ស្ថាប័នធំៗ ៣ បានកោះប្រជុំ ដើម្បីអប់រំណែនាំព្រមគ្នាដល់អ្នកលក់ឡេ មានងារជាឧកញ៉ា​ Love Riya

  • 2025-02-05 05:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយផ្ទុះការរិះគន់ជាបន្ដបន្ទាប់លើអ្នកលក់ឡេអនឡាញ Love Riya ដែលមានងារជាឧកញ៉ា នៅលើបណ្ដាញសង្គម ចំពោះសកម្មភាពសម្ដែង និងការអត្ថាធិប្បាយរបស់អ្នកលក់ឡេរូបនេះ ដោយមហាជនយល់ថាសកម្មភាព និងការអត្ថាធិប្បាយមួយចំនួនបានប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ និងវប្បធម៌ជាតិ។ នៅថ្ងៃនេះ ស្ថាប័នធំៗចំនួន ៣ បាបើកកិច្ចប្រជុំដោយមានវត្ដមានឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ដើម្បីអប់រំណែនាំ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឲ្យដឹងថា ក្រសួង តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកកិច្ចប្រជុំមួយ ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ជាលទ្ធផល ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិត មេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរ ថានឹងរៀបចំ ជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើ សកម្មភាពបែបនេះទៀតទេ៕

ជិន សុភ័ក្ដ្រ