កម្ពុជា ព្យាករណ៍ទទួលបានភ្ញៀវទេសចរ ៧,៥ លាននាក់ ក្នុងឆ្នាំ២០២៥
- 2025-07-01 05:17:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ព្យាករណ៍ទទួលបានភ្ញៀវទេសចរ ៧,៥ លាននាក់ ក្នុងឆ្នាំ២០២៥
ចន្លោះមិនឃើញ
វិស័យទេសចរណ៍ បានក្លាយទៅជាសសរស្ដម្ភសំខាន់មួយ ក្នុងចរន្ដសេដ្ឋកិច្ចកម្ពុជា វិស័យទេសចរណ៍បានរួមចំណែក ៩,៤% នៃផលិតផលក្នុងស្រុកសរុប (GDP) កម្ពុជា កាលពីឆ្នាំ២០២៤ ក្នុងនោះយើងទទួលបានភ្ញៀវទេសចរបរទេសសរុប ៦,៧ លាននាក់ ដែលកើនឡើងជិត ២៣% ធៀបនឹងឆ្នាំ២០២៣ និងចរាចរណ៍ភ្ញៀវទេសចរជាតិ មានជាង ២២,៥ លាននាក់ កើនឡើង ២២% ផងដែរ។
ក្រសួងទេសចរណ៍ បានព្យាករណ៍ថា កម្ពុជានឹងអាចមានលទ្ធភាព ទទួលបានភ្ញៀវទេសចរបរទេសប្រមាណ ៧,៥ លាននាក់ ក្នុងឆ្នាំ២០២៥ តាមរយៈយុទ្ធនាការណ៍ ផ្សព្វផ្សាយទេសចរណ៍ Green Season នៅអំឡុងខែឧសភា ទៅដល់តុលា ដោយកែប្រែពីរដូវកាលទេសចរណ៍ទាប “Low Season” ទៅជារដូវកាលទេសចរណ៍បៃតង “Green Season” នឹងការជំរុញផ្សព្វផ្សាយ កសិ-ទេសចរណ៍ សហគមន៍ទេសចរណ៍បៃតង និងតំបន់ទេសចរណ៍ធម្មជាតិ ទៅកាន់ពិភពលោក ជាការធ្វើពិពិធកម្ម វិស័យទេសចរណ៍នៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកម្សាន្ដច្រើន ពេញមួយឆ្នាំ។
ចន្លោះពីខែមករា ដល់ខែឧសភា កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ២,៩៥ លាននាក់ ដែលកើនឡើងជាង ១១% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ រីឯភ្ញៀវទេសចរជាតិ ធ្វើដំណើរកម្សាន្ដក្នុងប្រទេស មានជាង ១៣ លាននាក់ កើនឡើង ៥០% ផងដែរ។
បន្ថែមពីនេះ នៅអំឡុងខែតុលា អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធប្រើប្រាស់ជាផ្លូវការ ដោយរំពឹងអាចទទួលបានអ្នកដំណើរប្រមាណ ១៣ លាននាក់/ឆ្នាំ ក្នុងដំណាក់កាលទី១ ចន្លោះពីឆ្នាំ២០២៥-២០៣០ ដូចនេះ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនបន្ថែមទៀត។