Arteta ត​កុងត្រា​ថ្មី​ជាមួយ​ Arsenal

  • 2024-09-12 13:06:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Arsenal លោក Mikel Arteta បាន​ចុះ​ហត្ថលេខា​ត​កុងត្រា​ថ្មី​ជាមួយ​ក្លឹប។

កុងត្រា​ថ្មី​របស់​អ្នក​ចាត់​ការ​វ័យ ៤២ ឆ្នាំ រូប​នេះ នឹង​មាន​សុពលភាព​រហូត​ដល់​ពាក់កណ្ដាល​ឆ្នាំ ២០២៧។ ថ្លែង​ក្រោយ​ចុះ​ហត្ថលេខា លោក Arteta បាន​សម្ដែង​អារម្មណ៍​រីករាយ​ដែល​បាន​ត​កុងត្រា​ថ្មី ហើយ​បាន​ថ្លែង​អំណរគុណ​ដល់​កីឡាករ បុគ្គលិក និង​អ្នក​គាំទ្រ​ Arsenal ដែល​តែង​តែ​ជួយ​ជ្រោមជ្រែង​លោក​កន្លង​មក។ លោក​បន្ត​ទៀត​ថា នឹង​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ជួយ​ក្លឹប​ទទួល​បាន​ជោគជ័យ​ថ្មីៗ​បន្ថែម​ទៀត។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា​ ក្លឹប Arsenal បាន​តំឡើង​ប្រាក់​ឈ្នួល​ជា​ច្រើន​ឲ្យ Arteta ក្នុង​កុងត្រា​ថ្មី​នេះ ច្រើន​ជាង​ប្រាក់​ឈ្នួល​ចាស់​របស់​លោក​ដែល​មាន​ទំហំ​ប្រមាណ ១២ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយ​ឆ្នាំ។ យ៉ាង​នេះ​ក្ដី ប្រភព​ដដែល មិន​អាច​អះអាង​ថា​ប្រាក់​ឈ្នួល​ថ្មី​របស់​លោក មាន​ចំនួន​ប៉ុន្មាន​ឲ្យ​ប្រាកដ​នោះ​ទេ។

លោក Arteta បាន​មក​ចូល​រួម​ដឹកនាំ​ Arsenal ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០១៩។ គិត​មក​ទល់​ពេល​នេះ លោក​ដឹកនាំ​សរុប ២៣៥ ប្រកួត ឈ្នះ ១៣៩ លើក ស្មើ ៣៩ ដង និង​ចាញ់​សរុប ៥៧ ប្រកួត។ កាល​ពី​ដឹកនាំ​ក្លឹប​បី​ឆ្នាំ​ដំបូង លោក​បាន​ជួប​បញ្ហា​ជា​ច្រើន ជាពិសេស​ទាក់ទង​ទម្រង់​លេង​របស់​ក្រុម និង​បញ្ហា​របួស​កីឡាករ​ជា​ដើម។ កាល​ពី​ពេល​នោះ មាន​ពេល​ខ្លះ លោក​ត្រូវ​បាន​អ្នក​គាំទ្រ​ក្លឹប​ស្នើ​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា ចាប់​ពី​រដូវ​កាល ២០២២/២០២៣ មក ក្រោម​ការ​ដឹកនាំ​របស់ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញArteta ក្លឹប​កាំភ្លើង​ធំ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ និង​មាន​សមត្ថភាព​ប្រកៀក​ប្រកិត​ប្រជែង​ពាន​លីគ​កំពូល​អង់គ្លេស។ ទោះ​មិន​បាន​ជោគជ័យ​ទាំង​ពីរ​លើក ដោយ​បាន​ត្រឹម​ជើង​ឯក​រង​ ក្លឹប​ Arsenal បាន​បង្ហាញ​ទម្រង់​លេង​ខ្លាំង​ ពេល​លេង​ប្រកួតៗ​ជា​ច្រើន​នា​ពីរ​រដូវ​កាល​កន្លង​មក​នេះ។ នា​ដើម​រដូវ​កាល​ថ្មី ២០២៤/២០២៥ ទម្រង់​លេង​នេះ​ហាក់​នៅ​បន្ត។

តើ​ Arsenal ក្រោម​ការ​ដឹកនាំ​របស់​លោក Arteta នឹង​ឈ្នះ​ពាន​លីគ​កំពូល​អង់គ្លេស​ឬ​ទេ?៕

ប្រភព៖ arsenal | ESPN   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី