ស្មាត ប្រកាសការផ្លាស់ប្តូរថ្នាក់ដឹកនាំពីខែកញ្ញានេះតទៅ៖ លោក Ziad Shatara ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៅបង់ក្លាដែស ខណៈដែលលោក Ritesh Kumar Singh នឹងចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតអាស្យាតា

  • 2025-06-24 03:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Smart Axiata បានប្រកាសពីការផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងខែកញ្ញា ដោយលោក Ziad Shatara ដែលជានាយកប្រតិបត្តិបច្ចុប្បន្ន ត្រូវបានតែងតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Robi Axiata នៃប្រទេសបង់ក្លាដែស។ នេះជាជំពូកថ្មីមួយក្នុងអាជីពដ៏ឆ្នើមរបស់គាត់នៅក្នុងសម្ព័ន្ធ Axiata Group បន្ទាប់ពីដើរតួជាអ្នកដឹកនាំដ៏ឆ្នើមជិតបីឆ្នាំនៅក្រុមហ៊ុន Smart។

ស្របគ្នានេះដែរ លោក Ritesh Kumar Singh ត្រូវបានតែងតាំងជានាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Smart Axiata ដោយលោកនឹងចាប់ផ្តើមការងារជាផ្លូវការនៅខែកញ្ញា ឆ្នាំ 2025។ ក្នុងពេលបច្ចុប្បន្ន លោក Ziad នឹងបន្តដើរតួនាទីជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart ដើម្បីធានាបាននូវការផ្លាស់ប្តូរ និងប្រតិបត្តិការដែលរលូន ខណៈពេលដែលក្រុមហ៊ុនក៏បន្តជំរុញយុទ្ធសាស្ត្រសំខាន់ៗរបស់ខ្លួន។

លោក Vivek Sood អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Axiata បានបង្ហាញការកោតសរសើរចំពោះភាពជាអ្នកដឹកនាំ របស់លោក Ziad និងសូមស្វាគមន៍ចំពោះការតែងតាំង និងវត្តមានរបស់លោក Ritesh៖

“យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការតែងតាំងមុខដំណែងអ្នកដឹកនាំសំខាន់ៗ ដែលនេះបង្ហាញពីការប្តេជ្ញារបស់សម្ព័ន្ធក្រុមហ៊ុន Axiata ក្នុងការជំរុញការផ្លាស់ទីទេពកោសល្យ និងទាញយកផលពីជំនាញរបស់ពួកគាត់លើផ្នែកទូរគមនាគមន៍ ដើម្បីជំរុញការរីកចម្រើន និងនវានុវត្តន៍។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Ziad សម្រាប់ការរួមចំណែក និងការប្តេជ្ញាចិត្ត របស់លោកចំពោះបរិវត្តកម្ម និងការអភិវឌ្ឈន៍របស់ក្រុមហ៊ុនស្មាតនាពេលកន្លងមក។ ក្រោមការដឹកនាំរបស់លោក ស្មាតបានសម្រេចគោលដៅដ៏លេចធ្លោជាច្រើន រួមមានប្រសិទ្ធភាពនៃប្រតិបត្តិការការងារ ការច្នៃប្រឌិតផ្នែកឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព ខណៈពេលដែលស្មាតក៏បានបំពេញតួនាទីដ៏សំខាន់ក្នុងការគាំទ្រការរីកចម្រើនផ្នែកឌីជីថល និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។

ស្របពេលនេះដែរ យើងក៏សូមស្វាគមន៍លោក Ritesh ចំពោះការតែងតាំងជានាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនស្មាត។ លោក Ritesh មានបទពិសោធន៍យ៉ាងទូលំទូលាយ និងសមត្ថភាពដឹកនាំលើផ្នែកទូរគមនាគមន៍នៅអាស៊ី ដែលនេះបានធ្វើឲ្យ លោក Ritesh ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះក្នុងការក្លាយជាអ្នកដឹកនាំរបស់ក្រុមហ៊ុនស្មាតនាពេលខាងមុខ។”

លោក Ziad Shatara នាយកប្រតិបត្តិដែលនឹងត្រូវចាកចេញពីក្រុមហ៊ុន បានបង្ហាញពីការអរគុណ និងបង្ហាញនូវទំនុកចិត្ត នាពេលអនាគតថា៖ “ខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ព័ន្ធក្រុមហ៊ុន Axiata ចំពោះការគាំទ្រលើដំណើរការនៃការគ្រប់គ្រងដឹកនាំរបស់ខ្ញុំនៅក្រុមហ៊ុនស្មាតនាពេលកន្លងមក។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ដល់ក្រុមការងារដ៏ល្អរបស់ស្មាត ដែលប្រឹងប្រែងធ្វើការពោរពេញដោយក្តីស្រឡាញ់ ការប្តេជ្ញាចិត្ត និងការអត់ធន់ដែលជាកត្តាកំណត់នូវ ជោគជ័យ និងបរិវត្តរបស់ក្រុមហ៊ុន។

ខណៈពេលដែលខ្ញុំប្រគល់តំណែងនេះបន្តទៅឱ្យលោក Ritesh ខ្ញុំជឿជាក់ថា Smart នឹងបន្តរីកចម្រើនជាដរាប។ ជាមួយនឹងការដឹកនាំរបស់លោក និងក្រុមការងារឆ្នើមនេះ ក្រុមហ៊ុន Smart នឹងបន្តអភិវឌ្ឍលើផ្នែកនវានុវត្តន៍ឌីជីថល និងផ្តល់នូវសមិទ្ធផលយូរអង្វែងសម្រាប់ប្រទេសកម្ពុជា”។

