ទីក្រុងភ្នំពេញ និង ខេត្ត ៣ ផ្សេងទៀត កើនឡើងខ្ពស់ កំហាប់សារធាតុ បំពុលខ្យល់ នៅក្នុងបរិយាកាស

  • 2025-01-24 10:17:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តបន្ទាយមានជ័យ កោះកុង សៀមរាប និង ទីក្រុងភ្នំពេញ មានការកើនឡើងខ្ពស់ កំហាប់សារធាតុបំពុលខ្យល់ នៅ ក្នុងបរិយាកាស គិតចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៤ រសៀល ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៥។ នេះបើយោងតាមការឱ្យដឹងពី អ្នកនាំពាក្យ ក្រសួងបរិស្ថាន។

ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ នេះបើតាមឱ្យដឹងពីអ្នកនាំក្រសួងបរិស្ថាន។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានធ្វើការស្នើរដល់ អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត៕

ប្រភព ៖ ក្រសួងបរិស្ថាន

អត្ថបទ ៖ គីម ណារ៉ាក់