ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ប្រារព្ធពិធីអបអរសាទរការហោះហើរជាអន្តរជាតិលើកដំបូងពីភ្នំពេញទៅកូឡាឡាំពួរ
- 2024-08-03 07:14:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia ប្រារព្ធពិធីអបអរសាទរការហោះហើរជាអន្តរជាតិលើកដំបូងពីភ្នំពេញទៅកូឡាឡាំពួរ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia (ជើងហោះហើរលេខ KT) ប្រារព្ធពិធីអបអរសាទរព្រឹត្តិការណ៍ដ៏មហានក្ខត្តឬក្សមួយ ជាមួយនឹងការបើកសម្ពោធដាក់ឱ្យដំណើរការជើងហោះហើរជាអន្តរជាតិលើកដំបូងរបស់ខ្លួន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងកូឡាឡាំពួរ បន្ទាប់ពីបានចាប់ផ្តើមបើកប្រតិបត្តិការត្រឹមតែរយៈពេលបីខែប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍តម្លៃសមរម្យដ៏ថ្មី មួយនៅកម្ពុជា ។
ភ្ញៀវទេសចរដែលធ្វើដំណើរតាមជើងហោះហើរ KT១៦៨ របស់ក្រុមហ៊ុន AirAsia Cambodia ត្រូវបានអបអរសាទរជាមួយនឹងការសម្តែងសិល្បៈដ៏រំភើបអស្ចារ្យនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរ ដើម្បីផ្តល់ជូនអ្នកដំណើរនូវអនុស្សាវរីយ៍នៃការធ្វើដំណើរដែលមិនអាចបំភ្លេចបាន។ ជើងហោះហើរនេះ ចាកចេញនៅវេលាម៉ោង ១២.២៥ នាទីថ្ងៃត្រង់ និងបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ (ស្ថានីយលេខ ២) នៅវេលាម៉ោង ៣.១៥ នាទីល្ងាច (ម៉ោងសាកល GMT +៨) អមជាមួយនឹងការបាញ់ទឹកទទួលស្វាគមន៍នៅពេលអញ្ជើញមកដល់។
ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍មួយរបស់កម្ពុជា និងជាចំណែកមួយនៃអាស៊ាន ការបើកសម្ពោធដាក់ឱ្យដំណើរការនេះប្រព្រឹត្តទៅស្របពេលនឹងការប្រារព្ធពិធីអបអរសាទរទិវាអាស៊ានលើកទី ៥៧ នាខែនេះ។ ការបើកសម្ពោធជើងហោះហើរនេះ គឺជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការពង្រឹងការតភ្ជាប់រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីឱ្យកាន់តែរឹងមាំឡើង។ ជើងហោះហើរប្រចាំសប្តាហ៍ទាំងប្រាំពីរ គឺជាការបំពេញបន្ថែមប្រតិបត្តិការពីរដងក្នុងមួយថ្ងៃរបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia Malaysia និងសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា ខេមបូឌា បានមានប្រសាសន៍ថា “ការទទួលបានអ្នកដំណើរចំនួន ៩៩ ភាគរយនៃចំនួនកៅអីដែលបានដាក់លក់សម្រាប់ការហោះហើរជាអន្តរជាតិរបស់យើងខ្ញុំនាថ្ងៃនេះ គឺជាកត្តាជំរុញលើកទឹកចិត្តយ៉ាងខ្លាំងមួយ។ ចាប់តាំងពីពេលដែលយើងបានចាប់ផ្តើមបើកប្រតិបត្តិការនៅអំឡុងខែឧសភាកន្លងមកនេះ យើងបានធ្វើការហោះហើរដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុកចំនួន ២៥,៨៦១ នាក់ ហើយជាមួយនឹងការបើកផ្លូវហោះហើរជាអន្តរជាតិនេះ យើងមានគោលបំណងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងម៉ាឡេស៊ីមួយកម្រិតបន្ថែមទៀត។
“វិស័យទេសចរណ៍របស់កម្ពុជាបាននិងកំពុងស្ថិតនៅលើវិថីនៃកំណើនដ៏រឹងមាំ ខណៈដែលរាជរដ្ឋាភិបាលបានជំរុញយ៉ាងសកម្មដើម្បីឱ្យប្រទេសនេះក្លាយទៅជាគោលដៅទេសចរណ៍ដ៏ធំមួយ។ គិតត្រឹមឆមាសទីមួយឆ្នាំ ២០២៤ កម្ពុជាបានទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាងបីលាននាក់។ យើងរំពឹងថាការបើកផ្លូវហោះហើរថ្មីរបស់យើងរវាងទីក្រុងភ្នំពេញ នឹងជំរុញឱ្យមានលំហូរចូលនៃភ្ញៀវទេសចរបន្ថែមទៀតរវាងប្រទេសទាំងពីរ។
“ជាផ្នែកមួយនៃសម្ព័ន្ធក្រុមហ៊ុន AirAsia Group យើងខ្ញុំប្តេជ្ញាគាំទ្រដល់គោលដៅអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតជើងហោះហើរត្រង់បន្ថែមទៀតពីគោលដៅទេសចរណ៍ធំៗនៅលើពិភពលោកមកកាន់ប្រទេសកម្ពុជា។ អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក្រុមហ៊ុន Thai AirAsia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់យើងខ្ញុំ បានដាក់ឱ្យអនុវត្តជើងហោះហើរ សៀមរាប-ភូកេត ជាមួយនឹងការហោះហើរបីដងក្នុងមួយសប្តាហ៍ ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៤ ខាងមុខនេះតទៅ។
“លើសពីនេះទៀត តាមរយៈការប្រើប្រាស់សេវាហោះហើរ Fly-Thru ប្រជាជនកម្ពុជាអាចធ្វើដំណើរទៅកាន់គោលដៅថ្ងៃឈប់សម្រាកដ៏គួរឱ្យរំភើបផ្សេងទៀតនៅអាស៊ី។ យើងប្តេជ្ញាថានឹងបើកជើងហោះហើរជាអន្តរជាតិបន្ថែមទៀតនៅទូទាំងតំបន់ក្នុងឆ្នាំនេះ ខណៈដែលកំពុងធ្វើការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គោលដៅ ផ្សេងៗ ដូចជាទីក្រុងសេប៊ូ កោះបាលី និងតំបន់ផ្សេងទៀត ដើម្បីជួយគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
ក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានដើរតួនាទីដ៏សំខាន់មួយក្នុងវិស័យអាកាសចរណ៍របស់ប្រទេសកម្ពុជា ដោយតភ្ជាប់តំបន់រវាងទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ ជាផ្នែកមួយនៃសម្ព័ន្ធ ក្រុមហ៊ុន AirAsia Group បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍នេះបានពង្រីកសេវារហូតទៅដល់ជាង ១៣០ គោលដៅនៅទូទាំងអាស៊ី និងលើសពីនេះ ដោយប្រើប្រាស់មជ្ឈមណ្ឌល កណ្តាល របស់ខ្លួននៅ ទីក្រុងកូឡាឡាំពួរ និងទីក្រុងបាងកក ដើម្បីជួយសម្រួលដល់បទពិសោធន៍នៃការធ្វើដំណើរយ៉ាងរលូនសម្រាប់ភ្ញៀវធ្វើដំណើររបស់ខ្លួន។