ក្រុងភ្នំពេញ ជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោមទីក្រុងមានជីវិតពេលរាត្រីល្អបំផុតទាំង ១៤ លើពិភពលោក

  • 2025-04-24 07:39:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញ បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជី “ទីក្រុងមានជីវិតពេលរាត្រីល្អបំផុតទាំង ១៤ លើពិភពលោក” ដែលចេញផ្សាយដោយ VISA2FLY។ ការវាយតម្លៃនេះបានបង្ហាញពីភាពរស់រវើកនៃជីវិតពេលរាត្រីនៅភ្នំពេញ ដែលទាក់ទាញទាំងអ្នកទេសចរជាតិ និង អន្តរជាតិ ជាមួយនឹងបារ ភោជនីយដ្ឋានតាមដងទន្លេ និងក្លឹបរាត្រីដ៏សម្បូរបែប។

ភ្នំពេញ៖ ឋានសួគ៌នៃជីវិតរាត្រីដែលមានតម្លៃសមរម្យ

តាមការវាយតម្លៃរបស់ VISA2FLY ភ្នំពេញ បានលេចធ្លោជាទីក្រុងមួយដែលផ្តល់ជីវិតពេលរាត្រីដ៏អស្ចារ្យក្នុងតម្លៃសមរម្យ។ ទីក្រុងនេះត្រូវបានកោតសរសើរចំពោះបារសម្ងាត់ (speakeasies) ដែលលាក់ខ្លួននៅតាមផ្លូវតូចៗ បារតាមដងទន្លេដែលផ្តល់ទិដ្ឋភាពរាត្រីដ៏ស្រស់ស្អាត និងផ្លូវ Bassac Lane ដ៏ល្បីល្បាញដែលពោរពេញទៅដោយភោជនីយដ្ឋាន និងបារទាន់សម័យ។ កន្លែងសំខាន់ៗដែលត្រូវទស្សនារួមមាន Eclipse Sky Bar ដែលផ្តល់ទិដ្ឋភាព ៣៦០ ដឺក្រេនៃទីក្រុង ក្លឹប Pontoon ដែលជាចំណុចកណ្តាលនៃជីវិតរាត្រី និងផ្លូវ Bassac Lane ដែលជាកន្លែងប្រមូលផ្តុំនៃបារតូចៗដ៏រស់រវើក។

VISA2FLY បានរំលេចថា ភ្នំពេញមានភាពទាក់ទាញដោយសារតម្លៃភេសជ្ជៈសមរម្យ និងកន្លែងភាគច្រើនមិនគិតថ្លៃចូល។ ភ្ញៀវអាចរីករាយជាមួយស្រាក្រឡុកតម្លៃសមរម្យ ការ Live Band តន្ត្រី បែបជែស (jazz nights) និងអាហារតាមផ្លូវនៅពេលយប់ជ្រៅ។

នៅក្នុងបញ្ជីរបស់ VISA2FLY ភ្នំពេញបានឈរនៅលំដាប់ទី២ ដោយនៅពីក្រោយទីក្រុងបាងកក ដែលជាប់ចំណាត់ថ្នាក់លេខ១។ យ៉ាងណាមិញ ភ្នំពេញត្រូវបានកោតសរសើរជាពិសេសសម្រាប់ភាពសមរម្យសម្រាប់អ្នកធ្វើដំណើរដែលមានថវិកាទាប ដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកស្វែងរកការកម្សាន្តពេលរាត្រី។

VISA2FLY ណែនាំថា ពេលវេលាល្អបំផុតដើម្បីទទួលបទពិសោធន៍ជីវិតពេលរាត្រីនៅភ្នំពេញគឺចន្លោះខែធ្នូ ដល់ខែមេសា ដែលជារដូវប្រាំង និងមានអាកាសធាតុស្រណុកស្រួល។ ជាមួយនឹងកំណើននៃអ្នកទេសចរ និងការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច ភ្នំពេញកំពុងបន្តអភិវឌ្ឍជីវិតនាពេលរាត្រីរបស់ខ្លួន។ បារថ្មីៗ និងក្លឹបរាត្រីកំពុងបើកជាបន្តបន្ទាប់ ដែលធ្វើឱ្យទីក្រុងនេះកាន់តែទាក់ទាញសម្រាប់អ្នកស្វែងរកការកម្សាន្ត។ ការវាយតម្លៃរបស់ VISA2FLY មិនត្រឹមតែបញ្ជាក់ពីភាពរីកចម្រើននេះប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យភ្នំពេញក្លាយជាគោលដៅសំខាន់សម្រាប់ជីវិតពេលរាត្រីនៅ អាស៊ីអាគ្នេយ៍៕

អត្ថបទ ៖ គីម ណារ៉ាក់