Arsenal កំពុងតាមដានស្ថានភាព Sterling

  • 2024-08-30 13:30:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Arsenal កំពុងពិចារណាក្នុងការផ្ទេរយកកីឡាករ Raheem Sterling ពីក្លឹបតោខៀវ Chelsea។

យោងតាមការចុះផ្សាយសារព័ត៌មានធំៗនៅអង់គ្លេស បានឲ្យដឹងថា ក្លឹបកាំភ្លើងធំកំពុងពិភាក្សាផ្ទៃក្នុង ដើម្បីពិនិត្យលទ្ធភាពផ្ទេរយក Sterling។ ក្លឹបកំពុងតាមដានស្ដានភាពរបស់ខ្សែស្លាបអង់គ្លេសរូបនេះនៅ Chelsea។

យ៉ាងនេះក្ដី គិតមកទល់ពេលនេះ កាំភ្លើងធំមិនទាន់ដាក់សំណើផ្ទេរជាផ្លូវការទៅ Chelsea នៅឡើយ។

ដំណឹងនេះកើតឡើងក្រោយអ្នកចាត់ការថ្មី Chelsea លោក Enzo Maresca បានបង្ហាញសញ្ញាច្បាស់ៗ ថាលោកមិនត្រូវការ Sterling ឡើយ។ តាំង​ពីចាប់ផ្ដើមរដូវកាល Premier League លោក Maresca មិនដែលដាក់ឈ្មោះ Sterling ក្នុងក្រុម​តោខៀវ។

កីឡាករ​វ័យ ២៩ ឆ្នាំ​សញ្ជាតិ​អង់គ្លេស Sterling បាន​មក​ចូល​រួម​ជាមួយ​តោ​ខៀវ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០២២ ក្នុង​តម្លៃ​ផ្ទេរ​ជិត ៦០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្លឹប Manchester City។ ជា​ពិសេស​ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino កីឡាករ​បាន​ក្លាយ​ជា​ខ្សែ​ស្លាប​សំខាន់​មួយ​រូប​របស់​ក្លឹប។ ទោះ​ជា​យ៉ាង​ណា លោក Pochettino បាន​ចែក​ផ្លូវ​ជាមួយ Chelsea កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២៤ កន្លង​ទៅ ដោយ​មាន​បញ្ហា​ទាក់ទង​នឹង​ទិសដៅ​ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ជាមួយ​ម្ចាស់​ក្លឹប​តោខៀវ។ លោក​​ត្រូវ​បាន​ជំនួស​ដោយ​អតីត​អ្នក​ចាត់​ការ​ក្លឹប Leicester City លោក Enzo Maresca។ លោក Maresca ចុះ​កុងត្រា​រយៈ​ពេល​វែង ៥ ឆ្នាំ​ជាមួយ​ក្លឹប។

លោក Maresca ជា​អ្នក​ចាត់​ការ​ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ​កីឡាករ​ក្មេង​ៗ​​ជា​ធំ។ ហេតុ​នេះ​ហើយ អ្នក​វិភាគ​ខ្លះ​លើក​ឡើង​ថា លោក​អាច​នឹង​ផ្ទេរ​ចេញ​កីឡាករ​មួយ​ចំនួន​ដូច​ជា Sterling ចេញ ដើម្បី​បើក​ផ្លូវ​ឲ្យ​កីឡាករ​ក្មេងៗ​បាន​ឱកាស​លេង​ច្រើន​ជាង​មុន ដែល​ស្រប​នឹង​ទិសដៅ និង​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង​របស់​ក្លឹប៕

ប្រភព៖ BBC   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី