អង្គការ HFCA និង វីង បន្តរួមគ្នាអភិវឌ្ឍន៍វិស័យបាល់ទាត់ដល់យុវជននៅខេត្តសៀមរាប
- 2024-12-10 16:31:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គការ HFCA និង វីង បន្តរួមគ្នាអភិវឌ្ឍន៍វិស័យបាល់ទាត់ដល់យុវជននៅខេត្តសៀមរាប
ចន្លោះមិនឃើញ
អង្គការ HFCA និងដៃគូសហការ វីង បន្តរួមគ្នាអភិវឌ្ឍន៍វិស័យបាល់ទាត់ដល់យុវជនក្រីក្រឱ្យមានលទ្ធភាពចូលរួមនៅក្នុងសកម្មភាពបាល់ទាត់ដែលមានរចនាសម្ព័ន្ធសមរម្យមួយដើម្បីលើកកម្ពស់កាយសម្បទា ការងារជាក្រុម និងការអភិវឌ្ឍផ្ទាល់ខ្លួនរបស់ពួកគេបានកាន់តែប្រសើរនៅខេត្តសៀមរាប។
លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានកិត្តិយសដែលបានចាប់ដៃសហការជាមួយធនាគារ វីង ក្នុងនាមជាស្ថាប័នមួយដែលមានការប្តេជ្ញាចិត្តយូរអង្វែងដើម្បីជួយគាំទ្រដល់សហគមន៍កម្ពុជា។ ការឧបត្ថម្ភគាំទ្រនេះនឹងនាំមកនូវការផ្លាស់ប្តូរក្នុងចំណោមយុវជននៅភូមិអូររូងដោយផ្តល់ឱ្យពួកគេនូវឱកាសដ៏មានតម្លៃដើម្បីអភិវឌ្ឍសមត្ថភាពឱ្យកាន់តែរីកចម្រើន”។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “បាល់ទាត់មិនគ្រាន់តែជាកីឡាប៉ុណ្ណោះទេ តែជាមធ្យោបាយដ៏មានឥទ្ធិពលមួយក្នុងការលើកកម្ពស់សុខុមាលភាព សាមគ្គីភាព និងស្មារតីសហគមន៍ថែមទៀតផង។ តាមរយៈការធ្វើការរួមគ្នាជាក្រុម កុមារមិនត្រឹមតែពង្រឹងសមត្ថភាពផ្នែករាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀនសូត្រពីបំណិនជីវិតចាំបាច់ទាក់ទងនឹងភាពជាអ្នកដឹកនាំ ការងារជាក្រុម និងការកសាងភាពធន់ផងដែរ។ យើងខ្ញុំពិតជាមានសេចក្តីរំភើបរីករាយដែលបានចូលរួមជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះដើម្បីជួយបណ្តុះនូវគុណតម្លៃទាំងនេះទៅដល់យុវជន»។
ធនាគារ វីង និងអង្គការ HFCA បានចាប់ដៃសហការគ្នាជាលើកដំបូងនៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីជួយគាំទ្រដល់យុវជននៅភូមិស្រះស្រង់ ដោយផ្តល់នូវបរិយាកាសដែលមានសុវត្ថិភាពសម្រាប់សកម្មភាពកីឡាបាល់ទាត់។ ស្របពេលដែលអង្គការ HFCA ពង្រីកសកម្មកីឡារបស់ខ្លួន ធនាគារ វីង មានមោទនភាពដែលបានជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនោះដើម្បីជួយទៅដល់យុវជននៅតាមតំបន់ជនបទកម្ពុជាឱ្យកាន់តែច្រើនឡើង ខណៈដែលការចូលរួមក្នុងកម្មវិធីកីឡាដែលរចនាសម្ព័ន្ធច្បាស់លាស់ហាក់នៅមានកម្រិតនៅឡើយ។
បញ្ជាក់ដែរថា អង្គការ HFCA បង្កើតឡើងនៅឆ្នាំ 2005 ធ្វើការលើកស្ទួយវិស័យបាល់ទាត់ដើម្បីពង្រឹងសមត្ថភាពរបស់យុវជនក្រីក្ររបស់កម្ពុជា លើកកម្ពស់សុខុមាលភាព ការគោរពខ្លួនឯង និងបំណិនជីវិតដែលជាកត្តាដ៏ចាំបាច់ដើម្បីសម្រេចបានភាពជោគជ័យនាពេលអនាគត។ អង្គការ HFCA ធានាថាយុវជនក្រីក្រមានលទ្ធភាពទទួលបានការហ្វឹកហាត់ប្រកបដោយគុណភាពខ្ពស់ មានគ្រូបង្វឹក ធ្វើការកសាងក្រុម និងមានឱកាសក្នុងការប្រមូលផ្តុំគ្នា។ នេះគឺជាមាគ៌ាពិតៗឆ្ពោះទៅរកឱកាសបន្ថែមទៀតដោយការអភិវឌ្ឍទាំងជំនាញបាល់ទាត់ និងបំណិនជីវិតដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យអប់រំ និងការងារ៕