ក្រុមហ៊ុន Smart Axiata សហការជាមួយ FastWin Media ដើម្បីផ្ដល់ជូនសេវា WiFi ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទៅ-មកពីអាកាសយានដ្ឋានអន្តរជាតិតេជោ តាមរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ
- 2026-02-02 03:40:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុន Smart Axiata សហការជាមួយ FastWin Media ដើម្បីផ្ដល់ជូនសេវា WiFi ដោយឥតគិតថ្លៃសម្រាប់អ្នកដំណើរទៅ-មកពីអាកាសយានដ្ឋានអន្តរជាតិតេជោ តាមរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ
ចន្លោះមិនឃើញ
ភ្នំពេញ ថ្ងៃទី02 ខែកុម្ភៈ ឆ្នាំ 2026៖ ការតភ្ជាប់ពិតជាមានសារៈសំខាន់បំផុតសម្រាប់ពេលធ្វើដំណើរ ជាពិសេសសម្រេាប់ទេសចរណ៍ដែលធ្វើដំណើរមកកាន់ប្រទេសថ្មី។ ដោយយល់អំពីតម្រូវការនេះ ក្រុមហ៊ុន Smart Axiata និង FastWin Media Co., Ltd បានការអនុញ្ញាត និងសហការដោយ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង រាជធានីភ្នំពេញ ដើម្បីផ្ដល់នូវបទពិសោធន៍កាន់តែប្រសើរជាមួយ WiFi ល្បឿនលឿនដោយឥតគិតថ្លៃ នៅតាមចំណតរង់ចាំរថយន្តក្រុង និងនៅលើរថយន្តក្រុងផ្ទាល់ ដែលបម្រើសេវាកម្មដឹកជញ្ជូនទៅមកពីអាកាសយានដ្ឋានអន្តរជាតិតេជោ។ កិច្ចផ្ដួចផ្ដើមនេះ ជាចំណុចសំខាន់មួយដែលជួយលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យប្រកបដោយស្តង់ដារ និងអាចប្រកួតជាមួយទិសដៅទេសចរណ៍អន្តរជាតិដទៃទៀតបាន។
គំនិតផ្តួចផ្តើមដែលមិនធ្លាប់មានពីមុនមកនេះបានជួយផ្សារភ្ជាប់គម្លាតឌីជីថលរវាងអាកាសយានដ្ឋាន និងទីក្រុងដោយធានាថាអ្នកដំណើរនៅតែអាចរក្សាការភ្ជាប់ទំនាក់ទំនងបាន នៅពេលឈានជើងចេញពីព្រលានយន្តហោះ។ មិនតែប៉ុណ្ណោះ អ្នកដំណើរដទៃទៀតក៏អាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនេះផងដែរ ខណៈដែលរថយន្តក្រុងរត់កាត់មហាវិថីព្រះមុនីវង្សដ៏មម៉ាញឹក។
ឥឡូវនេះភ្ញៀវទេសចរអាចរីករាយ ជាមួយការធ្វើដំណើរដ៏រលូន និងមានការភ្ជាប់ទំនាក់ទំនងជានិច្ច ចាប់ពីពេលមកដល់រហូតដល់គោលដៅ។ អ្នកធ្វើដំណើរអាចប្រើប្រាស់ WiFi ឥតគិតថ្លៃ ដើម្បីស្វែងរកផ្លូវក្នុងទីក្រុង ប្រាស្រ័យទាក់ទងជាមួយមនុស្សជាទីស្រឡាញ់ ឆែកមើលព័ត៌មាន ឬចែកចាយចំណាប់អារម្មណ៍ដំបូងអំពីប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះដែរ អ្នកដំណើរក្នុងស្រុកក៏អាចទទួលបានអត្ថប្រយោជន៍ពីបទពិសោធន៍ថ្មី នៃការប្រើប្រាស់មធ្យោបាយធ្វើដំណើរដោយរថយន្តក្រុងសាធារណៈដែលកាន់តែមានភាពងាយស្រួល និងទំនើបជាងមុនផងដែរ។
ការតភ្ជាប់ឌីជីថល ដែលប្រកបដោយចីរភាព
បទពិសោធន៍ថ្មីដ៏អស្ចារ្យនេះ ចាប់ផ្តើមចេញពីចំណតរង់ចាំ ដែលបានប្រែក្លាយខ្លួនទៅជាស្ថានីយ៍រង់ចាំរថយន្តក្រុងសាធារណៈដ៏មានផាសុកភាព មានការភ្ជាប់អ៊ីនធឺណិត និងដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ តាមរយៈការបំពាក់នូវប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿនរបស់ក្រុមហ៊ុន Smart ស្ថានីយ៍ទាំងនោះបានប្រែក្លាយពេលវេលារង់ចាំ ឱ្យទៅជាពេលវេលាដែលមានផលិតភាព ដែលអនុញ្ញាតឱ្យអ្នកដំណើរអាចកក់សណ្ឋាគារ រៀបចំមធ្យោបាយធ្វើដំណើរ ពិនិត្យមើលសំបុត្រតាមអនឡាញ ឬគ្រាន់តែរក្សាការទំនាក់ទំនង ជាមួយក្រុមគ្រួសារ និងមិត្តភក្តិដោយគ្មានការរំខាន។
