សហភាពអឺរ៉ុប និង អាស៊ាន ឯកភាពគ្នា ប្រើប្រាស់ប្រព័ន្ធធ្វើដំណើរឆ្លាតវៃ ITS សម្រាប់យានយន្តអគ្គិសនី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

  • 2025-01-23 09:10:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងបាងកក ប្រទេសថៃ - ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥ ៖ សិក្ខាសាលា EU-ASEAN លើកទី ៤ ស្តី ពីប្រព័ន្ធធ្វើដំណើរឆ្លាតវៃ (ITS) បានប្រមូលផ្តុំអ្នកជំនាញ និងអ្នកពាក់ព័ន្ធសំខាន់ៗ ចំនួន ៤៦ នាក់ នៅទីក្រុងបាងកក ដើម្បីដោះស្រាយនូវប្រព័ន្ធធ្វើដំណើរដ៏សំខាន់មួយ របស់ អាស៊ីអាគ្នេយ៍ នោះគឺ ការពន្លឿនការអនុម័ត យានជំនិះអគ្គិសនី (EVs) តាមរយៈការច្នៃប្រឌិតថ្មីៗ របស់ ITS។ ព្រឹត្តិការណ៍នេះ បានលើកឡើងពីតួនាទីសំខាន់របស់ ITS ក្នុងការជំរុញអនាគតនៃមធ្យោបាយធ្វើដំណើរ ប្រកបដោយនិរន្តរភាព របស់តំបន់។

យានជំនិះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ សមាហរណកម្មក្នុងតំបន់ និង កំណើនសេដ្ឋកិច្ច ប៉ុន្តែក៏មានចំនួនជាង ២០ ភាគរយ នៃការបំភាយ កាបូនឌីអុកស៊ីត ជាសកលផងដែរ។ យានជំនិះអគ្គិសនី EVs ផ្តល់នូវដំណោះស្រាយ ដើម្បីផ្លាស់ប្តូរ កាត់បន្ថយការបំភាយឧស្ម័ន និងការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ ទោះជាយ៉ាងណាក៏ដោយ ការទទួលយកមានការយឺតយ៉ាវ ដោយសារ គម្លាតហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមនៃអន្តរប្រតិបត្តិការ ស្ថានភាពផ្លូវថ្នល់នៅមានកម្រិត និងភាពខុសគ្នារបស់អ្នកប្រើប្រាស់។ ITS ផ្តល់នូវដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត ដើម្បីជម្នះឧបសគ្គទាំងនេះ ជំរុញទំនុកចិត្តដល់អ្នកប្រើប្រាស់ និងត្រួសត្រាយផ្លូវសម្រាប់ការធ្វើដំណើរ ប្រកបដោយនិរន្តរភាព ឱ្យក្លាយជាការពិត។

រៀបចំឡើងដោយ Enhanced Regional EU-ASEAN Dialogue Instrument (E-READI) សិក្ខាសាលាបាន សម្របសម្រួល ការផ្លាស់ប្តូររវាង សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង ភាគីពាក់ព័ន្ធ នៃសហភាពអឺរ៉ុប (EU)។ ព្រឹត្តិការណ៍ដែលបានធ្វើឡើង រយៈពេលបីថ្ងៃ បានបង្ហាញពីការយល់ដឹងសំខាន់ៗ អំពីប្រព័ន្ធអេកូឡូស៊ី យានជំនិះអគ្គិសនី EV ក្នុងស្រុក ពីប្រទេស ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម។ ដោយបានអនុញ្ញាត ឱ្យមានការផ្លាស់ប្តូរគំនិតផ្តួចផ្តើមក្នុងតំបន់ និងការអនុវត្តល្អបំផុត ទាំងអាស៊ាន និង សហភាពអឺរ៉ុប រួមទាំងការពិភាក្សាអំពីផ្លូវឆ្ពោះទៅមុខក្នុងចំណោម AMS ក៏ដូចជាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុប -អាស៊ាន លើ ITS ដើម្បីគាំទ្រដល់ការអនុម័ត យានជំនិះអគ្គិសនី EV។

