ប្លាស្ទិកប្រមាណ ៤០០លានតោន ត្រូវបានផលិតក្នុង ១ឆ្នាំៗ កំពុងបង្ករគ្រោះថ្នាក់ សូម្បីទារកទើបបៅដោះ
- 2025-06-05 05:26:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្លាស្ទិកប្រមាណ ៤០០លានតោន ត្រូវបានផលិតក្នុង ១ឆ្នាំៗ កំពុងបង្ករគ្រោះថ្នាក់ សូម្បីទារកទើបបៅដោះ
ចន្លោះមិនឃើញ
កម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ផ្សេងៗលើបរិស្ថាន។ ទិវាបរិស្ថានជាតិ និងពិភពលោក ៥ មិថុនា ដែលកម្ពុជា បានប្រាព្ធឡើងរាល់ឆ្នាំតាំងពីឆ្នាំ១៩៩៣ មកនោះ នៅឆ្នាំ២០២៥ នេះ កម្ពុជាបានធ្វើក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងដោយការបំពុលពីប្លាស្ទិក” ក្រោមព្រះរាជវត្ដមានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមរបាយការណ៍របស់រដ្ឋមន្ដ្រីក្រសួងបរិស្ថាន លោក អ៊ាង សុផាឡែត នៅថ្ងៃនេះ ប្លាស្ទិកប្រមាណ ៤០០លានតោន ត្រូវបានគេផលិតឡើងក្នុង១ឆ្នាំៗ ដើម្បីបំពេញតម្រូវការដែលមនុស្សគ្រប់គ្នាបានប្រើវាទៅជាទម្លាប់ប្រចាំថ្ងៃ។ ក្នុងនោះ មានតែ ១២%ប៉ុណ្ណោះ ត្រូវបានដុតបំផ្លាញ និង៩% ត្រូវបានកែច្នៃឡើងវិញ។
បំណែកប្លាស្ទិកដែលនៅសល់ ត្រូវបោះចោលនៅតាមទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន រួមទាំងមហាសមុទ្រផងដែរ។ អ្វីដែលបារម្ភបំផុតនោះ គឺប្លាស្ទិកបានបំបែកខ្លួនជាបំណែកតូចៗ ដែលភាសាបច្ចេកទេសវេជ្ជសាស្ដ្រហៅថា មីក្រូ និងណាណូប្លាស្ទិក ដែលភាគល្អិតទាំងនេះកំពុងជ្រាបចូលទៅក្នុងខ្សែចង្វាក់ចំណីអាហារ បង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងជីវចម្រុះនៅក្នុងទឹក។
អ្នកជំនាញបរិស្ថាន និងផ្នែកវេជ្ជសាស្ដ្រ បានរកឃើញសារធាតុគីមីពីប្លាស្ទិក បានបំបែកខ្លួនទៅជាមីក្រូ និងណាណូប្លាស្ទិក កំពុងជ្រាបចូលចង្វាក់ចំណីអាហារយ៉ាងស្ងៀមស្ងាត់ និងបង្ករគ្រោះថ្នាក់ខ្លាំងបំផុតដល់សុខភាព ដែលសូម្បីតែទារកក៏គេចមិនផុតដែរ ព្រោះគេបានរកឃើញសារធាតុពុលទាំងនោះនៅក្នុងសសៃឈាមអាទែ ខួរក្បាល និងទឹកដោះម្ដាយ។
លោក អ៊ាង សុផាឡែត បញ្ជាក់ថា បើគ្មានវិធានការគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយនិរន្ដរភាពទេ នោះវានឹងហូរចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកដោយកើនឡើងជិត ៣ដង និងបរិមាណពី ១១លានតោន ក្នុងឆ្នាំ២០១៦ ទៅ ២៩លានតោន នៅឆ្នាំ២០៤០ ខាងមុខ៕