រោងភាពយន្ត Legend ចែកអំណោយដល់ក្មេងកំព្រា ថ្ងៃសិទ្ធិកុមារអន្តជាតិ
- 2015-06-02 18:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រោងភាពយន្ត Legend ចែកអំណោយដល់ក្មេងកំព្រា ថ្ងៃសិទ្ធិកុមារអន្តជាតិ
ចន្លោះមិនឃើញ
អំណោយជាច្រើន មាន ប៊ិច សៀវភៅ ខ្មៅដៃ កាបូប អង្ករ កង់ គ្រឿង បរិភោគ ព្រមទាំងថវិកាមួយចំនួនទៀត ត្រូវបាន រោងភាពយន្តទំនើប Legend យកទៅចែកជូនដល់ កុមារកំព្រាជាង ២០០ នាក់ កាលពីម្សិលមិញ ស្ថិតក្នុង មណ្ឌលពន្លឺអនាគតកុមារ ដែលមានអាសយដ្ឋានស្ថិតក្នុងភូមិ ព្រៃល្វា សង្កាត់ ចោមចៅ ខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។
លោក តែ សុង នាយកនីតិប្រតិបត្តិនៃរោងភាពយន្ត Legend Cinema Cambodia បានឲ្យដឹងថា ដើម្បីចូលរួមអបអរដល់ទិវា សិទ្ធិកុមារអន្តជាតិ ថ្នាក់ដឹកនាំក៏ដូចជា បុគ្គលិក នៃរោងភាពយន្ត Legend Cinema បានសម្រេចយក អំណោយមួយចំនួន ដែលមាន ប៊ិច សៀវភៅ ខ្មៅដៃ កាបូប អង្ករ កង់ គ្រឿង បរិភោគ ព្រមទាំងថវិកា ដើម្បីបរិច្ចាគដល់ កុមារកំព្រា ដែលកំពុងជួបការខ្វះខាត។
លោកលើកឡើងថា បើទោះបីជា អំណោយទាំងនេះ មានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែក៏ជាចំណែកមួយក្នុងការជួយសម្រួល បានមួយគ្រា ផងដែរ។ តាមការបញ្ជាក់របស់ លោក តែ សុង តាំងពី Legend បានបង្កើតជិត ៤ ឆ្នាំ មកនេះ គឺនេះជាលើកទី៤ ហើយដែល Legend បានយកអំណោយចែកដល់ក្មេងៗកំព្រា។ ជាមួយគ្នានោះ រោងភាពយន្ត Legend ក៏ធ្លាប់អញ្ជើញក្មេងៗកំព្រានៅ តាមអង្គការផ្សេងទៀតមកទស្សនា ខ្សែភាពយន្តល្បីៗជាច្រើនលើកផងដែរ។
លោក នួន សថេរ៉ូ ប្រធានប្រតិបត្តិនៃ មណ្ឌលពន្លឺអនាគតកុមារ បានឲ្យដឹងថា អង្គការរបស់របស់លោកបានបង្កើតឡើងតាំងតែពីឆ្នាំ ១៩៩៥ ដោយបច្ចុប្បន្ននេះ ក្មេងកំពុងសិក្សារៀនសូត្រជាង ២០០ នាក់។ ជាមួយគ្នានោះដែរ មណ្ឌលពន្លឺអនាគតកុមារ ក៏មានសាខាមួយទៀត នៅឯខេត្ត រតនគីរីផងដែរ ដែលបច្ចុប្បន្ននេះ ជាក្មេងៗកំព្រា ជាង ៣០ នាក់ កំពុងស្នាក់នៅ សិក្សារៀនសូត្រ។
ប្រធានប្រតិបត្តិ រូបនេះ បានថ្លែងអំណរគុណដល់ រោងភាពយន្ត Legend ជាខ្លាំង ដែលតែងតែ នាំយកនូវអំណោយ ក៏ដូច នាំក្មេងៗទៅ ទស្សនាខ្សែភាពយន្តបែបនេះ ព្រោះកន្លងមកក្មេងនៃអង្គការរបស់លោកមិនធ្លាប់បានទៅ ទស្សនា រោងភាពយន្តទំនើបៗ និង ខ្សែភាពយន្តល្បីៗនោះឡើយ។
លោក តែ សុង នាយកនីតិប្រតិបត្តិនៃរោងភាពយន្ត Legend Cinema និយាយថា ក្រុមហ៊ុនរបស់លោកបង្កើតមកក្រៅពីរកប្រាក់ចំណេញ អំពើមនុស្សធម៌ គឺក្រុមហ៊ុនតែងតែបន្តជួយដល់សង្គមជានិច្ចទោះតិចក្ដីច្រើនក្ដី។ នៅចុងខែ មិថុនា នៅ Legend ក៏គ្រោងនាំកុមារនៃ មណ្ឌលពន្លឺអនាគតកុមារ ទាំងអស់ទៅទស្សនា ខ្សែភាពយន្តបរទេសដ៏ល្បីមួយចំនួនផងដែរ៕ អត្ថបទ៖ ខុត សីហា