Lucia Balogova អនុប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំប្រទេសថៃ បាននិយាយថា "បទពិសោធន៍របស់សហភាពអឺរ៉ុបបានបង្ហាញថា ប្រព័ន្ធមធ្យោបាយធ្វើដំណើរ ឆ្លាតវៃ មានមុខងារសំខាន់ សម្រាប់ពន្លឿន ដល់ការទទួលយកយានយន្តអគ្គិសនី ព្រោះនឹងផ្តល់នូវឆ្អឹងខ្នងផ្អែក ឌីជីថល និងបច្ចេកវិទ្យា ដែលជួយជម្នះ បញ្ហាប្រឈម សំខាន់ៗ។ យើងជឿជាក់ថា បទពិសោធន៍របស់សហភាពអឺរ៉ុប ក្នុង ITS និង EVs នឹងមានប្រយោជន៍ សម្រាប់អ្នកចូលរួមក្នុងអាស៊ាន ហើយសិក្ខាសាលានេះ នឹងក្លាយជាជំហាន ដ៏សំខាន់មួយ សម្រាប់ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ក្នុងចំណោមរដ្ឋសមាជិកអាស៊ាន សម្រាប់ការឆ្លងកាត់ព្រំដែនរបស់ប្រទេសពួកគេ។

Sunita Lukkhoo ប្រធានធនាគារ European Investment Bank (EIB) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកត់សម្គាល់ថា ៖ ធនាគារ European Investment Bank បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់រដ្ឋសមាជិកអាស៊ាន ជាមួយនឹងដំណោះស្រាយ ហិរញ្ញប្បទាន សមស្រប ដែលជំរុញឱ្យមាននិរន្តរភាព មធ្យោបាយធ្វើដំណើរឆ្លាតវៃ និង អនាគតនៃការធ្វើដំណើរតភ្ជាប់គ្នា ប្រកបដោយផាសុកភាព។

ការផ្លាស់ប្តូរជំហររបស់អាស៊ាន ឈានឆ្ពោះទៅចាប់យក យានជំនិះអគ្គិសនី នឹងជួបបញ្ហាប្រឈម ហើយស្របពេលជាមួយគ្នា ជាឱកាសមួយផងដែរ ដោយការលក់យានយន្តអគ្គិសនី នៅអាស៊ីអាគ្នេយ៍ ត្រូវបានគេរំពឹងថានឹងកើនឡើង ជាង ៣០ ភាគរយ ជារៀងរាល់ឆ្នាំ នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ ដោយសារតំបន់នេះ នៅតែប្រឈមមុខនឹងឧបសគ្គសំខាន់ៗ និងកម្រិតនៃការត្រៀមខ្លួនខុសៗគ្នាក្នុងចំណោមរដ្ឋសមាជិក ការប្រើប្រាស់ប្រព័ន្ធធ្វើដំណើរ ឆ្លាតវៃ នឹងក្លាយជាគន្លឹះ សម្រាប់ដោះស្រាយ។

លោកបណ្ឌិត Prapatow Awakul នាយកផ្នែកកិច្ចការអន្តរជាតិនៃក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ បានកត់សម្គាល់ថា ៖ ការអនុម័តយានជំនិះអគ្គិសនី នៅក្នុងអាស៊ាន មិនមែនគ្រាន់តែជាអាទិភាព សម្រាប់ការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសផ្នែកសេដ្ឋកិច្ច។ ប្រព័ន្ធធ្វើដំណើរ ឆ្លាតវៃ ធ្វើឱ្យគម្លាតរវាង ភាពច្នៃប្រឌិត និងភាពងាយស្រួល កាន់តែខិតជិតគ្នា។ ភាពជាដៃគូជាមួយ សហភាពអឺរ៉ុប តាមរយៈ E-READ អនុញ្ញាតឱ្យយើងសម្របខ្លួន ជាមួយការអនុវត្តល្អបំផុតជាសកល និង កសាងប្រព័ន្ធធ្វើដំណើរ-អេកូឡូស៊ី ដែលត្រៀមរួចជាស្រេចសម្រាប់អាស៊ាន។

ក្នុងអំឡុងពេលសិក្ខាសាលា មានការធ្វើដំណើរទស្សនកិច្ច ទៅកាន់មជ្ឈមណ្ឌលប្រតិបត្តិការផ្លូវល្បឿនលឿន របស់ប្រទេសថៃ និង រដ្ឋករអគ្គិសនី នៃប្រទេសថៃ (EGAT) គឺ ជាវគ្គសំខាន់មួយផ្សេងទៀត ដែលផ្តល់នូវការបង្ហាញជាក់ស្តែងនៃកម្មវិធី ITS។

