ថ្នាក់ដឹកនាំ Bayern ពន្យល់មូលហេតុក្លឹបលក់ De Ligt
- 2024-09-16 14:24:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នាក់ដឹកនាំ Bayern ពន្យល់មូលហេតុក្លឹបលក់ De Ligt
ចន្លោះមិនឃើញ
លោក Maximilian Michael Eberl នាយកចាត់ការទទួលកិច្ចការកីឡានៃក្លឹប Bayern Munich បានបកស្រាយអំពីមូលហេតុនៃការសម្រេចចិត្តរបស់ក្លឹបក្នុងការផ្ទេរចេញកីឡាករការពារវ័យ ២៥ ឆ្នាំ Matthijs de Ligt កាលពីទីផ្សារដោះដូរកន្លងទៅ។ នេះបើទោះជាមានញត្តិមួយចំនួនពីអ្នកគាំទ្រក្លឹបទាមទារឲ្យក្លឹបកុំឲ្យលក់កីឡាកររូបនេះ។
លោក Eberl បានបកស្រាយថា នាអំឡុងពេលដោះដូរកន្លងទៅ ក្លឹប Bayern មានការចាំបាច់ក្នុងការផ្ទេរចេញកីឡាករ ដោយមូលហេតុហិរញ្ញវត្ថុ។ ដូច្នេះ ក្លឹបត្រូវការសម្រេចចិត្តមួយរឿងថាត្រូវទុកកីឡាករណា ហើយផ្ទេរចេញកីឡាកររូបណា។ ក្រោយគិតគូររួចមក ក្នុងតំបន់ការពារ ក្លឹបក៏បានសម្រេចចិត្តថា ត្រូវទុកកីឡាករ Dayot Upamecano និងកីឡាករ Kim Min-jae ព្រោះពួកគេបង្ហាញទម្រង់លេងល្អក្នុងការលេងការពារជាពិសេសនៅតំបន់ភាគីគូប្រកួត។ ក្លឹបក៏សម្រេចថា ត្រូវផ្ទេរ De Ligt ចេញ។ នៅពេលនោះ ក្លឹប Manchester United ក៏បានដាក់សំណើផ្ទេរមក រួចក៏ចរចាគ្នា រួចក៏ត្រូវគ្នាគ្រប់ភាគីពាក់ព័ន្ធទាំងឡាយ។ លោក Eberl បន្ថែម។
De Ligt បានមកចូលរួមជាមួយ Manchester United កាលពីខែសីហាកន្លងទៅ ក្នុងតម្លៃផ្ទេរប្រមាណ ៥៥ លានដុល្លារសហរដ្ឋអាមេរិក។
De Ligt ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនវាយតម្លៃថាគឺជាកីឡាករការពារវ័យក្មេងដ៏ឆ្នើមមួយរូប។ មុនមកលេងឲ្យបិសាចក្រហម De Ligt បានលេងនៅ Bayern ចំនួន ២ រដូវកាល ពីឆ្នាំ ២០២២ ដល់ ២០២៤។ កីឡាករលេងសរុប ៧៣ ប្រកួត និងស៊ុតចូល ៥ គ្រាប់។ ពី ២០១៩ ដល់ ២០២២ កីឡាករហុល្លង់លេងឲ្យ Juventus បន្ទាប់ពីលេងបានបីរដូវកាលឲ្យឈុតធំ Ajax៕