ទីលានធ្លាប់តែដីហុយបែកផ្សែង អាចនឹងប្រកួតស៊ីហ្គេម២០២៣បាន
- 2015-03-05 15:57:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីលានធ្លាប់តែដីហុយបែកផ្សែង អាចនឹងប្រកួតស៊ីហ្គេម២០២៣បាន
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡានឹងចាប់ផ្តើមជួសជុលកីឡដ្ឋាននៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលខាងមុខនេះហើយដែលទីលាននៅសាកលវិទ្យាល័យមួយនេះអាចនឹងរៀបចំឲ្យមានការប្រកួតកីឡាមួយចំនួននៃព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣បាន ប្រសិនបើកម្ពុជាពុំមានទីលានគ្រប់គ្រាន់។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា កីឡដ្ឋាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រសួងអប់រំគ្រោងនឹងជួសជុលនាពេលខាងមុខនេះហើយ។ ទីលាននៅសាកលវិទ្យាល័យមួយនេះមានដូចជាទីលានបាល់ទាត់ កន្លែងរត់ប្រណាំងជុំវិញទីលានបាល់ទាត់ ទីលានបាល់ទះ និងបាល់បោះជាដើម។ ទីលានទាំងអស់នេះនឹងជួសជុលឲ្យមានលក្ខណៈស្តង់ដារ ហើយអាចរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិបាន។
ថ្លែងប្រាប់ Sabay ក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៤ និងដាក់ទិសដៅឆ្នាំ២០១៥នៅទីស្នាក់ការNOCC លោក វ៉ាត់ ចំរើនថា ៖«ពេលយើងជួសជុលរួច មានលក្ខណៈស្តង់ដារត្រឹមត្រូវ យើងអាចនឹងយកកីឡដ្ឋាននេះសម្រាប់រៀបចំការប្រកួតកីឡាផ្លូវការមួយចំនួនបាន ប្រសិនបើយើងខ្វះទីលាន ពេលយើងធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ដូចជាកីឡាបាល់ទះ បាល់បោះ ឬរត់ប្រណាំងជាដើម»។
ក្រសួងអប់រំ យុវជន និងកីឡាគ្រោងចំណាយថវិកាចំនួន១លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួសជុលទីលានកីឡានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រៅពីទីលានកីឡានៅសាកលវិទ្យាល័យមួយនេះ ក្រសួងក៏គ្រោងជួសជុលទីលានកីឡានៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានានៅរាជធានីភ្នំពេញ និងជួសជុលកីឡដ្ឋានតាមបណ្តាខេត្ត ព្រមទាំងកីឡដ្ឋាននៅតាមវិទ្យាល័យសំខាន់ៗមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ ជាន ចាន់រ៉ា