គុណភាពខ្យល់ នៅភ្នំពេញ និង នៅតាមបណ្តាខេត្ត ភាគច្រើន ត្រឡប់មកកាន់ ស្ថានភាព "ល្អណាស់"

  • 2025-01-27 06:17:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គុណភាពខ្យល់ នៅក្នុងប្រទេសកម្ពុជា និង រាជធានីភ្នំពេញ បានត្រឡប់មកកាន់ ស្ថានភាព “ល្អណាស់” វិញហើយ គិតចាប់ពីម៉ោង ៥ ល្ងាច ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ ដល់ ម៉ោង ៧ ព្រឹក ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥។ នេះបើយោងតាមការឱ្យដឹង ពីក្រសួងបរិស្ថាន។

តាមទិន្នន័យ បង្ហាញថា កំហាប់ភាគល្អិតនិចល គិតជាមធ្យមស្មើនឹង ២៩.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”។ ចំណែកខេត្តផ្សេងទៀតរបស់កម្ពុជា ភាគច្រើន គឺគុណភាពខ្យល ស្ថិតក្នុងស្ថានភាព ល្អណាស់ ផងដែរ។ ពោលគឺមានតែខេត្ត ៣ ប៉ុណ្ណោះ ដែលមានគុណភាពខ្យល់ស្ថិត ក្នុងការបំពុលតិចតួច។ នោះគឺខេត្ត ពោធិ៍សាត់ គុណភាពខ្យល់ស្ថិតក្នុង កម្រិតបង្គួរ រួមទាំងខេត្តកោះកុង និង ប៉ៃលិន ស្ថិតក្នុងកម្រិត មធ្យម។

គួរឱ្យដឹងថា កាលពីសប្តាហ៍មុន ប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញផង គុណភាពខ្យល់កខ្វក់ បានកើនឡើងដល់កម្រិតមួយខ្ពស់។ យ៉ាងណាមិញ នៅពេលដើមសប្តាហ៍ថ្មី នៃ ខែមករា ឆ្នាំ ២០២៥នេះ សង្កេតឃើញថា ស្ថានភាពខ្យល់បានវិលត្រឡប់មកកាន់ភាពល្អប្រសើរ វិញហើយ៕

ប្រភព ៖ ក្រសួងបរិស្ថាន

អត្ថបទ ៖ គីម ណារ៉ាក់