គ្រូ​ថ្មី​ Chelsea ឆ្លើយ​យ៉ាង​ខ្លី​ពី​អនាគត​របស់ Sterling

  • 2024-08-19 12:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនាគត​របស់​ខ្សែ​ស្លាប Raheem Sterling ស្ថិត​ក្នុង​សភាព​មិន​ច្បាស់​លាស់​ក្រោម​អ្នក​ចាត់​ការ​ថ្មី​ក្លឹប Chelsea លោក Enzo Maresca។

នៅ​ពេល​សួរ​ដោយ​អ្នក​សារព័ត៌មាន​ថា​លោក​បន្ត​ត្រូវ​ការ Sterling ឬ​អត់​ នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ លោក Maresca បាន​និយាយ​ប្រាប់​វិញ​យ៉ាង​ខ្លី​ថា លោក​ចង់​បន្ត​ទុក​កីឡាករ​ទាំង​ជាង ៣០ រូប​របស់ Chelsea។ ទោះ​ជា​យ៉ាង​ណា ជាក់​ស្ដែង​កន្លែង​បង្គោល​ៗ​ក្នុង​ក្រុម​គឺ​មាន​កម្រិត ហើយ​មិន​អាច​សម្រប​សម្រាប់​មនុស្ស​ដល់​ទៅ ៣០ រូប​នោះ​បាន​ទេ។ កីឡាករ​ខ្លះ ត្រូវ​ចាក​ចេញ។

Maresca ឆ្លើប​ដូច្នេះ ក្រោយ​លោក​សម្រេច​មិន​ដាក់​ឈ្មោះ Sterling ក្នុង​បញ្ជី​កីឡាករ​ Chelsea ត្រូវ​លេង​ជាមួយ​ក្លឹប Manchester City។ ក្នុង​ការ​ប្រកួត​នោះ តោ​ខៀវ បាន​ចាញ់ Man City ក្នុង​លទ្ធផល ២ ទល់​នឹង ០ ក្នុង​ដី​របស់​ខ្លួន។

ក្រោយ​ទទួល​បាន​ដំណឺង​ថា​រូប​គេ​មិន​មាន​ឈ្មោះ​ក្នុង​ក្រុម Sterling ត្រូវ​បាន​ Sky Sports រាយ​ការណ៍​ថា​សួរ​លោក Maresca ភ្លាម​អំពី​សេចក្ដី​សម្រេច​ចិត្ត​របស់​លោក។ មិន​ទាន់​មាន​ការ​រាយការណ៍​ណា​ថា គ្រូ​ចាត់​ការ Chelsea ឆ្លើយ​យ៉ាង​ម៉េច​ទៅ Sterling នោះ​ទេ​ គិត​មក​ទល់​ពេល​នេះ។

កីឡាករ​វ័យ ២៩ ឆ្នាំ​សញ្ជាតិ​អង់គ្លេស Sterling បាន​មក​ចូល​រួម​ជាមួយ​តោ​ខៀវ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០២២ ក្នុង​តម្លៃ​ផ្ទេរ​ជិត ៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្លឹប Manchester City។ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino កីឡាករ​បាន​ក្លាយ​ជា​ខ្សែ​ស្លាប​សំខាន់​មួយ​រូប​របស់​ក្លឹប។ ទោះ​ជា​យ៉ាង​ណា លោក Pochettino បាន​ចែក​ផ្លូវ​ជាមួយ Chelsea កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ ដោយ​មាន​បញ្ហា​ទាក់ទង​នឹង​ទិសដៅ​ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ជាមួយ​ម្ចាស់​ក្លឹប​តោខៀវ។ លោក​​ត្រូវ​បាន​ជំនួស​ដោយ​អតីត​អ្នក​ចាត់​ការ​ក្លឹប Leicester City លោក Enzo Maresca។ លោក Maresca ចុះ​កុងត្រា​រយៈ​ពេល​វែង ៥ ឆ្នាំ​ជាមួយ​ក្លឹប។

លោក Maresca ជា​អ្នក​ចាត់​ការ​ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​កីឡាករ​ក្មេង​ៗ​​ជា​ធំ។ ហេតុ​នេះ​ហើយ អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា លោក​អាច​នឹង​ផ្ទេរ​ចេញ​កីឡាករ​មួយ​ចំនួន​ដូច​ជា Sterling ចេញ ដើម្បី​បើក​ផ្លូវ​ឲ្យ​កីឡាករ​ក្មេងៗ​បាន​ឱកាស​លេង​ច្រើន​ជាង​មុន ដែល​ស្រប​នឹង​ទិសដៅ និង​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង​របស់​ក្លឹប៕

ប្រភព៖ Sky Sports   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី