មរតក​ក្បាច់​គុន​ខ្មែរ​ នឹង​បង្ហាញ​ខ្លួន​នៅ​ទឹក​ដី​នៃ​ដើម​កំណើត​កីឡា​អូឡាំពិក​ដំបូង​គឺ​ប្រទេស​ក្រិក​ ថ្ងៃ​ទី២៤​ វិច្ឆិកា​ ២០២៤​

  • 2024-11-20 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ នឹង​ដឹកនាំ​ក្រុម​កីឡាករ​ កីឡា​ការិនី​គុន​ខ្មែរ​ ៨រូប​ទៅ​ប្រកួត​បង្ហាញ​មរតក​ក្បាច់​គុន​ខ្មែរ​នៅ​លើ​ទឹកដី​ នៃ​ដើម​កំណើត​កីឡា​អូឡាំពិក​ដំបូង​គេ​គឺ​ប្រទេស​ក្រិក​ នៅ​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤។​

រូបភាពផេកសហព័ន្ធប្រដាល់គុនខ្មែរ

ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​នៅ​ប្រទេស​ក្រិក​នេះ​ជា​លក្ខណៈ​ទ្រុងទ្រាយ​ធំ​សម្រាប់​សហព័ន្ធ​សម្រាប់​គុន​ខ្មែរ​តែ​ម្ដង។​ មាន​កីឡាករ​ឆ្នើមៗ​ ៨​រូប​ គ្រូ​បង្វឹក​ ចៅក្រម​ រួម​ទាំង​ក្រុម​ភ្លេង​ផង​ដែរ​ ដូច្នេះ​ហើយ​នេះ​ជា​ការ​បង្ហាញ​មួយ​ដ៏​សំខាន់​ទៅ​ដល់​ពិភពលោក និង​ជាពិសេស​ប្រទេស​ចំណាស់​មាន​ប្រវត្តិ​ក្បាច់​គុន​រួម​ទាំង​ជា​ប្រទេស​ នៃ​ដើម​កំណើត​កីឡា​អូឡាំពិក​ទៀត​ផង។​

រូបភាពផេកសហព័ន្ធប្រដាល់គុនខ្មែរ

ថ្នាក់​ដឹកនាំ​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​កម្ពុជា​មាន​ប្រវត្តិ​ក្បាច់​គុន​ចំណាស់​ និង​ជា​យូរលង់​មក​ហើយ​ទើប​មាន​ការ​ចាប់​អារម្មណ៍​ និង​ចង់​ឲ្យ​កម្ពុជា​បង្ហាញ​សិល្បៈ​ក្បាច់​គុន​ដល់​ប្រទេស​ខ្លួន​ទើប​មាន​ការ​អញ្ជើញ​ឲ្យ​រៀបចំ​ជា​ការ​ប្រកួត​នេះ​ឡើង។​ ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ និង​ជា​ការសហការ​រឹតចំណង​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ក្រិក​ផង។​ ការ​ប្រកួត​នេះ​ជា​គឺ​ជា​ការ​បង្ហាញ​នូវ​សិល្បៈ​ក្បាច់​គុន​ខ្មែរ​ដ៏​ល្អ​ផូរផង់​ផង​ និង​ជា​ការ​បោះជំហាន​ទៅ​ដល់​ការ​បង្ហាត់បង្រៀន​គុន​ខ្មែរ​នៅ​ទីនោះ​ផង។​

រូបភាពផេកសហព័ន្ធប្រដាល់គុនខ្មែរ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​កាល​ពី​រសៀល​ថ្ងៃ​ទី១៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​បាន​ធ្វើ​សន្និសីទ​ប្រកាស​ជា​ផ្លូវ​ការ​ពី​ការ​ត្រៀម​ចេញ​ទៅ​ប្រកួត​គុន​ខ្មែរ​នៅ​ប្រទេស​ក្រិក។​ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​ ដោយ​ក្នុង​នោះ​មាន​ជា​ការ​ដណ្ដើម​ខ្សែក្រវាត់​ផង​ និង​ពាន​ផង​ដែរ។​ ជើង​ខ្លាំង​ដែល​នឹង​ត្រូវ​ទៅ​ប្រទេស​ក្រិក​នោះ​រួម​មាន​ ធន់​ រិទ្ធី​ គឹម​ វាសនា​ លន​ បញ្ញា​ ស៊ន​ រ៉ាគីម​ ឡុង​ សុវណ្ណឌឿន​ ធន់​ ស៊ីហុង​ គង់​ សំបូរ​ និង​កីឡា​ការិនី​ ធន់​ ស្រីពេញ។​ ការ​ប្រកួត​នេះ​នឹង​មាន​ផ្សាយ​បន្ត​លើ​ហ្វេសបុក​ផេក​ ទទក៕​

រូបភាពផេកសហព័ន្ធប្រដាល់គុនខ្មែរ

អត្ថបទ៖ នួន ស៊ីណា​