ខេត្តស្ទឹងត្រែង គ្រោងសាងសង់ រូបសំណាក អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
- 2025-02-14 06:33:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តស្ទឹងត្រែង គ្រោងសាងសង់ រូបសំណាក អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត
ចន្លោះមិនឃើញ
ខេត្តស្ទឹងត្រែង ដែលជាខេត្តកំណើតរបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត កំពុងគ្រោងសាងសង់រូបសំណាកមួយដើម្បីផ្តល់ជាកិត្តិយសដល់រូបលោក។ រូបសំណាកនេះ នឹងបង្ហាញពីកេរ្តិ៍ឈ្មោះ និង តន្ត្រីដែលស្តាប់មិនចេះជិនណាយរបស់លោក ហើយសង្ឃឹមថានឹងនាំភ្ញៀវទេសចរណ៍កាន់តែច្រើនមកកាន់តំបន់នេះ។
លោក ស៊ីន ស៊ីសាមុត ជាអធិរាជសំឡេងមាស នៅក្នុងប្រទេសកម្ពុជា បានកើតនៅខេត្ត ស្ទឹងត្រែងក្នុងឆ្នាំ ១៩៣២។ សំឡេងដ៏អស្ចារ្យរបស់លោក បានបង្ហើរយ៉ាងគ្រលួច ពិរោះរណ្តំចិន្តា រួមមានបទចម្រៀងស្នេហា រ៉ុកអែនរ៉ូល និងតន្ត្រីខ្មែរបែបប្រពៃណី ហើយនៅតែមានប្រជាប្រិយភាពរហូតដល់សព្វថ្ងៃនេះ។ ទោះបីជាលោកបានបាត់បង់ជីវិត ក្នុងរបបខ្មែរក្រហមក៏ដោយ ប៉ុន្តែបទចម្រៀងរបស់លោកត្រូវបានគេរកឃើញឡើងវិញ និង ស្រឡាញ់ពេញចិត្តដោយមនុស្សជំនាន់ថ្មី បង្ហាញពីអំណាចសិល្បៈ នៃការប្រើប្រាស់សំឡេងដ៏ក្រអួនក្រអៅរបស់លោក។
គម្រោងរូបសំណាកនេះ កំពុងត្រូវបានគាំទ្រដោយអង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា KINAL និងរៀបចំដោយមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង។ ចំពោះទីតាំងត្រូវសាងសង់ គឺនៅតាមបណ្តោយ ដងទន្លេសេកុង ក្នុងក្រុងស្ទឹងត្រែង។ ទីតាំងដ៏លេចធ្លោនេះនឹងធ្វើឱ្យមានភាពងាយស្រួលសម្រាប់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍ក្នុងការមកទស្សនា។ អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពត្រា បានចុះទៅពិនិត្យទីតាំងដែលបានស្នើឡើងសម្រាប់កសាងរូបសំណាក លោក ស៊ីន ស៊ីសាមុត នាពេលថ្មីៗនេះ។
អភិបាលខេត្តស្ទឹងត្រែង មើលឃើញគម្រោងនេះជាជំហានដ៏ធំមួយក្នុងការជំរុញវិស័យទេសចរណ៍ និងធ្វើឱ្យខេត្តកាន់តែស្រស់ស្អាត។ មន្ត្រី និងដៃគូអភិវឌ្ឍន៍សង្ឃឹមថា នេះនឹងមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជួយថែរក្សា កេរ្តិ៍ឈ្មោះរបស់ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត សម្រាប់មនុស្សជំនាន់ក្រោយបានដឹង បានស្គាល់ផងដែរ។
រូបសំណាក លោក ស៊ីន ស៊ីសាមុត ត្រូវបានគេរំពឹងថានឹងក្លាយជាកន្លែងទាក់ទាញដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍ ជាពិសេសអ្នកដែលស្រឡាញ់តន្ត្រី ប្រវត្តិសាស្ត្រ និងចង់ស្វែងយល់បន្ថែមអំពីសិល្បករដ៏មានឥទ្ធិពលរូបនេះ។ លើសពីវិស័យទេសចរណ៍ រូបសំណាកនេះមានអត្ថន័យជានិមិត្តរូបយ៉ាងជ្រាលជ្រៅសម្រាប់ប្រជាជនកម្ពុជា។ តំណាងឱ្យភាពផូរផង់នៃសិល្បៈ និមិត្តរូបនៃមោទនភាពជាតិ និងជាការរំលឹកដល់កេរ្តិ៍ដំណែលវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
គម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលរៀបចំផែនការ ហើយព័ត៌មានលម្អិតអំពីការរចនា និងកាលបរិច្ឆេទសាងសង់បញ្ចប់ នៅមិនទាន់បានប្រកាសឱ្យដឹងនៅឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រជាជនបានសម្តែងការរំភើបចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះរូបសំណាក អធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត ហើយសង្ឃឹមបានឃើញនាពេលឆាប់ៗនេះ៕