មាស ឡើងបំបែកកំណត់ត្រាមិនធ្លាប់មាន ប៉ុន្ដែជាកង្វល់មួយសម្រាប់ប្រជាជន

  • 2025-02-05 03:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាងឆេង មាស បានបំបែកកំណត់ត្រាពិភពលោក ដែលមានតម្លៃថ្លៃជាងពេលណាទាំងអស់ គឺតម្លៃប្រមាណ ២៨៥២ ដុល្លារ ក្នុង១អោន ឬស្មើនឹង ៣៤៦ ក្នុង១តម្លឹង គិតត្រឹម ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ យោងទៅតាម វេទិកាវិភាគសម្រាប់ពាណិជ្ជករ និងវិនិយោគិន TradingView។

មានសេណារីយ៉ូជាច្រើន ជាកត្តានាំឱ្យលោហៈធាតុដ៏មានតម្លៃ មាស ឡើងថ្លៃឥតឈប់ឈរបច្ចុប្បន្ន ដូចជាកត្តាសេដ្ឋកិច្ចអាមេរិច សង្គ្រាមពាណិជ្ជកម្មកំពុងផ្ទុះឡើងរវាង អាមេរិច នឹង កាណាដានិងម៉ិកស៊ិក, ការរក្សាអត្រាការប្រាក់ ៤.៥០% របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិក, អតិផរណាលុយដុល្លារ , ភាពអូសបន្លាយនៃសង្គ្រាមធំ រុស្ស៊ីនិងអ៊ុយក្រែន, បញ្ហាសង្គ្រាមរ៉ាំរ៉ៃនៅមជ្ឈឹមបូព៌ា ជាដើម។ ចំណែកផ្នែកបច្ចេកទេសវិញ អ្នកជំនាញព្យាករណ៍ជាច្រើនព្យាករណ៍ថា មាស កំពុងស្ថិតក្នុងលំហូរឡើងស្រាប់ ដូចនេះមានហេតុផលជាច្រើនដែលវាអាចបំបែក តម្លៃខ្ពស់បន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។

ចំពោះការឡើងថ្លៃ មាស យ៉ាងលឿនរហ័សនេះ ប្រជាពលរដ្ឋមួយចំនួនក៏មានកង្វល់ដែរថា ពួកគេមិនហ៊ានទិញមាសប្រើប្រាស់ឬវិនិយោគ ត្បិតតម្លៃរបស់វាឡើងខ្ពស់ណាស់ទៅហើយ សូម្បីតែជាងជាងទង (ជាងមាស) មួយចំនួនក៏សម្ដែងកង្វល់ដែរថា បច្ចុប្បន្នមិនសូវមានអ្នកធ្វើគ្រឿងអលង្ការនោះទេ ត្បិតមាសថ្លៃមិនមានអ្នកទិញដូរច្រើន។

ប៉ុន្ដែយ៉ាងណា ជុំវិញការហក់ស្ទុះឡើងហាងឆេងមាស ធ្វើឱ្យអ្នកដែលអ្នកទិញមាសទុក រំពឹងផលចំណេញរយៈពេលវែង ទទួលបានផលចំណេញខ្ពស់ផងដែរ ដោយពួកគេលក់ចេញមាសពេលនេះ និងរង់ចាំទិញចូលបន្តពេលមាសធ្លាក់ថ្លៃម្ដងទៀត៕

អត្ថបទ៖ កុសល