ចង់ឱ្យកូនលោកអ្នកក្លាយជាកីឡាករបាល់ទាត់អាជីពទេ? អាចធ្វើតេស្ដនៅភ្នំពេញក្រោនបាន!
- 2015-02-23 22:09:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឱ្យកូនលោកអ្នកក្លាយជាកីឡាករបាល់ទាត់អាជីពទេ? អាចធ្វើតេស្ដនៅភ្នំពេញក្រោនបាន!
ចន្លោះមិនឃើញ
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសស្វែងរកកីឡាករក្រោមអាយុ ១៣ ឆ្នាំទាំងនៅរាជធានីភ្នំពេញ និង តាមបណ្ដាខេត្តទូទាំងប្រទេស ដែលមាននិស្ស័យនឹងបាល់ទាត់ឱ្យចូលធ្វើតេស្ដសមត្ថភាពរបស់ខ្លួនដើម្បីទទួលបានកៅអីចូលលេង និង ហ្វឹកហាត់ក្នុងក្រុមឈុតយុវជន (Acadamy) របស់ក្លិបជើងឯកលីកកំពូលកម្ពុជា ៥ សម័យកាលនេះ។
ផែនទីកីឡដ្ឋាន RSN Stadium
សម្រាប់រាជធានីភ្នំពេញ នឹងធ្វើរៀបចំជ្រើសរើសយុវជនថ្នាលនេះនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៥ ខាងមុខ នៅកីឡដ្ឋាន RSN Stadium (កីឡដ្ឋានរបស់ភ្នំពេញក្រោន) ចាប់ពីម៉ោង ៨ ព្រឹកតទៅ។ ចំពោះកុមារដែលកើតនៅឆ្នាំ ២០០២ ឬ ២០០៣ ចង់ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពនៅថ្ងៃអនាគត អាចចូលរួមធ្វើតេស្ដសមត្ថភាពបាន ដោយគ្រាន់តែកាន់ស្បែកជើង និង សំបុត្រកំណើតមកជាមួយដើម្បីបញ្ជាក់ពីអាយុពិត។
លោក Andy Brouwer មន្រ្តីព័ត៌មានរបស់ក្លិបបានប្រាប់ថា នៅមិនទាន់អាចកំណត់ថានឹងជ្រើសរើសយកកីឡាករចំនួនប៉ុន្មាននាក់នៅឡើយនោះទេ អាចច្រើនជាង ១៨ នាក់ សំខាន់លើពិនិត្យមើលសមត្ថភាពរបស់អ្នកទាំងនោះសិន។ ចំពោះការធ្វើតេស្តលើកដំបូងកាលពីឆ្នាំ ២០១១ ក្លិបជ្រើសរើសបានកីឡាករចំនួន ២២ នាក់ដែលសព្វថ្ងៃពួកគេឡើងដល់ឈុត U17 អស់ហើយ។
ក្រុមយុវជនភ្នំពេញក្រោន (ក្រហម) ប្រកួតនាពេលកន្លងមក
កីឡាករជាប់ក្នុងការធ្វើតេស្ដនឹងមានឱកាសអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួន ជាមួយ Academy របស់ភ្នំពេញក្រោន ជាសាលាកីឡាបាល់ទាត់អាជីពមួយនៅកម្ពុជា អមដោយអាហារូបករណ៍រយៈពេល៥ឆ្នាំ រួមទាំងការស្នាក់នៅ អាហារ ការសិក្សានៅសាលាអន្ដរជាតិឯកជន និង កម្មវិធីអភិវឌ្ឍន៍កីឡាបាល់ទាត់ដោយគ្រូបង្វឹកយុវជនថែមទៀតផង។
សព្វថ្ងៃភ្នំពេញក្រោន មានកីឡាករក្នុងយុវជនប្រមាណជាង ៣០ នាក់ ក្នុងចំណោមឈុត U15 និង U17 ដែលកំពុងតែមានឈ្មោះបោះសំឡេង។ សម្រាប់អ្នកនៅតាមបណ្ដារខេត្តដែលមានបំណងចង់បង្ហាញសមត្ថភាព ក្លិបនឹងជូនដំណឹងនៅពេលក្រោយ។
អត្ថបទ៖ ម៉ឺន រស្មី