មហោស្រពភាពយន្តខ្លីចតុមុខ ២០២៤ បានរៀបចំកម្មវិធីកម្មវិធីសន្និសីទសារព័ត៌មានមុននឹងចាប់ផ្តើមដំណើរការការចាក់បញ្ចាំងភាពយន្តនាពេលដ៏ខ្លីខាងមុខ

  • 2024-10-22 03:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោសព្រភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival / CSFF) បានរៀបចំកម្មវិធីសំខាន់ មួយមុននឹងចាប់ផ្តើមដំណើរការការចាក់បញ្ចាំង ក្នុងជំនាន់ទី១៣នេះ គឺ កម្មវិធីសន្និសីទ សារព័ត៌មាន អំពី មហោស្រពរបស់ខ្លួនកាលពីថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤​ នៅរោងភាពយន្ត Fable Cinema។

កម្មវិធីនេះមានការចូលរួមយ៉ាងកុះករពីសំណាក់អ្នកសារព័ត៌មាន សមិទ្ធករ ភ្ញៀវកិត្តិយស និងវត្តមានពិសេស របស់

ការរៀបចំឡើងនូវសន្និសីទសារព័ត៌មាននេះគឺក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានទូលំទូលាយទៅកាន់ សាធារណជន ឲ្យបានដឹងពីចក្ខុវិស័យរបស់មហោស្រព និងព័ត៌មានអំពីការចាក់បញ្ចាំង ភាពយន្តដើម្បីអញ្ជើញ ទស្សនិកជនឲ្យមកចូលរួមទស្សនាក៏នូវភាពយន្តខ្លីរបស់ខ្មែរ និង បរទេសឲ្យបានច្រើនកុះករផងដែរ។

លោក ថន រតនា បានមានប្រសាសន៍ថា៖ «តាំងនាមឱ្យក្រុមភាពយន្តឈូករ័ត្ន ជាអ្នករៀបចំមហោស្រព យើងខ្ញុំពិតជា រីករាយក្នុងការបង្ហាញជូនដល់សមិទ្ធករ និងទស្សនិកជន នូវស្នាដៃថ្មីពីក្រុមយើងខ្ញុំ និងសមិទ្ធករផ្សេងទៀត តាមរយៈ មហោស្រពយើងឆ្នាំនេះ។ មិនថាសមិទ្ធករមកពីសាវតាណាទេ ពួកគាត់អាចចូលរួមប្រកួត និងបង្ហាញស្នាដៃរបស់ ពួកគាត់ បានជាផ្លូវការ ជាជាងការផុស្តផ្សាយទូទៅ តាមប្រព័ន្ធសង្គម។»

លោក ស៊ុំ ស៊ីថែន បានលើកឡើងថា៖ «ឆ្នាំនេះ មហោស្រពទទួលបានភាពយន្តខ្លីសរុបចំនួន ២៥៩ ចំណងជើង តែសម្រាំងយកតែ ៥៧រឿង ដើម្បីប្រកួត និងចាក់បង្ហាញ ដល់ទស្សនិកជន។ ក្នុងនោះ រឿងក្នុងស្រុកសម្រាប់ប្រកួត មានចំនួន ៥រឿង និងរឿងបរទេស សម្រាប់ប្រកួតមានចំនួន ៩រឿង ដោយមាការដាក់ពិន្ទុពីគណៈមេប្រយោគ២ក្រុម ផ្សេងៗគ្នា ដោយមួយផ្តោត លើភាពយន្តខ្លីខ្មែរ និងមួយទៀតផ្តោតលើភាពយន្តបរទេស។ ដោយឡែក ដូចឆ្នាំមុនៗ ទស្សនិកជន ក៏អាចបោះឆ្នោត ដល់រឿងដែលខ្លួនស្រឡាញ មិនថាខ្មែរ ឬបរទេស បន្ទាប់ពីទស្សនារួចនៅតាម រោងភាពយន្តដៃគូ។»

