ជើង​ខ្លាំង​ MMA មាស ម៉ើ ជួប​រឿង​ប្រុស​ប្រកាន់​ស្រី​ប្រកែក​ជាមួយ​គ្រូ​បង្វឹក

  • 2015-04-11 13:30:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​​ប្រដាល់​ក្នុង​​ទ្រុង (MMA) ​​មិន​ដែល​​ស្គាល់​រសជាតិ​​ចាញ់ ក្នុង​ប្រវត្តិសាស្រ្ត​ឡើង​សង្វៀន​របស់​ខ្លួន ត្រូវ​បាន​គ្រូ​បង្វឹក​ប្ដឹងទាល់​មិន​ឱ្យ​ឡើង​សង្វៀន ៨ ខែ មក​ហើយ​ដោយ​មូលហេតុ​ចាកចេញ​ពី​ក្លិប​ដោយ​គ្មាន​មូល​ហេតុ។

 

 

កីឡាករ មាស ម៉ើ

  ​កីឡាករ​ប្រដាល់យុទ្ធគុនចម្រុះ​ មាស ម៉ើ​ បាន​ឲ្យ​ដឹង​ថា​រូប​គេ​បាន​ខកខាន​ឡើង​សង្វៀន​អស់​ជា​ច្រើន​ខែ​​មក​ហើយ​ដោយ​សា​លោក​​ ឈឿន ឆៃ គ្រូ​បង្ហាត់​ប្រដាល់​សេរី​របស់​ក្លិប​ប្រដាល់​កងទ័ព​ជើង​គោក​ប្ដឹង​ជំទាស់​មិន​ឲ្យ​​ឡើង​សង្វៀន​ប្រកួត​ពី​បទ​មិន​​គោរព​គ្រូ​បង្ហាត់​និង​មិន​​ចូល​រួម​ហាត់​ក្នុង​ក្លិប​ហើយ​ចាក​ចេញ​ពី​ក្លិប​ដោយ​គ្មាន​ការ​អនុញ្ញាត។ ​​​  

បើ​តាម​​សម្ដី​របស់​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ទ្រុង​របស់​ស្ថានីយ​ប៉ុស្តិ៍ My TV ខាង​លើ​បាន​ប្រាប់​ថា​​រូប​គេ​បាន​ចាក​ចេញ​ពី​ក្លិប​ប្រដាល់​មួយ​នេះ​ជិត​ ១ ឆ្នាំ​​ដោយ​សា​​ពិបាក​រស់​នៅ​និង​ហ្វឹកហាត់​ក្នុង​ក្លិប​នោះ​ខ្លាំង​ពេក។ ​គេ​រំលឹក​ថា​អំឡុង​​ពេល​​​​​ហ្វឹកហាត់​ក្នុង​ក្លិប​កងទ័ព​ជើង​គោក​នេះ​ ម៉ើ ​បាន​ត្រូវ​លោក​គ្រូ​ ឈឿន ឆៃ​ ធ្វើ​បាប​​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ថែម​ទាំង​មាន​បំណង​ចង់​ដេញ​ចេញ​ពី​ក្លិប​ទៀត​ផង​ប្រសិន​បើ​គ្មាន​ប្រាប់​​​បង់​​ថ្លៃ​ហ្វឹកហាត់​ទេ​នោះ។

  ​​អ្នក​ប្រដាល់​រូប​ដែល​ប្រកួត​ទាំង ១១ លើក​ឈ្នះ​ទាំង ១១ លើក​បាន​​​ប្រាប់​ទៀត​ថា​មុន​​បាន​ហ្វឹកហាត់​វិស័យ​កីឡា​ប្រដាល់​ មាស ម៉ើ​ បាន​​​ធ្វើ​ជា​អ្នក​លាង​ចាន​និង​បោស​​សម្អាត​ក្នុង​ក្លិប​រហូត​រូប​គេ​មាន​ឱកាស​បាន​​ប្រកួត​ក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​របស់​ស្ថានីយ​ប៉ុស្តិ៍​​ទូរទស្សន៍​ក្នុង​ស្រុក ហើយ​ទទួល​បាន​ខ្សែក្រវាត់​ KWC ​ក្នុង​ឆ្នាំ ២០១៤ មុន​ចាក​ចេញ​​​​ពី​ក្លិប។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ចាក​ចេញ​ពី​ក្លិប​​ មាស ម៉ើ ​បាន​ត្រូវ​លោក​ ឈឿន ឆៃ ប្ដឹង​ជំទាស់​មិន​​បាន​ប្រកួត​ជាប់​មក​​រហូត។

 

​ឆ្លើយ​តប​នឹង​​ការ​ចោទ​ប្រកាន់​របស់​កូន​សិស្ស ​លោក ឈឿន ឆៃ ជា​គ្រូ​បង្វឹក​​និង​អាជ្ញាកណ្ដាល និយាយ​ការ​ប្ដឹង​មិន​ឲ្យ​ មាស ម៉ើ​ បាន​ប្រកួត​នេះ​គឺ​ជា​រឿង​​ពិតមែន។ លោក​បន្ត​​ថា​ មាស ម៉ើ​​ ថា​ជា​កូន​សិស្ស​ល្មើសគុណ​​​ ដោយ​​ធ្លាប់​ត្រូវ​បាន​លោក​បង្ហាត់​​ដល់ពេល​​​​​បាន​ល្បី​បោះបង់​ក្លិប​ចោល​ហើយ​ទៅ​រក​ក្លិប​ថ្មី។ មិន​តែ​ប៉ុណ្ណោះ​លោក​បាន​បញ្ជាក់​ថា​ក្នុង​ការ​ចាក​ចេញ​របស់ មាស ម៉ើ មិន​មាន​លិខិត​ស្នាម​អ្វី​បញ្ជាក់​ឡើយ​ហើយ​សូម្បី​តែ​សម្ដី​ប្រាប់​ថា​សុំ​ចាក​ចេញ​ពី​ក្លិប​ក៏​មិន​ធ្លាប់​ប្រាប់​លោក​ដែរ​ទើប​លោក​សម្រេច​ប្ដឹង​មិន​ឲ្យ​​កីឡាករ​រូប​នេះ​បាន​ប្រកួត​រហូត​ដល់​ពេល​នេះ។

 

 

អនាគត​របស់ មាស ម៉ើ នៅ​មិន​ច្បាស់​ថា​អាច​ឡើង​សង្វៀន​បាន​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ ដោយ​សារ​តែ​​មាន​បញ្ហា​​រកាំរកូស​នេះ។ សព្វ​ថ្ងៃ​រូប​គេ​​កំពុង​ហ្វឹកហាត់​ជាមួយ​ជម្រើស​ជាតិ​យូដូ​​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដើម្បី​ត្រៀម​ទៅ​ស៊ីហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហបុរី ព្រោះ​មិន​ទាន់​មាន​ក្លិប​​សម្រាប់​​ហ្វឹកហាត់​ត្រឹម​ត្រូវ​នៅ​​ឡើយ៕

  អត្ថបទ ៖​ ស្រី សុណ្ណដារ៉ា

រូបថត៖ FB

អត្ថបទថ្មី