មន្ត្រីកម្ពុជារៀបចំធ្វើដំណើរទៅកូរ៉េ សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់
- 2025-08-25 03:58:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីកម្ពុជារៀបចំធ្វើដំណើរទៅកូរ៉េ សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់
ចន្លោះមិនឃើញ
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ2025៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានរៀបចំវគ្គតម្រង់ទិសមុនចេញដំណើរ ដល់មន្ត្រីកម្ពុជាចំនួន ១៥រូប មកពីរដ្ឋបាលក្រុងភ្នំពេញ (PPCA) និង ក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT) ដើម្បីត្រៀមខ្លួនចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅសាធារណរដ្ឋកូរ៉េ។
មន្ត្រីខាងលើ នឹងចូលរួម “កម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការអប់រំទាក់ទិននឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ ក្នុងទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា (2024-2026)” ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា។ កម្មវិធីនេះ មានគោលបំណងពង្រឹងការយល់ដឹងអំពី ការគ្រប់គ្រងសំណល់ តាមរយៈហេដ្ឋារចនាសម្ព័ន្ធបៃតង និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាបង្កើនចំណងទំនាក់ទំនងទ្វេភាគី រវាងប្រទេសកូរ៉េនិងកម្ពុជា។ ក្នុងកិច្ចបើកវគ្គទម្រង់ទិស លោកស្រី Lee Sejin នាយិការងនៃទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា បានអបអរសាទរមន្ត្រីកម្ពុជា និងលើកឡើងពីសារៈសំខាន់នៃការចែករំលែកចំណេះដឹង ក្នុងការគាំទ្រគោលដៅអាទិភាព នៃការអភិវឌ្ឍន៍នៅកម្ពុជា។ លោកស្រីបានបន្តថា KOICA នៅតែបន្តប្ដេជ្ញាចិត្ត ក្នុងការពង្រឹងធនធានមនស្ស ក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម អប់រំ បរិស្ថាន សុខភាព និងហេដ្ឋារចនាសម័្ពន្ធ ជាដើម។
ក្នុងកម្មវិធីតម្រង់ទិសនេះ អ្នកចូលរួមដែលជាមន្ត្រី បានស្វែងយល់បន្ថែមអំពីកិច្ចការរបស់ KOICA នៅកម្ពុជា ក៏ដូចជាសេចក្ដីណែនាំអំពីកម្មវិធីបណ្ដុះបណ្ដាល និងព័ត៌មានផ្សេងៗដែលជាជំនួយសម្រាប់មន្រ្តី ដែលនឹងចូលរួមកម្មវិធីបណ្ដុះបណ្ដាលនៅប្រទេសកូរ៉េ។ បន្ថែមពីនេះ មន្រ្តីដែលជាអ្នកចូលរួម ក៏ត្រូវបានណែនាំពីក្រមសីលធម៌ ដោយផ្ដោតជាពិសេសលើសុចរិតភាព និងការចៀសវាងពីការបៀតបៀនផ្លូវភេទ។ ព័ត៌មានស្ដីពីឱកាសក្លាយជាសមាជិកនៃ សមាគមអតីតកម្មសិក្សាការី កម្ពុជា -កូរ៉េ (CAMKAA) ក្រោយពីកម្មវិធីបណ្ដុះបណ្ដាល ក៏ត្រូវបានបង្ហាញក្នុងកម្មវិធីតម្រង់ទិសផងដែរ។
លោក កៅ កែវពន្លឺ មន្រ្តីលេខាធិការដ្ឋាន នៃសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) និងជាអតីតអ្នកចូលរួមនៃកម្មវិធី KOICA ឆ្នាំ២០២៤ បានចែករំលែកពីការអភិវឌ្ឍន៍សមត្ថភាពនិងវិជ្ជាជីវៈ ក៏ដូចជាលទ្ធផលការងារ ដែលលោកទទួលបាន តាមរយៈកម្មវិធីបណ្ដុះបណ្ដាលនៅកូរ៉េ។ លោកក៏បានចែករំលែកពីបទពិសោធន៍ផ្លាស់ប្ដូរវប្បធម៌ ក្នុងអំឡុងពេលស្នាក់នៅកូរ៉េផងដែរ។
ព្រមជាមួយនេះ មន្ត្រីតំណាងពីរដ្ឋបាលក្រុងភ្នំពេញ និង ក្រសួងសាធារណការនិងដឹកជញ្ជូន បានផ្តល់សេចក្តីសង្ខេបអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់។
មន្រ្តីរាជការដែលជាអ្នកចូលរួម បានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីតម្រង់ទិសនេះ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ KOICA និងរដ្ឋាភិបាលកូរ៉េ ចំពោះការជ្រោមជ្រែងក្នុងកម្មវិធី។