ទំនាក់ទំនងការទូតកម្ពុជា-ថៃ បានធ្លាក់មកកម្រិតទាបបំផុត

  • 2025-07-25 04:45:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ បានធ្លាក់មកដល់កម្រិតទាបបំផុត ផ្ដើមចេញពីការផ្ទុះអាវុធ ដែលទាហានថៃ បាញ់សម្លាប់យោធាខ្មែរម្នាក់ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ការបិទច្រកព្រំដែនដោយឯកតោភាគី ការគំរាមកំហែងផ្នែកពាណិជ្ជកម្មមកលើកម្ពុជា បណ្ដេញឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកកត្រលប់មកកម្ពុជាវិញ និងចុងក្រោយបិទច្រកចូលប្រាសាទចំនួន២ និងចេញប្រតិបត្តិការ វាយប្រហារមកលើកងទ័ពកម្ពុជាមុន។

ទង្វើទាំងអស់នេះ បានបង្កើតភាពតានតឹងកាន់តែខ្លាំងឡើងៗរវាងកម្ពុជា-ថៃ រហូតដល់មានការផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ផ្ដើមឡើងដោយកងទ័ពថៃ ហើយភាគីកម្ពុជាគ្មានជម្រើសអ្វីក្រៅពីប្រើសិទ្ធការពារខ្លួនឡើយ។ ថ្វីត្បិតតែ មិនទាន់មានការប្រកាសសង្គ្រាមជាផ្លូវការ ប៉ុន្តែនាយករដ្ឋមន្ត្រីស្ដីទីថៃលោក Phumtham Wechayachai បដិសេធមិនមានការចរចាជាមួយភាគីកម្ពុជាឡើយ រហូតដល់ការប្រយុទ្ធបញ្ចប់។

ក្រសួងការបរទេស និងទំនាក់ទំនងអន្តរជាតិ បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតជាមួយប្រទេសថៃ មកកម្រិតទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ ក៏ដូចជាតម្រូវឱ្យមន្ត្រីទូតថៃកែសម្រួលចេញពីកម្ពុជាដូចគ្នា។

អត្ថបទ៖ Khong Phearum