ប្រយ័ត្ន! ជាប់ពន្ធនាគារជិត ១០ឆ្នាំ ព្រោះ​ជក់បារី​លើយន្តហោះ

  • 2024-12-17 01:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៩​ឆ្នាំ និង ៦​ខែ បន្ទាប់​ពី​ជក់​បារី​ ​រួច​ចោល​កន្ទុយ​បារី​ទៅ​​ក្នុង​បន្ទប់​ទឹក​លើ​យន្តហោះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ។

លោក​ John Cox អាយុ ៤៦ឆ្នាំ បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​​រហូត​ដល់​ចុច​កណ្ដឹង​ប្រកាស​អាសន្ន​លើ​យន្តហោះ Monarch Airbus ​ក្រោយ​បោះ​ចោល​កន្ទុយបារី​​ទៅ​ក្នុង​ធុង​សំរាម​បន្ទប់​ទឹក និង​បង្ក​ឲ្យ​មាន​ភ្លើង​ឆេះ​ក្រដាស​ផ្សេង​ទៀត។ ​បន្ទាប់​មក អ្នក​បើក​យន្តហោះ​បាន​ប្រកាស​អាសន្ន និង​បាន​ចុះ​ចត​ជា​បន្ទាន់ ខណៈ​ក្រុម​ការងារ​លើ​យន្តហោះ​ផ្សេង​​ទៀត​ចូល​ទៅ​ពន្លត់​ភ្លើង​។

លោក Cox ​ធ្លាប់​បាន​សុំ​ឲ្យ​លើក​លែង​ទោស​ចំពោះ​ការ​ធ្វេស​ប្រហែស​របស់​ខ្លួន​ដែល​បាន​គំរាម​កំហែង​ដល់​អាយុជីវិត​អ្នក​ដទៃ តែ​ត្រូវ​ប្រកាស​​ឃុំ​ខ្លួន​លើក​ដំបូង​​រយៈពេល ៤​ឆ្នាំ និង ៦ខែ ​នៅ​តុលាការ Birmingham Crown Court ។

ទោះ​យ៉ាង​ណា​​ តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ទោស​ចុង​ក្រោយ​​ឲ្យ​លោក​ Cox ជាប់​ពន្ធនាគារ​រយៈ​ពេល ៩​ឆ្នាំ និង​ ៦ខែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​យន្តហោះ​ខាង​លើ​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Birmingham ប្រទេស​អង់គ្លេស​ ទៅកាន់​​ទីក្រុង Sharm el-Shekh ប្រទេស​អេហ្ស៊ីប និង​​កំពុង​ស្ថិត​នៅ​រយៈ​កម្ពស់​​ជាង​ ១០​គីឡូម៉ែត្រ​កាល​ពី​ខែ​សីហា ឆ្នាំ ២០១៥។ លោក Cox ត្រូវ​អាជ្ញាធរ​​អេហ្ស៊ីប​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន រួច​បញ្ជូន​ឲ្យ​ទៅ​កាន់​​ប្រទេស​អង់គ្លេស​វិញ។

អ្នក​បើក​បរ​យន្តហោះ​ដែល​មាន​បទ​​ពិសោធន៍​ជាង ២០​ឆ្នាំ​ខាង​លើ​រៀបរាប់​ថា លោក​​មិន​ធ្លាប់​ជួប​ហេតុ​ការណ៍​បែប​នេះ​ឡើយ ព្រោះ​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ខ្លាំង​ដល់​អ្នក​ដំណើរ​លើ​យន្តហោះ​ទាំង​អស់​៕

Daro Ly

អត្ថបទថ្មី