កម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះពីការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកដែលជាការប្រកួតដ៏ធំលើពិភពលោក
- 2024-07-22 03:53:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាទទួលបានប្រយោជន៍អ្វីខ្លះពីការចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកដែលជាការប្រកួតដ៏ធំលើពិភពលោក
ចន្លោះមិនឃើញ
ក្រុមប្រតិភូ គ្រូបង្វឹក អត្តពលិកកម្ពុជា ល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នេះបានចាកចេញពីកម្ពុជាធ្វើដំណើរទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ទីក្រុងប៉ារីស ប្រទេសបារាំងហើយ។
ឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងមុនចាកចេញកាលពីម្សិលមិញនេះថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះជាការប្រកួតធំជាងគេបង្អស់នៃព្រឹត្តិការណ៍កីឡាផ្សេងៗលើពិភពលោក។ ដូច្នេះហើយវាជាក្ដីស្រមៃរបស់កីឡាករ កីឡាការិនី គ្រប់រូបដែលចង់ទៅចូលរួមប្រកួតបំផុតក្នុងព្រឹត្តិការណ៍មួយនេះ។
និយាយពីសារប្រយោជន៍នៃការចូលរួមនេះគឺមានសារសំខាន់ណាស់សម្រាប់កម្ពុជា ទី១ សម្រេចក្ដីស្រមៃរបស់អត្តពលិកកម្ពុជាក៏ដូចជាកីឡាករខ្លួនឯងបានលេងក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ទី២ បង្កើនចំណងមិត្តភាពរវាងអត្តពលិកដែលមកជុំវិញពិភពលោកសម្រាប់ក្រុមអត្តពលិកកម្ពុជាដែលចូលរួមឈានដល់ការអភិវឌ្ឍន៍សមត្ថភាពកីឡារបស់ខ្លួន។
ចំពោះប្រតិភូថ្នាក់ដឹកនាំគឺពង្រីកទំនាក់ទំនងជាមួយបណ្ដាប្រទេសជាច្រើនដែលមកចូលរួមក្នុងគោលបំណងជួយអភិវឌ្ឍន៍លើវិស័យកីឡាគ្នាទៅវិញទៅមក។ មួយវិញតាមរយៈការដង្ហែក្បួនក្នុងពិធីបើកជាការផ្សព្វផ្សាយពីកម្ពុជាដល់បណ្ដាប្រទេស និង NOCC ជាង ២០០ ដែលមកចូលរួមផងដែរ ដូច្នេះវត្តមានរបស់ក្រុមកីឡាកម្ពុជាគឺមានសារសំខាន់។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ លើកទី៣៣ ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៦ ខែកក្ដដា ដល់ ទី១១ ខែសីហា ឆ្នាំ២០២៤។ កម្ពុជាបញ្ជូនអត្តពលិក ៣រូប លើ ២ ប្រភេទកីឡា ទី១ ហែលទឹក (២រូប) និងអត្តពលកម្ម (១រូប)។ ប្រភេទកីឡាហែលទឹករួមមានកីឡាករ កូសុងដឺឡាប រ៉ារ៉ង ឣង់ត្វ័នម៉ាតាំងក្លូឌ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា ចំណែកកីឡាអត្តពលកម្ម គឺកីឡាករ ឈុន ប៊ុនថន។ សម្រាប់ការចាក់ចេញកាលពីម្សិលមិញនេះដឹកនាំដោយឯកឧត្ដម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ ឯកឧត្ដម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំជាច្រើនរូបទៀតផងដែរ៕