សេម តារាចម្រៀងប្រុសស្អាតរបស់ Bigman លេចធ្លោក្នុងរឿង "ឡូយ៩"
- 2014-11-28 17:41:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សេម តារាចម្រៀងប្រុសស្អាតរបស់ Bigman លេចធ្លោក្នុងរឿង "ឡូយ៩"
ចន្លោះមិនឃើញ
បន្ទាប់ពីទទួលបានការគាំទ្រក្នុងអាជីពចម្រៀង លោក សេម តារាចម្រៀងប្រុសស្អាតរបស់ផលិតកម្ម Bigman បានឈានមកធ្វើឲ្យមានការចាប់អារម្មណ៍ក្នុងការសម្ដែងភាពយន្តទៀតក្នុងរឿង "ស្នេហ៍៩"។
“ស្នេហ៍៩" គឺជាវគ្គបន្ទាប់របស់ភាពយន្តខ្នាតខ្លី "វិថីដែលត្រូវដើរ" របស់កម្មវិធី "ឡូយ៩"។ ទាំង "វិថីដែលត្រូវដើរ" និង “ស្នេហ៍៩" ដែលទើបចាក់បញ្ចាំងចប់នៅលើកញ្ចក់ទូរទស្សន៍ MyTV ថ្មីៗ។ សេម ត្រូវបានគេស្គាល់ជាតួឈ្មោះ "ឆាលី"។ សេម ប្រាប់ថា បន្ទាប់ពីចប់ការសម្ដែងភាពយន្តលើកទី១នេះ រូបគេទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន។
សេម(អាវស្វាយ)ក្នុងឈុតនៃរឿង "ស្នេហ៍៩"
“និយាយទៅសប្បាយចិត្តដែរ បន្ទាប់សម្ដែង១រឿងមក មានគេស្គាល់ច្រើន ហើយក៏មានផលិតកម្មផ្សេងៗទាក់ទងច្រើនដែរបង ប៉ុន្តែអត់ទាន់អូខេជាមួយណាមួយទេ"។
ចំពោះហេតុផលមិនទាន់ទទួលយកសំណើខាងណាមួយ សេម ប្រាប់ថា ដោយសារទី១ លោកជាប់មមាញឹក លោកជាតារាជាប់កុងត្រារបស់ Bigman ដែលមុនធ្វើអ្វីៗត្រូវពិភាក្សាគ្នាជាមុន។ យ៉ាងណា តារាចម្រៀងមានកំណើតកើតជានៅរាជធានីរូបនេះ ក៏ត្រៀមសម្រាប់ការសម្ដែងក្នុងរឿង "ស្នេហ៍៩" វគ្គបន្ទាប់ទៀតដែរ។ "ខាងអ្នកដឹកនាំប្រាប់ថា អាចមានវគ្គបន្តទៀត អីចឹងខ្ញុំក៏អាចសម្ដែងបន្តទៀតដែរ"៕
មុនហក់មកសម្ដែងភាពយន្ត សេម បានធ្វើឲ្យមានគេស្គាល់តាមរយៈបទចម្រៀងជាច្រើន បន្ទាប់ពីហក់ចូលមក Bigman ក្នុងឆ្នាំ ២០១០។ បទទាំងនោះមាន "ត្រឹមបារម្ភ" ដែលជាបទល្បីដំបូងរបស់លោក។ បន្តមកទៀតមានបទ "កុំព្រោះតែគេ" “ដកដង្ហើមដើម្បីស្រឡាញ់អូន" និងបទ "ចង់មានសង្សារស្អាតដូចអូន" ជាដើម។
ក្រឡេកទៅមើលដំណើរចូលសិល្បៈរបស់យុវជនមានវ័យ ២៦ឆ្នាំនេះវិញ គឺគេជាអតីតជយលាភីលេខ១ក្នុងការប្រឡងចម្រៀងរបស់កម្មវិធី "យុវតារា" ទូរទស្សន៍បាយ័ននាឆ្នាំ ២០០៨។ បន្ទាប់ពីជាប់ជយលាភី សេម បានធ្វើជាតារាចម្រៀងរបស់ទូរទស្សន៍មួយនេះ ថតសំនៀងសម្រាប់ចាក់ក្នុងរឿងភាគកូរ៉េ ក្នុងនោះមានដូចជាបទ "ស្រឡាញ់អូនលើស១០០០ដង" ជាដើម។
បន្តមកក្នុងឆ្នាំ២០១០ ទើបលោកត្រូវផលិតកម្ម Bigman ហៅឲ្យចូលធ្វើជាតារាចម្រៀងរបស់គេតែម្ដង បន្ទាប់ពីឃើញសមត្ថភាព និងទឹកដមសំនៀងរបស់លោក សម្ដែងលើឆាកតន្ត្រីអាស៊ីអាគ្នេយ៍។
លោក ប៊ី អ្នកគ្រប់គ្រងរបស់ សេម ឲ្យដឹងថា តារាចម្រៀងរូបនេះមានទឹកដមសំនៀងច្បាស់ល្អ និងមានលក្ខណៈប្លែកពីគេ។ នៅឆ្នាំ ២០១៥ខាងមុខនេះ លោកបានត្រៀមបទមួយចំនួនរួចហើយសុទ្ធជាបទញាក់ដើម្បីជំរុញ សេម ឲ្យកាន់តែល្បី៕
អត្ថបទ៖ ទារិកា