ប្រធានក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជម្រះមន្ទិលមហាជនលើការប្រកួតបាល់ទាត់មិត្ដភាព នៅកូរ៉េ
- 2025-02-26 04:17:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ជម្រះមន្ទិលមហាជនលើការប្រកួតបាល់ទាត់មិត្ដភាព នៅកូរ៉េ
ចន្លោះមិនឃើញ
ជាន់ទឹកដីប្រទេសកូរ៉េជាលើកទី២ នាយពាក់មីដែលជាប្រធានក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ គ្រោងបង្កើតព្រឹត្ដិការណ៍សប្បាយរីករាយ សាមគ្គីភាពក្នុងនាមជាខ្មែរតែមួយ តាមរយៈការប្រកួតបាល់ទាត់ និងច្រៀង រាំលេងកម្សាន្ដនៅពេលរាត្រីលើទឹកដីកូរ៉េ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
បើតាមលោក ចែម ចាន់រ៉ា ហៅនាយពាក់មី នេះជាការប្រកួតមិត្ដភាពរវាងក្រុមបាល់ទាត់បងប្អូនខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េ ជាមួយក្រុមរបស់លោកដែលមានសមាសភាពភាគច្រើនជាសិល្បករ។ គោលបំណងសំខាន់ដែលក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ ខំស្កាត់ទៅជួបបងប្អូនខ្មែរដើម្បីលេងកីឡា និងកម្សាន្ដសប្បាយនេះ គឺបង្កើនសាមគ្គីភាព ដោយកន្លងទៅបើគ្មានកម្មវិធីប្រគុំតន្ដ្រី ឬយុទ្ធនាការអ្វីមួយនោះទេ គឺបងប្អូនខ្មែរមិនងាយបានជួបគ្នាឡើយ។
នាយពាក់មី៖ “ខ្ញុំព្យាយាមមិននិយាយអ្វីទាំងអស់ទាក់ទងរឿងនយោបាយ! តែខ្ញុំដឹងតែទៅលើកនេះជួបប្រកួតមិត្ដភាពជាមួយបងប្អូនខ្មែរដែលបានណាត់គ្នាយូរមកហើយ ហើយដំណឹងប្រមូលគ្នាធ្វើបាតុកម្មដើម្បីរឿងស្នេហាជាតិអីនេះ ខ្ញុំទើបឮក្រោយទេ។ អីចឹងពេលហ្នឹង…បងប្អូនណាមកចូលរួមជាមួយពួកយើងក៏មកៗ ហើយបងប្អូនណាទៅជួបជុំធ្វើបាតុកម្មក៏ទៅៗជាសិទ្ធិសេរីភាពរបស់បងប្អូន”។
ក្នុងពេលដំណាលគ្នា នៃការប្រកួតបាល់ទាត់មិត្ដភាពនៅដើមខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ នឹងមានព្រឹត្ដិការណ៍ធំៗចំនួន ២ គឺទី១បងប្អូនខ្មែរមួយក្រុមនឹងចូលរួមគាំទ្របាល់ និងកម្សាន្ដសប្បាយជាមួយក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ និង១ក្រុមទៀតនឹងចូលរួមជាមួយក្រុមបាតុករដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាដោះស្រាយរឿងជាតិមួយចំនួន។
ទោះជាយ៉ាងណា បច្ចុប្បន្នក្រុមបាល់ទាត់បងប្អូនខ្មែររស់នៅ និងធ្វើការនៅប្រទេសកូរ៉េជាច្រើនក្រុម កំពុងប្រកួតជម្រុះ ហើយដំណឹងចុងក្រោយដែលទទួលបានដោយនាយពាក់មី គឺជម្រុះនៅសល់តែ ៨ក្រុមប៉ុណ្ណោះ ហើយ ៨ក្រុមនោះ នឹងត្រូវជ្រើសរើសសមាជិកឲ្យគ្រប់ចំនួន១ក្រុមបាល់ទាត់អាចប្រកួតជាមួយក្រុមផ្ការីកគ្រប់រដូវដែលឡើងពីប្រទេសកម្ពុជានេះទៅ។
ដោយមិនគិតពីនិន្នាការនយោបាយ នាយពាក់មីដែលជាប្រធានក្រុមបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នាផ្សារទំនើប ជីបម៉ុង ២៧១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ថា ព្រឹត្ដិការណ៍ប្រកួតក្រៅប្រទេសលើកនេះ គឺដើម្បីផ្សាភ្ជាប់កីឡានឹងទេសចរផង និងបង្ហាញពីទឹកចិត្ដស្រឡាញ់រាប់អាន សាមគ្គីគ្នារបស់បងប្អូនខ្មែរនៅក្រៅប្រទេសទាំងអស់ មិនថានៅតែប្រទេសកូរ៉េនោះទេ។
ជាក់ស្ដែងការប្រកួតមិត្ដភាពនៅប្រទេសថៃកន្លងទៅថ្មីៗនេះ ទទួលបានលទ្ធផលល្អ ហើយក្រុមផ្ការីកគ្រប់រដូវនឹងបន្ដចេញប្រកួតនៅប្រទេសផ្សេងៗទៀតដែលមានបងប្អូនខ្មែររស់នៅ ដោយមានការសហការគាំទ្រដោយក្រុមហ៊ុនឯកជននៅក្នុងស្រុក និងក្រៅស្រុកដូចជាព្រឹត្ដិការណ៍នេះដែរ៕