រូបភាពប្រឡាយនៅអង្គរបុរី ខេត្តតាកែវ បង្ហាញក្នុងកិច្ចប្រជុំព្រែកជីកហ្វូណនតេជោ
- 2024-07-18 02:23:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពប្រឡាយនៅអង្គរបុរី ខេត្តតាកែវ បង្ហាញក្នុងកិច្ចប្រជុំព្រែកជីកហ្វូណនតេជោ
ចន្លោះមិនឃើញ
រូបភាពប្រឡាយនៅអង្គរបុរី ខេត្តតាកែវ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះបានលើកឡើងអំពីអត្ថប្រយោជន៍នៃការដឹកជញ្ជូនតាមផ្លូវទឹក។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមទឡ្ហីករណ៍ នៃការសិក្សាផលចំណេញប្រៀបធៀបការដឹកជញ្ជូនបានបង្ហាញឱ្យឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹកមានតម្លៃទាបជាងការដឹកជញ្ជូនតាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ទៅ ៥ដង ព្រោះថាការដឹកជញ្ជូនតាមផ្លូវទឹកមានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ អាស្រ័យហេតុនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន។
គួរដឹងថា នៅក្នុងខេត្តតាកែវ មានប្រឡាយមួយខ្សែដែលតភ្ជាប់ពីស្រុកអង្គរបុរី ទៅក្រុងដូនកែវ គឺប្រឡាយលេខ១៥ មានតួនាទីមិនត្រឹមបម្រើឱ្យការងារស្រោចស្រពផ្ទៃដីកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាផ្លូវនាវាចរដ៏សំខាន់សម្រាប់ដឹកកសិផលដែលបងប្អូនប្រជាកសិករផលិតបាន និងជាច្រកផ្លូវទឹកដ៏មានសក្តានុពលសម្រាប់ចរាចរណ៍ដោះដូរទំនិញជាមួយប្រទេសជិតខាងដែលជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
ប្រឡាយលេខ១៥ មានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២០០០ ហិកតា៕