លោក Ritesh គឺជាអ្នកដឹកនាំដែលទទួលបានការគោរពខ្ពស់ នឹងមានបទពិសោធន៍ជិត 30 ឆ្នាំនៅក្នុងវិស័យ ទូរគមនាគមន៍នៅទូទាំងទ្វីបអាស៊ី និងតំបន់អាស៊ីអាគ្នេយ៍។ លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំនៅ VEON (ប្រទេសបង់ក្លាដែស) Bharti Airtel (ប្រទេសឥណ្ឌា) Telenor (ទ្វីបអាស៊ី និងប្រទេសឥណ្ឌា) ហើយថ្មីៗនេះបានបម្រើការជានាយកផ្នែកពាណិជ្ជកម្មនៅ Indosat Ooredoo Hutchison (ប្រទេសឥណ្ដូនេស៊ី)។

លោកបានកសាងកេរ្តិ៍ឈ្មោះ ដោយផ្អែកលើសមត្ថភាពក្នុងស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ផ្តោតលើអតិថិជន និងសមត្ថភាពខ្ពស់ក្នុងការបត់បែននៅក្នុងទីផ្សារដែលមានការប្រកួតប្រជែងខ្ពស់។ លោកមានភាពល្បីល្បាញលើ ភាពប៉ិនប្រសព្វក្នុងការបង្វែរស្ថានការណ៍ពីមិនអំណោយផល ឱ្យចេញជាសមិទ្ធផល។ លោក Ritesh នឹងនាំមកនូវប្រសិទ្ធភាពនៃប្រតិបត្តិការងារ យុទ្ធសាស្ត្រច្បាស់លាស់ និងភាពជាអ្នកដឹកនាំដែលយកចិត្តទុកដាក់លើក្រុមការងារ និងសហគមន៍។

ការតែងតាំងរបស់លោកបានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart Axiata ចំពោះការដឹកនាំប្រកបដោយតម្លាភាព និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។ ក្រុមហ៊ុនមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន Smart នឹងបន្តពង្រឹងជំហររបស់ខ្លួនបន្ថែមទៀតក្នុងនាមជាប្រតិបត្តិករប្រកបដោយទំនុកចិត្ត និងនវានុវត្តន៍សម្រាប់កម្ពុជា។

នៅពេលដែលលោករៀបចំខ្លួនលើទំនួលខុសត្រូវថ្មីនេះ លោក Ritesh បានចែករំលែកចក្ខុវិស័យរបស់លោក៖ “តម្លៃស្នូលរបស់ស្មាត ការជឿទុកចិត្តពីអតិថិជន និងដៃគូរបស់យើង ព្រមទាំងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត នឹងបន្តជាមាគ៌ាដ៏សំខាន់ក្នុងការនាំផ្លូវរបស់យើង។ ជាមួយនឹងកម្លាំងចិត្ត ក្តីស្រឡាញ់ និងទេពកោសល្យរបស់ក្រុមការងារដ៏អស្ចារ្យរបស់ស្មាត យើងមានបំណងបង្កើតស្តង់ដារថ្មីលើវិស័យទូរគមនាគមន៍នៅកម្ពុជា ស្របជាមួយនឹងការជំរុញការអភិវឌ្ឈ ប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន។ ខ្ញុំជឿជាក់យ៉ាងម៉ឺងម៉ាត់ថា យើងនឹងបង្កើតបាននូវទំព័រថ្មីល្អបំផុតមួយរបស់ស្មាត នាពេលខាងមុខ។ ជាមួយនឹងការជឿទុកចិត្តដែលបានកសាងនាពេលកន្លងមក និងការប្តេជ្ញារបស់ក្រុមការងារដែលសកម្មរបស់យើង យើងនឹងអាចស្វែងរកបាននូវសក្តានុពលដ៏អស្ចារ្យនាពេលខាងមុខ។”

អំពី Smart

ក្រុមហ៊ុន Smart Axiata ផ្តល់ជូននូវសេវាកម្មទូរគមនាគមន៍ និងដំណោះស្រាយ ICT នៅក្នុងប្រទេសកម្ពុជា ទៅកាន់អតិថិជនជាង 7.5 លាននាក់។ តាមរយៈការផ្លាស់ប្តូរទៅជាម៉ាកយីហោបច្ចេកវិទ្យាទូរសព្ទចល័ត និងឌីជីថលដ៏ទូលំទូលាយ ក្រុមហ៊ុនកំពុងផ្លាស់ប្ដូរទិដ្ឋភាពឌីជីថលរបស់ប្រទេស ទាំងនៅលើការកម្សាន្ត របៀបរស់នៅ និងផលិតភាព តាមរយៈការផ្តល់ជូននូវនវានុវត្តន៍ជាច្រើន។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Axiata Group Berhad ដែលជាក្រុមទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ីអាគ្នេយ៍ ក្រុមហ៊ុន Smart គឺជាសហគ្រាសម៉ាឡេស៊ីដ៏សំខាន់មួយផ្នែកដែលទទួលបានវិនិយោគទន់មួួយភាគធំពី មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលនេះធ្វើឱ្យ Smart ទទួលបានអត្ថប្រយោជន៍ពីអ្នកជំនាញក្នុងតំបន់ និងស្តង់ដារពិភពលោក។ បង្អែកដ៏រឹងមាំនេះបញ្ជាក់ពីជំហរដ៏រឹងមាំរបស់ Smart ក្នុងការផ្តល់សេវាស្តង់ដារពិភពលោក ដោយរួមចំណែកជ្រោមជ្រែងនូវបរិយាប័ន្នឌីជីថល និងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជា។

ដោយ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម
អត្ថបទថ្មី