ប្រធានមហោស្រពរូបនេះ ក៏បន្ថែមថា៖ «កម្មវិធីបើកឆ្នាំនេះ នឹងមានការសម្តែងពិសេសមួយពី «សាលាសិល្បៈ សម្តែង» ក៏ដូចជារំលេចនូវឈុតពិសេសពីភាពយន្តខ្នាតវែងបែបរន្ធត់ រឿង «អ្នកស្នងអាគារ» ដែលសហដឹកនាំដោយ លោក នេត ឥន្ទនរាសុទ្ធីដ្ឋេព ដែលជាជ័យលាភីពីមហោស្រព២ដង គឺឆ្នាំ២០១៧ និងឆ្នាំ២០១៩។ ការចាក់បង្ហាញនេះ ចង់សរបញ្ជាក់ថា យុវសមិទ្ធករយើងពិតជាទទួលបានឱកាសអភិវឌ្ឍស្នាដៃរបស់ខ្លួន តាមរយៈវេទិការបស់មហោស្រព ដោយផ្សារភ្ជាប់ជាមួយវិនិយោគិន និងភាគីពាក់ព័ន្ធនានាក្នុងវិស័យភាពយន្ត។ ចំណែក កម្មវិធីបិទ នឹងលើកបង្ហាញពី ការវិវិត្តរបស់មហោស្រព តាមរយៈវីដេអូ និងរូបសញ្ញា ក៏ដូចជាប្រកាសជ័យលាភីប្រចាំឆ្នាំ២០២៤ ទាំង៧ប្រភេទ។»

រីឯ អ្នកស្រី ឡាវ ផានី បានសម្តែងចំណាប់អារម្មណ៍ថា៖ «តំណាងរោងភាពយន្ត និងដៃគូនានា យើងជឿជាក់ថា មហោស្រពភាពយន្តខ្លីចតុមុខ ពិតជាថ្នាលបណ្តុះសមិទ្ធករជំនាន់ថ្មី នៅកម្ពុជា ដោយសាររោងភាពយន្តត្រូវការ ថ្វីដៃថ្មី ដើម្បីបំពេញអារម្មណ៍ដល់ទស្សនិកជន។ ហើយការផ្តល់ទីតាំងរៀបកម្មវិធីលើកនេះ និងចាក់បញ្ចាំង ជាសុឆន្ទៈ របស់ Fable Cinema ក្នុងការជួយជ្រោមជ្រែងសហគមន៍ភាពយន្តយើង។»

សម្រាប់លោក Haruki Tanaka តំណាងម្ចាស់ជំនួយដល់មហោស្រព៖ «មូលនិធិជប៉ុន តែងយកចិត្តទុកដាក់ដល់ កម្មវិធីដោះដូរវប្បធម៌ រវាងជប៉ុន និងកម្ពុជា។ ដូច្នេះ យើងខ្ញុំពិតមានមោទនភាពក្នុងការជ្រោមជ្រែងដល់ស្មារតីលើក ស្ទួយវិស័យភាពយន្ត របស់មហោស្រពភាពយន្តខ្លីចតុមុខ ដោយមហោស្រពនេះបានគិតគូរដល់ការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជា ជាពិសេសផ្នែកសិល្បៈ និងភាពយន្ត។»

ក្រៅពីនោះ លោក ជៀប សុវិជ្ជា បានចាប់អាម្មណ៍ថា៖ «ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ និងនាយកដ្ឋានភាពយន្ត តែងគាំទ្រដល់កម្មវិធី ឬមហោស្រពភាពយន្ត ដែលផ្តល់ឱកាសដល់យុវជនយើងឱ្យអភិវឌ្ឍខ្លួន ក្នុងអាជីពរបស់ខ្លួន។ ហើយដើម្បីឈានដល់កម្រិតអាជីព និងកិត្យានុភាពទៅមុខ ប្អូនៗគួរចាប់ផ្តើមប្រឡូកក្នុងវិស័យភាពយន្ត ដោយចាប់ ផ្តល់ការផលិតភាពយន្តខ្លី ឱ្យបាន៣រឿង ដើម្បីជាចន្ទល់ និងស្ពានដល់ស្នាដៃដទៃទៀត ជាពិសេសភាពយន្តខ្នាត វែង។»

មហោស្រពភាពយន្តខ្លីចតុមុខរបស់យើង នឹងរៀបចំឡើងទៅ ពីថ្ងៃទី២៥ ដល់ទី២៨ ខែតុលាឆ្នាំនេះ រយៈពេលសរុប មានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើកនិងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្ត យុវសមិទ្ធករ និងចង់មានចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស អាចសាធារណៈជនអាចមកចូលរួមទស្សនារាល់រឿងខ្លី ជាប់ជម្រើសទាំងអស់ នៅតាមរោង ភាពយន្ត ដូចជា Legend Cinema - Olympia Mall, Fable Cinema, Major Cineplex - Sorya, Cine Hub, Workspace 2/Factory Phnom Penh។

អត្ថបទថ្មី