺ​ជា​ក្រុម​ជម្រើស​ជាតិ​ដ៏​ជោគជ័យ​មួយ​នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង។ ទោះ​ជា​យ៉ាង​ណា​ ដោយ​បញ្ហា​ផ្សេងៗ ក្រុម​ជម្រើស​ជាតិ​មាន​ការ​លំបាក​ក្នុង​ការ​ដណ្ដើម​ពាន​ធំៗ​ក្នុង​អំឡុង​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ ១៩៩០ ទសវត្ស​ឆ្នាំ ២០០០ និង​ទសវត្ស​ឆ្នាំ ២០១០។ ក្នុង​អំឡុង​ពេល​ជិត ៣០ ឆ្នាំ​នោះ គឺ​អាហ្សង់ទីន​មិន​បាន​ឈ្នះ​ពាន​ធំៗ​សូម្បី​តែ​ម្ដង។

យ៉ាង​នេះ​ក្ដី អ្វីៗ​បាន​ប្រែប្រួល​នៅ​ឆ្នាំ ២០២១។ អាហ្សង់ទីន​បាន​ឈ្នះ​ពាន​កូប៉ា​អាមេរិក​ឆ្នាំ​ ២០២១ ក្រោយ​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ក្នុង​លទ្ធផល ១ ទល់​នឹង ០។ ព្រឹត្តិការណ៍​កូប៉ា​គឺ​ជា​កម្មវិធី​ប្រកួត​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​ដ៏​ធំ​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង។ ពាន​កូប៉ា​ឆ្នាំ ២០២១ គឺ​ជា​ពាន​ធំ​ទី​មួយ​ដែល​អាហ្សង់ទីន​ឈ្នះ​ក្នុង​រយៈ​ពេល​ជិត ៣០ ឆ្នាំ។

នៅ​ខែ​មិថុនា ឆ្នាំ ២០២២ ក្នុង​នាម​ជើងឯក​កូប៉ា​អាមេរិក អាហ្សង់ទីន​បាន​យក​ឈ្នះ​ជើង​ឯក​អឺរ៉ុប​អ៊ីតាលី​ក្នុង​លទ្ធផល ៣ ទល់​នឹង ០។ ជ័យជំនះ​នេះ ធ្វើ​ឲ្យ​អាហ្សង់ទីន​ឈ្នះ​ពាន​មួយ​ទៀត គឺ​ពាន Finalissima ដែល​ជា​ពាន​ដែល​ជើង​ឯក​កូប៉ាអាមេរិក ត្រូវ​ប៉ះ​ជាមួយ​ជើង​ឯក​អឺរ៉ុប ដើម្បី​រក​ជើងឯក​ប្រចាំ​ទ្វីប​ទាំង​ពីរ។

នៅ​ខែ​ធ្នូ ឆ្នាំ ២០២២ អាហ្សង់ទីន​ធ្វើ​បាន​សម្រេច​ម្ដង​ទៀត​ក្នុង​ឈ្នះ​ពាន​ធំ​មួយ​ទៀត នោះ​គឺ ពាន​ជើង​ឯក​ពិភពលោក World Cup នៅប្រទេសកាតា ក្រោយ​យក​ជ័យ​ជំនះ​លើ​បារាំង​ក្នុង​វគ្គ​ទាត់​បាល់ទាត់​ប៉េណាល់ទី។ ការ​ឈ្នះ​ពាន World Cup ឆ្នាំ ២០២២ គឺ​ជា​ជោគជ័យ​ធំ​ណាស់​សម្រាប់​អាហ្សង់ទីន។ លើក​ចុង​ក្រោយ​ដែល​ក្រុម​ជម្រើស​ជាតិ​នេះ​ឈ្នះ​World Cup គឺ​នៅ​ឆ្នាំ ១៩៨៦។

ដោយ​ឡែក​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ អាហ្សង់ទីន​បាន​យក​ឈ្នះ​កូឡុំប៊ី ដណ្ដើម​យក​ពាន​កូប៉ា​អាមេរិក​ឆ្នាំ ២០២៤។ ការ​ឈ្នះ​នេះ ធ្វើ​ឲ្យ​អាហ្សង់ទីន​ក្លាយ​ជា​ក្រុម​ជម្រើស​ជាតិ​ដែល​ជោគជ័យ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ១០០ ឆ្នាំ​នៃ​កម្មវិធី​កំពូល​ជើង​ឯក​បាល់ទាត់​ប្រចាំ​ទ្វីប​អាមេរិក ក្រោយ​ឈ្នះ​ពាន​មួយ​នេះ​ចំនួន ១៦ ដង ដែល​ជា​កំណត់ត្រា​ច្រើន​ជាង​ក្រុម​ណា​ណា​ទាំង​អស់។ ក្រុម​ជម្រើស​ជាតិ​ដែល​ជោគជ័យ​បន្ទាប់​គឺ​អ៊ុយរ៉ាហ្គាយ​ដែល​បាន​ឈ្នះ​កូប៉ា​អាមេរិក​ចំនួន ១៥ ដង៕

អត្ថបទ៖ សេរី មង្គល