កំពង់ឆ្នាំង ល្បីខាងផលិត ក្អម ឆ្នាំង ធ្វើពីដី ក្លាយជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិក តាមទីសាធារណៈ

  • 2025-01-23 04:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជាខេត្ត គ្មានសំរាម សំណល់ប្លាស្ទិក តាមទីសាធារណៈ ដោយក្រសួងបរិស្ថាន នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃរដ្ឋសភា ថ្នាក់ដឹកនាំនិងជាតំណាងក្រសួងពាក់ព័ន្ធ ឯកអគ្គរដ្ឋទូតនានាប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិតំណាងអង្គការ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាង១ម៉ឺននាក់ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍ថា ភាពស្អាតក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺសំដៅដល់ភាពស្អាតចេញពីក្នុងចិត្ត និងភាពស្អាត ទាំងបរិស្ថានរស់នៅលើដី លើមេឃនិងក្នុងទឹក។ នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើងនឹងស្អាត ជាលទ្ធផលយើង នឹងទទួលបានសង្គមជាតិទាំងមូល ដែលស្អាតជាក់ជាមិនខាន។

គួរឱ្យដឹងថា កំពង់ឆ្នាំង ជាខេត្តមួយ ស្ថិតនៅភាគកណ្តាលនៃ ប្រទេសកម្ពុជា។ កំពង់ឆ្នាំង ជាខេត្តល្បីខាងផលិត ក្អម ឆ្នាំង ធ្វើអំពីដី មានគុណភាពល្អ។ ខេត្តនេះ មានព្រំប្រទល់ខាងជើង ជាប់ខេត្តកំពង់ធំ ខាងកើតជាប់ខេត្តកំពង់ចាម ខាងត្បូងជាប់ខេត្តកំពង់ស្ពឺ និង ខាងលិចជាប់ខេត្តពោធិ៍សាត់។ ស្ថិតនៅចម្ងាយប្រមាណ ៩១ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តនេះ មានក្រុង១ ដែលគេហៅថា ក្រុងកំពង់ឆ្នាំង៕

អត្ថបទ ៖ គីម ណារ៉ាក់