មុន​ចូល​វះកាត់​របួស​ដៃ អ្នកចាំទី អ៊ុំ វិចិត្រ របស់​ទ័ព បង្ហាញ​ឈ្មោះ​ម្ចាស់​ជំនួយ

  • 2015-02-17 16:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ជម្រើស​ដំបូង អ៊ុំ វិចិត្រ ​របស់​ក្លិប​ក្រសួងការពារជាតិ បាន​បង្ហាញ​ឈ្មោះ​ម្ចាស់​ជំនួយ​នានា តាម​គណនី Facebook របស់​ខ្លួន ក្នុង​ការ​រ៉ៃអង្គាស​ប្រាក់​គ្នា​ជួយ​ចេញ​ថ្លៃ​វះកាត់​របួស​ដៃ​​របស់​គេ ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ម៉ោង ១: ៣០ នាទី ថ្ងៃ​ទី ១៧ ខែ កុម្ភៈ នេះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​​កន្លែង ក្នុង​រាជធានី​ភ្នំពេញ។

 

 

ប្រាក់​ទាំង​អស់​មាន​ចំនួន ១២០៤ ដុល្លារ​សហរដ្ឋអាមេរិក ដោយ​ក្នុង​នោះ​មាន​ការ​ប្រមូល​មក​ពី​អ្នក​គាំទ្រ, សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។ យោង​តាម​កីឡាករ អ៊ុំ វិចិត្រ ក្លិប​របស់​គេ​នឹង​​ចេញ​ថ្លៃ​ព្យាបាល​ក្រោយ​ពេល​វះកាត់។  

អ៊ុំ វិចិត្រ របួស​ដៃ​ក្នុង​ពេល​ហ្វឹកហាត់​សម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ ក្រោយ​ពេល​ត្រឡប់​មក​ពី​ប្រកួត​ពាន​រង្វាន់ Hassanal Bolkiah Trophy 2014 នៅ​ប្រទេស​​ប្រ៊ុយណេ ពោល​គឺ​ពេល​ចេញ​ទៅ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ក្នុង​​ខែ កញ្ញា។  

កីឡាករ​​វ័យ ២០ ប្លាយ​រូប​នេះ​​នៅ​មិន​អស់​ចិត្ត​ដែល​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​ព្យាបាល​ក្រោយ​ពេល​វះកាត់ ពោល​គឺ​រយៈពេល ៦ ខែ ទើប​អាច​ចូល​ហ្វឹកហាត់​វិញ​បាន ហើយ​ត្រូវ​រង់ចាំ ៣ ទៅ ៤ ឆ្នាំ ទើប​អាច​ដក​ដែក​ចេញ​ពី​ដៃ​បាន។  

បញ្ហា​របួស​​ផ្នែក​ឆ្អឹង​​ដៃ​ឆ្វេង​របស់ អ៊ុំ វិចិត្រ ​ចាំ​បាច់​ត្រូវ​តែ​​វះកាត់​ដៃ​​​ ព្យាបាល​ទើប​អាច​ជា​សះស្បើយ​ដូច​ដើម​វិញ ហើយ​តម្លៃ​ក្នុង​ការ​​ព្យាបាល​នេះ​ត្រូវ​ចាយ​ប្រាក់​យ៉ាង​តិច​ក៏ ១០០០ ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ។  

Sabay សូម​ជូនពរ​ឱ្យ ការ​វះកាត់​ព្យាបាល​​របស់ អ៊ុំ វិចិត្រ ប្រកប​ដោយ​រលូន និង ឆាប់​ជា​សះស្បើយ៕

 

 
 
 

អត្ថបទ៖ ម៉ឺន រស្មី

អត្ថបទថ្មី