De Gea ទម្លាយ​ការ​ពិត រឿង​សម្រាក​ពី​បាល់ទាត់​ជិត ១៥ ខែ

  • 2024-08-13 11:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ទី​បំផុត អ្នក​ចាំ​ទី David De Gea បាន​បង្ហើប​ពី​មូល​ហេតុ​ពិត​នៃ​ការ​សម្រាក​ពី​ការ​លេង​បាល់ទាត់​អាជីព​ជិត ១៥ ខែ។ មូលហេតុ​ គឺ​ក្នុង​អំឡុង​ពេល​នោះ De Gea បាន​បាត់បង់​ឆន្ទៈ​ក្នុង​ការ​លេង​បាល់​អាជីព។

De Gea បាន​សម្រាក​ពី​អាជីព​បាល់ទាត់​ប្រមាណ​មួយ​ឆ្នាំ​ជាង​ហើយ ក្រោយ​ចែក​ផ្លូវ​ជាមួយ​បិសាច​ក្រហម កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​មុន បន្ទាប់ពី​កីឡាករ​អេស្ប៉ាញ និង​ក្លឹប​មិន​អាច​ឯកភាព​គ្នា​រឿង​កុងត្រា​ថ្មី​បាន។ អ្នក​ចាំ​ទី​រូប​នេះ មិន​ដែល​ប្រាប់​អ្នក​សារព័ត៌មាន​ទេ​ថា មូលហេតុ​អី​បាន​រូប​គេ​សម្រាក​បែប​នេះ ហើយ​មិន​ចូល​រួម​ជាមួយ​ក្លឹប​ដទៃ។

កាល​ពី​ដើម​សប្ដាហ៍​នេះ កីឡាករ​បាន​ត្រលប់​លេង​បាល់​អាជីព​វិញ បន្ទាប់​ពី​បាន​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ​ក្លឹប​អ៊ីតាលី Florentina។

ក្រោយ​ចូល​រួម​ជាមួយ​ក្លឹប​ថ្មី កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​វ័យ ៣៣ ឆ្នាំ​រូប​នេះ បាន​បង្ហើប​ជា​សាធារណៈ មូល​ហេតុ​ដែល​រូប​គេ​សម្រាក​ពី​បាល់ទាត់​ជាង​មួយ​ឆ្នាំ​នេះ គឺ​ដោយ​សារ​រូប​គេ​បាន​បាត់​បង់​ឆន្ទៈ​ក្នុង​ការ​លេង​បាល់ទាត់​អាជីព បន្ទាប់​ពី​ចំណាយ​ពេល​ដល់​ ១២ ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​ Manchester United។ ទើប​តែ​ឥឡូវ​ឆន្ទៈ​នេះ ត្រលប់​មក​វិញ ព្រោះ​រូប​គេ​មាន​ឱកាស​មក​ចូល​រួម​ក្លឹប Florentina។

De Gea គឺ​ជា​វីរបុរស​ដ៏​ស្មោះស្ម័គ្រ​របស់​ក្លឹប​បិសាច​ក្រហម។ កីឡាករ​បាន​ចំណាយ​ពេល ១២ រដូវ​កាល​នៅ​ជាមួយ​ក្លឹប​ពី ឆ្នាំ ២០១១ ដល់ ២០២៣ ហើយ​ជួយ​ក្លឹប​ក្នុង​ដំណាក់​កាល​លំបាក​ជាច្រើន ជា​ពិសេស​នៅ​ពេល​ក្លឹប​ធ្លាក់​ទម្រង់​លេង​ជា​គំហុក ក្រោយ​ការ​ចូល​និវត្តន៍​របស់​អតីត​អ្នក​ចាត់​ការ Alex Ferguson កាល​ពី​ពាក់កណ្ដាល​ឆ្នាំ ២០១៣ មក។ កីឡាករ​លេង​សរុប ៥៤៥ ប្រកួត​ឲ្យ​ក្លឹប។

De Gea ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ​សញ្ជាតិ​កាមេរ៉ូន Andre Onana ក្នុង​នាម​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​របស់​ក្លឹប។ មុន​មក​លេង​ឲ្យ​បិសាច​ក្រហម Onana ចំណាយ​ពេល​មួយ​រដូវ​កាល​នៅ Inter Milan និង ៦ រដូវ​កាល​នៅ​ហុល្លង់​ជាមួយ​ក្លឹប Ajax៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី