យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ីចាប់ដៃគូគ្នាវិនិយោគលើអនាគតរបស់កុមារ និងយុវជនកម្ពុជា
- 2026-08-24 09:59:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ីចាប់ដៃគូគ្នាវិនិយោគលើអនាគតរបស់កុមារ និងយុវជនកម្ពុជា
ចន្លោះមិនឃើញ
ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ យូនីសេហ្វ និងក្រុមហ៊ុនអូស៊ីអាយស៊ីគ្រុប (OCIC Group) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់កុមារ និងយុវជននៅប្រទេសកម្ពុជា។ ភាពជាដៃគូរយៈពេលច្រើនឆ្នាំនេះ ដែលជាកិច្ចសហការលើកដំបូងបង្អស់រវាងយូនីសេហ្វប្រចាំកម្ពុជា ជាមួយក្រុមហ៊ុនអាជីវកម្មចម្រុះដ៏ធំមួយ មានគោលបំណងទាញយកសក្តានុពល និងចំណុចខ្លាំងរបស់ស្ថាប័នទាំងពីរ ដើម្បីបង្កើតឱ្យមានផលវិជ្ជមាន និងប្រកបដោយចីរភាពសម្រាប់កុមារ គ្រួសារ និងសហគមន៍។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយដោយឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពុជា ដែលជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។ ពិធីចុះហត្ថលេខានេះក៏មាន លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC និង លោកស្រី Moiltmaa Sarantuya អ្នកឯកទេសផ្នែកដៃគូសហប្រតិបត្តិការនៃយូនីសេហ្វប្រចាំកម្ពុជា អញ្ជើញចូលរួមជាសក្ខីភាពក្នុងពិធីនេះផងដែរ។
លោកស្រី ដាម៉ាច ម៉ាហា នាយិកាយូនីសេហ្វប្រចាំកម្ពជា បានមានប្រសាសន៍ថា៖ «រាល់ពេលដែលខ្ញុំបានជួបយុវជននៅកម្ពុជា ខ្ញុំតែងតែចាប់អារម្មណ៍ខ្លាំងចំពោះមហិច្ឆតា ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការកសាងអនាគតដ៏ប្រសើរសម្រាប់ខ្លួនឯង និងសហគមន៍របស់ពួកគេ។ អ្វីដែលពួកគេត្រូវការ គឺឱកាសដើម្បីប្រែក្លាយសក្តានុពលទាំងនោះឱ្យទៅជាការពិត។ នោះហើយជាមូលហេតុដែលខ្ញុំមានសេចក្តីរំភើបយ៉ាងខ្លាំងចំពោះភាពជាដៃគូជាមួយក្រុមហ៊ុន OCIC នាពេលនេះ។ តាមរយៈការរួមបញ្ចូលគ្នារវាងភាពជាអ្នកដឹកនាំក្នុងវិស័យធុរកិច្ច និងឯកទេសរបស់យូនីសេហ្វ យើងអាចជួយបំពាក់បំប៉នយុវជននូវជំនាញ ការគាំទ្រ និងឱកាសដែលពួកគេត្រូវការ ដើម្បីឱ្យពួកគេអាចរីកចម្រើនប្រកបដោយជោគជ័យក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រមទាំងជំរុញការអនុវត្តធុរកិច្ចដែលគោរព និងគាំទ្រដល់សិទ្ធិកុមារផងដែរ»។
ក្នុងអំឡុងពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជាសម្រេចបាននូវសមិទ្ធផលផ្លែផ្កាសំខាន់ៗក្នុងការលើកកម្ពស់សិទ្ធិកុមារ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុមារ និងយុវជនជាច្រើននៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានការអប់រំមានគុណភាព សេវាថែទាំសុខភាព ការគាំពារ និងឱកាសប្រកបដោយសមធម៌ក្នុងការអភិវឌ្ឍសមត្ថភាព និងការចូលរួមក្នុងសហគមន៍របស់ពួកគេ។
ឧកញ៉ាវេជ្ជបណ្ឌិត Pung Carolyne អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះបានផ្តល់ឱ្យយើងនូវក្របខណ្ឌការងារយ៉ាងច្បាស់លាស់ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តឱ្យទៅជាសកម្មភាពជាក់ស្តែង ដូចជាការបណ្តុះបណ្តាលវិជ្ជាជីវៈ ការណែនាំតម្រង់ទិស និងឱកាសកម្មសិក្សា និងការបង្កើតគោលនយោបាយកន្លែងធ្វើការដែលអំណោយផលដល់បុគ្គលិកមានគ្រួសារនៅរាល់ប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចរបស់យើង។ បន្ថែមពីនេះ វាក៏បើកផ្លូវសម្រាប់ការគាំទ្រដល់គំនិតផ្តួចផ្តើមដែលផ្តោតលើកុមារ និងការប្រែប្រួលអាកាសធាតុផងដែរ។ តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយយូនីសេហ្វ យើងអាចពង្រីកវិសាលភាពនៃការជួយជ្រោមជ្រែង ចែករំលែកធនធាន និងជំនាញបច្ចេកទេស ដើម្បីបង្កើតផលជះជាវិជ្ជមានប្រកបដោយចីរភាពសម្រាប់កុមារ និងយុវជននៅទូទាំងប្រទេសកម្ពុជា»។
តាមរយៈអនុស្សរណៈនេះ យូនីសេហ្វ និងក្រុមហ៊ុន OCIC នឹងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សិទ្ធិកុមារក្នុងវិស័យធុរកិច្ច និងសហគមន៍ទាំងមូល គាំទ្រការទទួលបានសេវាសង្គមមានគុណភាព និងស្វែងរកគំនិតផ្តួចផ្តើមច្នៃប្រឌិតថ្មីៗដើម្បីជួយឱ្យកុមារ និងយុវជនអភិវឌ្ឍសមត្ថភាពបានពេញលេញ ជាពិសេសក្រុមដែលងាយរងគ្រោះបំផុត ដើម្បីធានាថាការអភិវឌ្ឍផ្ដល់ផលប្រយោជន៍ដល់កុមារ និងគ្រួសារទាំងអស់ដោយឥតរើសអើង។ កិច្ចព្រមព្រៀងនេះក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះតម្លៃស្នូលនៃ «សិទ្ធិកុមារ និងគោលការណ៍ធុរកិច្ច» ដែលជាក្របខ័ណ្ឌណែនាំរបស់យូនីសេហ្វសម្រាប់វិស័យឯកជន ក្នុងការស្វែងយល់ និងដោះស្រាយផលប៉ះពាល់នៃសកម្មភាពអាជីវកម្មមកលើសិទ្ធិ និងសុខុមាលភាពរបស់កុមារ។
កិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើវិស័យអាទិភាពសំខាន់ៗមួយចំនួន រួមមាន៖ការលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងការអនុវត្តធុរកិច្ចប្រកបដោយការទទួលខុសត្រូវ គំនិតផ្តួចផ្តើមដែលគាំទ្រដល់ការអប់រំ និងការចូលរួមរបស់យុវជន ការលើកកម្ពស់គោលនយោបាយកន្លែងធ្វើការដែលគិតគូរដល់គ្រួសារ និងផលិតផលសេវាកម្មដែលគិតគូរដល់កុមារ ការលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមបន្ថែមទៀតក្នុងការបង្កើតសេវាកម្ម និងការអភិវឌ្ឍដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសម្រាប់កុមារ។ បន្ថែមពីនេះ ស្ថាប័នទាំងពីរនឹងស្វែងរកឱកាសដើម្បីពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការរៀបចំផ្លូវអនាគតសម្រាប់យុវជន ដោយបំពាក់បំប៉នពួកគេនូវជំនាញសម្រាប់សតវត្សរ៍ទី២១ ឆ្លើយតបនឹងពិភពការងារនាពេលអនាគត។
លោក ទា ធារី អនុប្រធានក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបយ៉ាងខ្លាំងក្នុងការបន្តកសាងកិច្ចសហប្រតិបត្តិការជាផ្លូវការជាមួយកម្មវិធី «ជំនាន់ថ្មី» (Generation Future) របស់យូនីសេហ្វ ដើម្បីរួមចំណែកបង្កើតឱកាសបន្ថែមទៀតសម្រាប់យុវជនកម្ពុជា។ កាលពីឆ្នាំមុន ខ្ញុំមានឱកាសបានធ្វើជាអ្នកណែនាំដល់ក្រុមសិស្ស-និស្សិតវ័យក្មេងក្នុងកម្មវិធីនេះអស់រយៈពេលជាច្រើនខែ។ ជាមួយគ្នានេះ ក្រុមការងាររបស់យើងក៏បានគាំទ្រដល់យូនីសេហ្វ តាមរយៈការផ្ដល់ទីតាំងរៀបចំកម្មវិធីប្រកួតប្រជែងគំនិតច្នៃប្រឌិត (Hackathon) នៅឯមជ្ឈមណ្ឌល Connexion Hub នៅកោះពេជ្រ។ ខ្ញុំបានឃើញដោយផ្ទាល់នូវគំនិតច្នៃប្រឌិត មហិច្ឆតា និងសក្តានុពលដ៏សម្បូរបែបរបស់យុវជនគ្រប់រូប ហើយខ្ញុំជឿកាន់តែច្បាស់ថា ពួកគេពិតជាអាចសម្រេចបាននូវសមិទ្ធផលដ៏អស្ចារ្យ ប្រសិនបើទទួលបាននូវក្របខណ្ឌសមស្រប ការគាំទ្រត្រឹមត្រូវ និងវេទិកាស័ក្តិសម។ ខ្ញុំនឹងបន្តធ្វើការងារនេះ ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការរវាងយើងឱ្យកាន់តែរឹងមាំថែមទៀតតាមរយៈភាពជាដៃគូថ្មីនេះ»។
ជាផ្នែកមួយនៃភាពជាដៃគូនេះ យូនីសេហ្វនឹងផ្តល់នូវជំនាញបច្ចេកទេស ទិន្នន័យ និងការស្រាវជ្រាវ ព្រមទាំងឧបករណ៍គាំទ្រនានា ដើម្បីជួយបញ្ចូលគោលការណ៍សិទ្ធិកុមារទៅក្នុងគោលនយោបាយ និងការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុន។ ដោយឡែក ក្រុមហ៊ុន OCIC នឹងចូលរួមផ្សព្វផ្សាយសិទ្ធិកុមារតាមរយៈបណ្តាញធុរកិច្ចរបស់ខ្លួន ព្រមទាំងជំរុញការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវនៅទូទាំងប្រតិបត្តិការរបស់ខ្លួនផងដែរ។
អំពីយូនីសេហ្វ
យូនីសេហ្វធ្វើការនៅតាមតំបន់លំបាកបំផុតមួយចំនួននៅក្នុងពិភពលោកដើម្បីគាំទ្រដល់កុមារដែលស្ថិតក្នុងស្ថានភាពលំបាក និងមានហានិភ័យខ្លាំងជាងគេ។ នៅក្នុងប្រទេស និងដែនដីចំនួនជាង ១៩០ យើងធ្វើការងារដើម្បីកុមារគ្រប់រូប គ្រប់ទីកន្លែង ដើម្បីកសាងពិភពលោកមួយប្រសើរជាងមុនសម្រាប់មនុស្សគ្រប់រូប។
សម្រាប់ព័ត៌មានបន្ថែមអំពីយូនីសេហ្វ និងការងាររបស់យូនីសេហ្វនៅកម្ពុជា សូមចូលទៅកាន់៖ www.unicef.org.kh
សូមតាមដានយូនីសេហ្វប្រចាំកម្ពុជានៅលើ Facebook | Twitter | YouTube | Instagram | LinkedIn | Threads | TikTok
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោក Hadrien Bonnaud ប្រធានផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ hbonnaud@unicef.org
លោក ចាន់ ទី
អ្នកឯកទេសផ្នែកទំនាក់ទំនង យូនីសេហ្វប្រចាំកម្ពុជា ទូរស័ព្ទ៖ +៨៥៥ ២៣ ២៦០ ២០៤ អ៊ីម៉េល៖ tchan@unicef.org
អំពីក្រុមហ៊ុន OCIC
ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ឈានមុខគេមួយនៅកម្ពុជា ដែលមានវិសាលភាពវិនិយោគលើពហុវិស័យ រួមមាន៖ អចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស្វកម្ម ការអប់រំ កសិកម្ម ការចែកចាយ និងសេវាសុខាភិបាល។ ចាប់តាំងពីត្រូវបានបង្កើតឡើងមក ក្រុមហ៊ុន OCIC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកយ៉ាងសកម្មដល់ការធ្វើទំនើបកម្មនៃប្រទេសកម្ពុជា។ គេហទំព័រ៖ http://www.ocic.com.kh
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន OCIC Group សូមទាក់ទង៖
កញ្ញា Eva Berlinson អ្នកគ្រប់គ្រងផ្នែកទីផ្សារ និងភាពជាដៃគូ នៃក្រុមហ៊ុន OCIC Group ទូរស័ព្ទ៖ +855 96 446 1412 | អ៊ីមែល៖ eva.berlinson@ocic.com.kh
កញ្ញា Monyrath Hor អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុន OCIC Group ទូរស័ព្ទ៖ +855 96 954 7835 | អ៊ីមែល៖ hor.monyrath@ocic.com.kh