Bayern ពេញ​ចិត្ត​នឹង​ទម្រង់​លេង​កីឡាករ​ទើប​នាំ​ចូល​ថ្មី

  • 2024-09-19 14:48:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich ពេញ​ចិត្ត​នឹង​ទម្រង់​លេង​របស់​ខ្សែ​បម្រើ​ប្រយុទ្ធ Michael Olise។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ថ្នាក់​ដឹកនាំ និង​ក្រុមការងារ​របស់​ក្លឹប​យក្ស​អាល្លឺម៉ង់​កំពុង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​លើ​ទម្រង់​លេង​របស់​ Olise។ មិន​ត្រឹម​តែ Olise ស៊ុត​ចូល​ទី​ហើយ​បង្កើត​លទ្ធផល​ភ្លាមៗ​នោះ​ទេ លើស​ពី​នេះ កីឡាករ​បាន​ចូល​រួម​បង្កើន​ឥទ្ធិពល​វិជ្ជមាន​ក្នុង​ការ​ជួយ​ពង្រឹង និង​សម្រួច​ទម្រង់​លេង​របស់​ក្រុម។ កីឡាករ​ពិត​ជា​ស័ក្ដិសម​ទៅ​នឹង​តម្លៃ​ផ្ទេរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រភព​ដដែល។

កាល​ពី​ខែ​កក្កដា ឆ្នាំ ២០២៤ កន្លង​ទៅ ក្លឹប Bayern Munich បាន​ធ្វើ​ការ​ផ្ទេរ​យក​ខ្សែ​បម្រើ​ប្រយុទ្ធ​បារាំង​វ័យ ២២ ឆ្នាំ Michael Olise ពី​ក្លឹប​អង់គ្លេស Crystal Palace ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៦៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។ មុន​មក​លេង​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់ កីឡាករ Olise បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ឲ្យ​ Palace ដោយ​លេង​សរុប ៩០ ប្រកួត និង​ស៊ុត​ចូល ១៦ គ្រាប់ នា​រយៈ​ពេល​បី​រដូវ​កាល​ចុង​ក្រោយ។

មក​ Bayern ភ្លាម កីឡាករ​រូប​នេះ​នៅ​តែ​បង្ហាញ​ទម្រង់​លេង​ល្អ។ គិត​មក​ទល់​ពេល​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​បារាំង​លេង​សរុប ៥ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់៕

ប្រភព៖ Twitter   អត្ថបទ៖ សេរី មង្គល