ជាចុងក្រោយ សិក្ខាសាលា បានបញ្ជាក់ពីការរកឃើញ ការសិក្សាអំពីតួនាទី និងការអនុវត្តនៃប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) ដើម្បីគាំទ្រដល់ការអនុម័ត យានជំនិះអគ្គិសនី (EV) នៅក្នុងអាស៊ាន ដែលគាំទ្រដោយសហភាពអឺរ៉ុប តាមរយៈ E-READI។ ការសិក្សាបានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់វិធីសាស្ត្រ នៅទូទាំងរដ្ឋសមាជិកអាស៊ាន លើចំណុចការចុះសម្រុងគ្នាក្នុងតំបន់ ចំពោះការប្រើប្រាស់ស្តង់ដារ EV និងការសហការគ្នារវាងវិស័យផ្សេងៗ។ ដោយនឹងផ្តល់ ការណែនាំ អនុសាសន៍ គោលនយោបាយ និង ជំរុញការផ្លាស់ប្តូររបស់អាស៊ានបន្ថែមទៀត ទៅកាន់ប្រព័ន្ធធ្វើដំណើរ ប្រកបដោយនិរន្តរភាព។

អំពីអាស៊ាន

សមាគមន៍ប្រជាជាតិ អាស៊ីអាគ្នេយ៍-អាស៊ាន ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៦៧។ រដ្ឋសមាជិកនៃសមាគមន៍ គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ សហគមន៍អាស៊ាន ត្រូវបានបង្កើតជាផ្លូវការ។ លេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាន នៅទីក្រុង ហ្សាកាតា។

អំពីសហភាពអឺរ៉ុប

សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និង នយោបាយ នៃប្រទេសសមាជិក ចំនួន ២៧ ដែលមានប្រជាជន ចំនួន ៤៤៩ លាននាក់។ រួមគ្នា សហភាពអឺរ៉ុបបានកសាងតំបន់នៃស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ ប្រកបដោយចីរភាព ខណៈពេលដែលរក្សាបាននូវភាពចម្រុះនៃវប្បធម៌ ការអត់ឱន និង សេរីភាពបុគ្គល។ ក្នុងឆ្នាំ ២០១២ សហភាពអឺរ៉ុប ត្រូវបានផ្តល់រង្វាន់ណូបែលសន្តិភាព សម្រាប់ការជំរុញគោលដៅ នៃសន្តិភាព ការផ្សះផ្សាលទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅអឺរ៉ុប។ សហភាពអឺរ៉ុប គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុត របស់ពិភពលោក និងជាប្រភពដ៏ធំជាងគេ និង ជាទិសដៅ នៃការវិនិយោគផ្ទាល់ពី បរទេស។ ជាសមូហភាព សហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន គឺជាម្ចាស់ជំនួយដ៏ច្រើនបំផុត នៃជំនួយអភិវឌ្ឍន៍ផ្លូវការ ODA ដែលផ្តល់ច្រើនជាងពាក់កណ្តាល នៃជំនួយសរុប នៅទូទាំងពិភពលោក។

ប្រទេសសមាជិក ចំនួន ២៧ របស់ សហភាពអឺរ៉ុប តាមលំដាប់លំដោយ គឺ ៖ បែលហ្សិក ប៊ុលហ្គារី សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី អៀរឡង់ ក្រិក អេស្ប៉ាញ បារាំង ក្រូអាត អ៊ីតាលី ស៊ីប ឡាតវី លីទុយអានី លុចសំបួរ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវេនី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត។

សម្រាប់ព័ត៌មានបន្ថែម អំពីសហភាពអឺរ៉ុប ពាក់ព័ន្ធជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាមួយអាស៊ាន សូមចូលទៅកាន់ ៖

Website

X

Facebook

Instagram

YouTube

កម្មវិធី Enhanced Regional EU-ASEAN Dialogue Instrument (E-READI) គឺជាកម្មវិធី ដែលផ្តល់ហិរញ្ញប្បទាន ដោយសហភាពអឺរ៉ុប ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការ និង កិច្ចសន្ទនា រវាងសហភាពអឺរ៉ុប និង អាស៊ាន ក្នុងវិស័យគោលនយោបាយ ដែលមានផលប្រយោជន៍រួម។ ដោយទាញយកបទពិសោធន៍របស់ សហភាពអឺរ៉ុប ក្នុងការធ្វើសមាហរណកម្មក្នុងតំបន់ E-READI ពង្រឹងបន្ថែមទៀតនូវដំណើរការសមាហរណកម្ម ក្នុងតំបន់អាស៊ាន ក៏ដូចជាភាពជាដៃគូ យុទ្ធសាស្ត្រ អាស៊ាន-សហភាពអឺរ៉ុប ទាំងមូលផងដែរ៕

ទំនាក់ទំនង ៖

E-READI: ereadi@asean.org

គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំអាស៊ាន: delegation-asean-info@eeas.europa.eu

អគ្គលេខាធិការអាស៊ាន: media@asean.org