រយ:ពេល៣ថ្ងៃ បុណ្យភូមិមានជើងបាននាំមនុស្ស១ម៉ឺន៥ពាន់នាក់ ទៅកាន់តំបន់ច្រើនកន្លែង និង យល់ដឹងពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
- 2024-11-27 07:23:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយ:ពេល៣ថ្ងៃ បុណ្យភូមិមានជើងបាននាំមនុស្ស១ម៉ឺន៥ពាន់នាក់ ទៅកាន់តំបន់ច្រើនកន្លែង និង យល់ដឹងពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
ចន្លោះមិនឃើញ
រយ:ពេលបីថ្ងៃនៃមហោស្រពសិល្ប: បុណ្យភូមិមានជើងនៅខេត្តមណ្ឌលគិរីបានបញ្ចប់ទៅយ៉ាងរលូនដោយមានអ្នកចូលរួមលេងកម្សាន្តរហូតដល់ទៅ១ម៉ឺន៥ពាន់នាក់ ដោយបានស្វែងយល់ពីវប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច ចូលរួមលេងល្បែងកំសាន្ត ភ្លក់ម្ហូបឆ្ងាញ់របស់ជនជាតិដើម ព្រមទាំងទស្សនាតំបន់ទេសចរណ៍នៅខេត្តមណ្ឌលគិរី។
លក្ខណ:ពិសេសនៃមហោស្រពសិល្ប:បុណ្យភូមិមានជើង បានចែកកាលវិភាគកម្សាន្តទៅតាមទីតាំងផ្សេងៗនៅក្នុង ខេត្តមណ្ឌលគិរី ដែលជាកត្តាមួយធ្វើអោយអ្នកមកលេងបុណ្យភូមិមានជើង អាចទៅកាន់តំបន់នានាដូចជា៖
ពេលព្រឹក ថ្ងៃទីមួយ អ្នកចូលរួមបានទៅកាន់សាលាបឋមសិក្សាពូលូនដើម្បីទស្សនាពីការសិក្សារបស់កុមារពីរភាសា (ភាសាជនជាតិដើម និង ភាសាខ្មែរ) ព្រមទាំងចូលរួមអបអរសាទរ ទិវាកុមារពិភពលោក។
នាព្រឹកថ្ងៃទីពីរ ភ្ញៀវទេសចរបានទៅកម្សាន្តនៅទឹកជ្រោះប៊ូស្រាដែលជារមណីយដ្ឋានធម្មជាតិ ដោយមិនអាច មិនទៅកម្សាន្តមិនបាន។ ហើយពេលថ្ងៃត្រង់ ភ្ញៀវទេសចរក៏មកកម្សាន្តនៅភូមិជនជាតិដើមភាគតិចនៅ ភ្នំដោះក្រមុំចូលរូួមលេងល្បែងប្រជាប្រិយ ទស្សនាតន្រ្តីជនជាតិដើមភាគតិច និង ពិសារសម្លរព្រោង។ នាពេល រាត្រីភ្ញៀវទេសចរក៏ទៅកាន់ទីតាំងសួនដំរីដែក ដើម្បីទស្សនាការប្រគំតន្រ្តីដ៏ធំនៅក្នុងទឹកដីខេត្តមណ្ឌលគិរី។
នាព្រឹកថ្ងៃទីបី ភ្ញៀវទេសចរបានធ្វើដំណើរទៅកាន់ភូមិពូតាំង ដែលជាភូមិជនជាតិដើមភាគតិច ទស្សនានូវ ដំរីលេងខ្លួន ដែលក្រុមការងារភ្លើងគប់ និង បុណ្យភូមិ បានតម្លើងស័ក និង ឈុតបុរាណដល់ដំរីដែលមានតម្លៃ ជាង១០០០ដុល្លា។ នាពេលថ្ងៃត្រង់ និង រសៀល ភ្ញៀវទេសចរក៏ត្រលប់មកជើងភ្នំដោះក្រមុំវិញដើម្បីលេង ល្បែងប្រជាប្រិយ និង ទស្សនារបាំជនជាតិដើមភាគតិច និង ក្រាលកន្ទេលមើលល្ខោនខោល។
កញ្ញា រិទ្ធី លំអពេជ្រ សហស្ថាបនិកបុណ្យភូមិបានលើកឡើងថា៖ «បេសកម្មរបស់ខ្លួននៅខេត្តមណ្ឌលគិរី សង្ឃឹមថាវានឹងក្លាយជាការបើកទំព័រមួយដល់កម្មវិធីយុវជនផ្សេងៗចូលមកខេត្តមណ្ឌលគិរី ក៏ដូចជាបណ្តាខេត្តផ្សេងទៀតនៅភូមិភាគឦសាន»។ «បងប្អូនជនជាតិដើមភាគតិច ពិតជាត្រូវការយើង ដើម្បីនាំយកសំឡេង និងផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីរបស់ពួកគាត់...នៅដល់ទីណាក៏ដោយ យើងរស់នៅទឹកដី ខ្មែរតែមួយ»។ កញ្ញាបន្តថាជាមួយនឹងបេសកកម្មរបស់មហោស្រពសិល្បៈបុណ្យភូមិមានជើងគឺ នឹងធ្វើដំណើរទៅកាន់គ្រប់ទីកន្លែងដាច់ស្រយាលទាំងឡាយណាដែល ប្រជាជនកម្ពុជាដែលគាត់មិនដែលសូវបានចាប់អារម្មណ៍។
សូមបញ្ចាក់ថាបុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរីនេះធ្វើឡើងរយ:ពេលបីថ្ងៃគឺ ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកា ដោយមានការរៀបចំដោយ ភ្លើងគប់ និង បុណ្យភូមិ សហការជាមួយអង្គការ Unicef ប្រចាំប្រទេសកម្ពុជា ឧបត្ថម្ភដោយ KampumEra។ បុណ្យភូមិមានជើង សង្ឃឹមថានឹងបន្តបេសកម្មរបស់ខ្លួនដើម្បីផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដទៃបន្តទៀតនៅឆ្នាំក្រោយ។