បន្ទាប់​ពីតុកកែ​ប្រភេទថ្មី! ឥឡូវប្រទះឃើញ​សត្វកម្រ​មួយទៀតហើយ​នៅខេត្តកំពត

  • 2024-07-16 07:08:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ក្រុមការងារ​របស់​អង្គការអភិរក្ស​សមុទ្រ​កម្ពុជា បានប្រទះឃើញ​វត្តមាន​ជ្រូកទឹក១ក្បាល​មករស់នៅ​ក្នុងដែនសហគមន៍​នេសាទ​ព្រែកត្នោត។

នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ និងទី៥ ខែកក្កដា កន្លងទៅថ្មីនេះ ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជា (MCC)បានប្រទះឃើញវត្តមានជ្រូកទឹក១ក្បាលទៀតបានមករស់នៅក្នុងដែនសហគមន៍នេសាទព្រែកត្នោត។

លោកបានបន្តថា វត្តមានជ្រូកទឹកនេះ ធ្វើឲ្យយើងដឹងថា មជ្ឍដ្ឋានសមុទ្រខេត្តកំពត ពិសេសតំបន់អភិរក្ស និងសហគមន៍នេសាទទាំងអស់ សំបូរធនធាន មានជីវៈចម្រុះច្រើន សំបូរចំណីអាហារ ក្លាយជាទីជម្រកដ៏មានសុវត្ថិភាព សម្រាប់ពពួកសត្វកម្រ សត្វងាយរងគ្រោះ មានដូចជាពពួកជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ និងផ្សោតជាដើម។

លោកនាយខណ្ឌបានបញ្ជាក់ថា បន្ទាប់ពីមានកិច្ចសហការល្អជាមួយអង្គការក្រៅរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យើងបានបង្ក្រាបបទល្មើសជាប្រចាំ និងបានអភិរក្ស ស្មៅសមុទ្រ ផ្កាថ្ម និងការពារព្រៃកោងកាងបានយ៉ាងល្អ ធ្វើឲ្យប្រភេទសត្វកម្រ សត្វងាយរងគ្រោះ បានវិលមករស់នៅតំបន់អភិរក្ស ក្នុងសហគមន៍នេសាទត្រពាំងរពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោនច្រើន ក្នុងរយៈពេលចុងក្រោយនេះ។

ពួកសត្វកម្រ និងងាយរងគ្រោះ មានជ្រូកទឹក អណ្តើកសមុទ្រ ត្រីសេះសមុទ្រ ផ្សោតជាដើមនេះ វារស់នៅតែក្នុងតំបន់ណាដែលមានសុវត្ថិភាព គ្មានការរំខាន់ មានទីជ្រក និងសំបូរចំណីអាហារប៉ុណ្ណោះ ។   ក្រុមការងាររបស់អង្គការអភិរក្សសមុទ្រកម្ពុជាបានបញ្ជាក់ដែរថា មកដល់ថ្ងៃនេះក្រុមការងារនៅមិនទាន់អាចបញ្ជាក់ចំនួនសត្វជ្រូកទឹកក្នុងដែនសមុទ្រខេត្តកំពតបាននៅឡើយទេ រងចាំគម្រោងសិក្សាស្រាវជ្រាវបញ្ចប់នៅឆ្នាំនេះសិន ប៉ុន្តែក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ក្រុមការងារបានប្រទះឃើញជ្រូគទឹកនៅខេត្កកំពត៥លើក នៅតំបន់វាលស្មៅសមុទ្រដែលក្រុមការងារបានទម្លាក់ប្រអប់សិប្បនិមិត្ត ព្រោះចំណីជ្រូកទឹកគឺស្មៅសមុទ្រ។

ខេត្តកំពតមានសហគមន៍នេសាទចំនួន៩កន្លែង មានស្មៅសមុទ្រចំនួន ១១ប្រភេទ លើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា  ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១ ៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។

គួរដឹងដែរថា កាលពីខែមុន ក្រុមអ្នកវិទ្យាសាស្រ្ត​ក៏បានរកឃើញ​តុកកែប្រភេទថ្មី សម្រាប់ប្រទេសកម្ពុជា និងពិភពលោក ពីតំបន់បេតិភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ខេត្តកំពត ផងដែរ។ តុកកែប្រភេទថ្មីត្រូវបានអ្នកវិទ្យាសាស្រ្ត បានដាក់ឈ្មោះថា Cyrtodactylus regicavernicolus ឈ្មោះជាភាសាខ្មែរថា តុកកែភ្នំព្រះគុហារហ្លូង និងឈ្មោះជាភាសាអង់គ្លេសថា Royal Cave Bent-toed Gecko៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពត

អត្ថបទពេញនិយម