កីឡាករ​ម្នាក់​បដិសេធ​មិន​ចូល​លេង​ប្រកួត Super Cup ឲ្យ​ Atlanta

  • 2024-08-08 11:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Teun Koopmeiners បដិសេធ​មិន​ចូល​រួម​ហ្វឹកហាត់ ឬ​លេង​ឲ្យ​ក្លឹប Atlanta ទៀត​ទេ ព្រោះ​ចង់​ផ្ទេរ​ចេញ​ទៅ​ចូល​រួម​ជាមួយ Juventus។ នេះ​បើ​តាម​សម្ដី​របស់​លោក Gian Piero Gasperini អ្នក​ចាត់​ការ​ក្លឹប Atlanta។

លោក Gasperini បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា ក្លឹប និង​កីឡាករ Teun Koopmeiners មិន​មាន​បញ្ហា​នឹង​គ្នា​ឡើយ។ ទើប​តែ​មួយ​សប្ដាហ៍​ចុង​ក្រោយ ដែល Koopmeiners ប្ដូរ​ឥរិយាបថ​មិន​ចូល​រួម​ហ្វឹកហាត់ ឬ​លេង​ឲ្យ​ក្លឹប​ទៀត​ឡើយ ព្រោះ​កីឡាករ​ចង់​ទៅ​ចូល​រួម​ជាមួយ Juventus។ យោង​តាម​ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា Koopmeiners បាន​ព្រមព្រៀង​ជាមួយ Juventus រួច​រាល់​ហើយ ដូច្នេះ​ក្លឹប Atlanta គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​មិន​ប្រើប្រាស់ Koopmeiners ក្នុង​ប្រកួត​ Super Cup ជាមួយ Real Madrid នា​ពេល​ខាង​មុខ។

ជើង​ឯក Europa League ក្លឹប Atlanta ត្រូវ​ប៉ះ​ជាមួយ​ជើង​ឯក Champions League ក្លឹប Real Madrid ក្នុង​កម្មវិធី​ដណ្ដើម​ពាន Super Cup នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ សីហា ឆ្នាំ ២០២៤ ខាង​មុខ វេលា​ម៉ោង ២ ទៀបភ្លឺ​ម៉ោង​នៅ​កម្ពុជា។

Koopmeiners គឺ​ជា​ខ្សែ​បម្រើ​សញ្ជាតិ​ហុល្លង់​វ័យ ២៦ ឆ្នាំ ដែល​កំពុង​លេង​ឲ្យ​ក្លឹប Atlanta តាំង​ពី​ឆ្នាំ ២០២១ មក។ កីឡាករ​គឺ​ជា​ខ្សែ​បម្រើ​បង្គោល​របស់​ក្លឹប និង​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​រដូវ​កាល​មុន ដោយ​លេង​សរុប ៥១ ប្រកួត និង​ស៊ុត​ចូល ១៥ គ្រាប់ ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន Europa League ដោយ​យក​ឈ្នះ​ក្លឹប​ឡើង​ជើង​អាល្លឺម៉ង់ Bayer Leverkusenក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

ការ​ឡើង​ទម្រង់​លេង​របស់​កីឡាករ​នេះ ធ្វើ​ឲ្យ​ខ្សែ​បម្រើ​ក្លាយ​ជា​គោលដៅ​យ៉ាង​សំខាន់​សម្រាប់​ក្លឹប​ធំៗ​ជា​ពិសេស​ក្លឹប Juventus និង​ហង្ស​ក្រហម Liverpool។ តម្លៃ​ផ្ទេរ​របស់​ Koopmeiners គឺ​ប្រមាណ ៥៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ថ្វី​បើ​អ្នក​ចាត់​ការ Atlanta ពោល​បែប​នេះ​ក្ដី យោង​តាម​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ធំៗ ការ​ចរចា​រវាង​ក្លឹប និង​ក្លឹប Juventus ស្ថិត​នៅ​ដំណាក់​កាល​ចាប់​ផ្ដើម​នៅ​ឡើយ មិន​ទាន់​មាន​អ្វី​ព្រមព្រៀង​គ្នា​នៅ​ឡើយ ជា​ពិសេស​រឿង​តម្លៃ​ផ្ទេរ​កីឡាករ Koopmeiners។

គិត​មក​ទល់​ពេល​នេះ Koopmeiners ផ្ទាល់ ក៏​មិន​ទាន់​ចេញ​មុខ​បកស្រាយ​ការ​លើក​ឡើង​របស់​អ្នក​ចាត់​ការ​បច្ចុប្បន្ន​របស់​ខ្លួន​នៅ​ឡើយ៕

ប្រភព៖ The Standard   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី