ផ្កាកុលាបជាង ២ លានដើម រីកស្គុសស្គាយ នៅលើផ្លូវ Highway លាតសន្ធឹងប្រវែង ៥០០ គីឡូម៉ែត្រ

  • 2025-04-30 08:06:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងខែមេសា ឆ្នាំ២០២៥នេះ ទីក្រុងហាងចូវ ខេត្តជឺជាំង ប្រទេសចិន បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ភ្នែកបំផុតមួយ ដោយសារផ្កាកុលាបជាង ២ លានដើមរីកស្គុសស្គាយនៅលើផ្លូវ Highway ដែលលាតសន្ធឹងប្រវែង ៥០០ គីឡូម៉ែត្រ។

យោងតាមគេហទំព័រ ehangzhou.gov.cn ផ្កាកុលាបជាង ២.១៥ លានដើម ដែលមានជាង ៤០ ពូជផ្សេងៗគ្នា ត្រូវបានដាំនៅតាមផ្លូវ Highway នៃទីក្រុងហាងចូវ ដែលបង្កើតបានជាទេសភាពដ៏អស្ចារ្យនៅរដូវផ្ការីកនៅខែមេសា។ គម្រោងនេះចាប់ផ្តើមតាំងពីឆ្នាំ២០០៩ ដោយអាជ្ញាធរទីក្រុងបានជ្រើសរើសពូជផ្កាកុលាបដែលអាចរីកបានជាច្រើនរដូវ និងមានភាពធន់ទៅនឹងអាកាសធាតុ។ ក្នុងឆ្នាំ២០២៥ ទីក្រុងហាងចូវមានគោលបំណងផ្សព្វផ្សាយវប្បធម៌ផ្កាកុលាបចិនទៅកាន់ឆាកអន្តរជាតិ និងចែករំលែកគំរូនៃការធ្វើទីក្រុងឱ្យបៃតងនេះជាមួយពិភពលោក។

ទីក្រុងហាងចូវត្រូវបានចាត់ទុកជាទីក្រុងលំដាប់ទី១ នៅភាគខាងត្បូងប្រទេសចិនសម្រាប់ចំនួនផ្កាកុលាប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គណៈប្រតិភូជាង ១៥០ មកពីខេត្តផ្សេងៗបានមកទស្សនកិច្ចនៅទីក្រុងនេះ ដើម្បីសិក្សាពីបទពិសោធន៍ដាំផ្កាកុលាប។ លទ្ធផលនេះបានជំរុញឱ្យទីក្រុងជាច្រើនទៀតនៅប្រទេសចិនចាប់ផ្តើមដាំផ្កាកុលាបនៅតាមដងផ្លូវរបស់ពួកគេ។

សម្រាប់អ្នកដែលចង់ទស្សនាទេសភាពផ្កាកុលាបដ៏អស្ចារ្យនេះ ខែមេសា និងដើមខែឧសភា ជាពេលវេលាដ៏ល្អបំផុត។ ទីក្រុងហាងចូវ មិនត្រឹមតែផ្តល់នូវទេសភាពផ្កាដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព និងភាពច្នៃប្រឌិត៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទថ្មី