តាមរយៈការប្រើប្រាស់ថាមពលស្អាតពីពន្លឺព្រះអាទិត្យ ស្ថានីយ៍ទាំងនោះបានឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ក្រុមហ៊ុន Smart និង FastWin Media ចំពោះចីរភាព។ នេះបញ្ជាក់ឱ្យឃើញថា នវានុវត្តន៍ឌីជីថល ក៏អាចដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវចំពោះបរិស្ថានផងដែរ។ តាមរយៈការរួមបញ្ចូលការប្រើប្រាស់ថាមពលបៃតងទៅក្នុងហេដ្ឋរចនាសម្ព័ន្ធសាធារណៈចាំបាច់នេះ ក្រុមហ៊ុនទាំងពីរកំពុងចូលរួមគាំទ្រដល់ការអភិវឌ្ឍសេវាកម្មទេសចរណ៍របស់កម្ពុជាប្រកបដោយចីរភាព។៊
លោកស្រី ឯក រតនា អគ្គនាយិកាក្រុមហ៊ុន FastWin Media Co., Ltd. បានមានប្រសាសន៍ថា “ក្នុងរយៈពេលជិតដប់ឆ្នាំកន្លងមក FastWin Media បានរួមដំណើរជាមួយការរីកលូតលាស់នៃទីក្រុងរបស់យើង ក្រោមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវការផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយគុណភាព និងផ្តល់នូវគុណតម្លៃបន្ថែមដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ កិច្ចសហការរបស់យើងជាមួយក្រុមហ៊ុន Smart នេះ ជាការឆ្លុះបញ្ចាំងពីគោលដៅរួមគ្នាក្នុងការកែប្រែទីធ្លាសាធារណៈឱ្យកាន់តែមានភាពឆ្លាតវៃ មានការតភ្ជាប់កាន់តែប្រសើរ និងគិតគូរដល់បរិស្ថាន ដើម្បីបម្រើដល់តម្រូវការរបស់ទាំងភ្ញៀវទេសចរណ៍ និងអ្នកធ្វើដំណើរទូទៅ។”
ការភ្ជាប់ទំនាក់ទំនងដោយរលូន ទាំងពេលរង់ចាំ និងអំឡុងពេលធ្វើដំណើរ
នៅពេលឡើងជិះលើរថយន្ត អ្នកដំណើរអាចរីករាយជាមួយនឹង WiFi ដែលដំណើរការដោយបច្ចេកវិទ្យា 5G ល្បឿនលឿន និងគួរឱ្យទុកចិត្តបំផុតរបស់ក្រុមហ៊ុន Smart នៅលើរថយន្តក្រុងទៅមក ពីអាកាសយានដ្ឋានអន្តរជាតិតេជោ។
អ្នកដំណើរបានបង្ហាញពីការពេញចិត្ត ដោយលើកឡើងថា៖ “WiFi ឥតគិតថ្លៃពិតជាមានសារៈសំខាន់បំផុតសម្រាប់អ្នកដំណើរដែលមកដល់គោដៅដំបូង។ ខ្ញុំអាចមើលផែនទី ស្វែងរកគោលដៅ និងជូនដំណឹងដល់គ្រួសារកុំឱ្យគាត់បារម្ភផងដែរ។ វាជួយធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ទីក្រុងភ្នំពេញពិតជាមានភាពកក់ក្ដៅ និងយល់អំពីតម្រូវការរបស់អ្នកធ្វើ់ដំណើរពិតមែន។”
ការភ្ជាប់ទំនាក់ទំនងជាមួយនឹងការប្ដេជ្ញាចិត្ត
លោក Ritesh Kumar Singh នាយកប្រត្តិបត្តិនៃក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ «ក្រុមហ៊ុន Smart ជឿជាក់ថា រាល់ការភ្ជាប់ទំនាក់ទំនង ត្រូវតែផ្តល់នូវផលប្រយោជន៍ពិតប្រាកដ និងជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ តាមរយៈការផ្តល់ជូននូវសេវាអ៊ីនធឺណិតល្បឿនលឿនដោយឥតគិតថ្លៃចាប់តាំងពីចំណតរង់ចាំរថយន្តក្រុង រហូតដល់នៅលើរថយន្តក្រុងផ្ទាល់ យើងមានគោលបំណងគាំទ្រដល់វិស័យទេសចរណ៍របស់កម្ពុជា ព្រមទាំងធ្វើឱ្យមធ្យោបាយធ្វើដំណើរសាធារណៈ កាន់តែមានភាពទាក់ទាញ ងាយស្រួលប្រើប្រាស់ និងប្រកបដោយចីរភាព។»
គំនិតផ្តួចផ្តើមនេះ គឺផ្អែកលើការប្តេជ្ញាចិត្តរបស់ Smart និង FastWin Media ចំពោះបរិយាបន្នឌីជីថល និងការរីកចម្រើនប្រកបដោយការទទួលខុសត្រូវ។ តាមរយៈការភ្ជាប់គម្លាតឌីជីថល ក្រុមហ៊ុនមិនត្រឹមតែលើកកម្ពស់បទពិសោធន៍របស់អ្នកដំណើរនោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គមនិងបរិស្ថានផងដែរ។ ការលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈនេះ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងការបញ្ចេញឧស្ម័នកាបូន ដែលរួមចំណែកដល់ការបង្កើតបរិស្ថានទីក្រុងដែលគួរឱ្យចង់រស់នៅ។ សំខាន់បំផុត ការតភ្ជាប់ដ៏រលូននេះ ចូលរួមបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមានបំពាក់នូវបរិក្ខាបច្ចេកវិទ្យាទំនើប មានភាពកក់ក្តៅ និងមានចក្ខុវិស័យវែងឆ្ងាយ។