​ប្រកួត​បាល់ទាត់​កុមារ​​​អាយុ​ក្រោម​១៣​ឆ្នាំ ២០១៥ រក​​ឃើញ​​ជើង​​ឯក

  • 2015-06-27 21:09:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ប្រកួត​បាល់ទាត់​របស់​កុមារ​អាយុ​ក្រោម​​១៣​ឆ្នាំ ​ប្រចាំ​ឆ្នាំ​២០១៥ បាន​បញ្ចប់​ទៅ​មុន​នេះ​បន្តិច​​ ដែល​កម្ម​វិធី​នេះ​បាន​ចាប់​ផ្ដើម​ឡើង​នា​ព្រឹក​មិញ​នេះ​នៅ​តារាង​បាល់ទាត់ ​KB ALL Sport Club, Phnom Penh ។

 

 សកម្មភាព​ថត​ជុំ​គ្នា របស់​កីឡាករ​ និង ថ្នាក់​ដឹក​នាំ

 

​ព្រឹត្តិការណ៍​​បាល់ទាត់​នេះ​មាន​​ការ​ចូល​រួម​ប្រកួត​ពី​កុមារ​ចំនួន​២០០​នាក់ ​មក​ពី​​សាលា​​ចំនួន​១៦ ​ដែល​ស្ថិត​​ក្នុង​​រាជធានី​ភ្នំពេញ ​និង​តាម​បណ្ដា​ខេត្ត​នា​នា​ក្នុង​ប្រទេស​កម្ពុជា។ ​ឆ្លង​កាត់​ការ​ប្រកួត​អស់​រយៈពេល​មួយ​ព្រឹក​ធំ ​​​កម្ម​វិធី​ក៏​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤ ​គឺ​ជើង​ឯក​បាន​ទៅ សាលា​បឋម​សិក្សា​ពោធិ​មង្គល ​ជើង​​​ឯក​រង​បាន​​មក​សាលា​បឋម​សិក្សា ខ្យោង ​លេខ​៣​បាន​មក​លើ​ក្រុម តារា​មាណា និង​លេខ​៤ បាន​មក​ក្រុម សាលា​បឋម​សិក្សា​ព្រែក​កំពឹស។

 

ឆ្លៀត​ក្នុង​ឱកាស​នោះ​​ លោក លីម លូន សេង នាយក​ធនាគារ អ អេច ប៊ី (RHB) ក៏​​ប្រាប់​ពី​មូល​ហេតុ​ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​ឡើង​ថា គោល​ដៅ​របស់​ក្រុម​ហ៊ុន​ គឺ​ចង់​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​មាន​ភាព​ប្រសើរ​ឡើង​​ខាង​ផ្នែក​កីឡា។ ម្យ៉ាង​ទៀត លោក​​ក៏​ចង់​ឲ្យ​ពូក​គេ​មាន​ឱកាស​ស្មើ​​ៗ​គ្នា​ក្នុង​ការ​ស្វែង​រក​នូវ​មហិច្ឆតា​​កីឡា​របស់​​ខ្លួន​ ​ស្រប​ពេល​​វិស័យ​កីឡា​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចំរើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​ លោក​​នឹង​ធ្វើ​យ៉ាង​ណា​ជួយ​ជ្រោមជ្រែង​គ្រប់​វិស័យ​កីឡា​នៅ​កម្ពុជា​​​​​តែ​ម្ដង​ ប៉ុន្តែ​ខណៈ​​​ពេល​នេះ ​​បាន​ជួយ​ផ្នែក​កីឡា​បាល់ទាត់​កុមារ​មួយ​ផ្នែក​​​ហើយ​។

 

លោក លីម លូន សេង

 

ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ មៃ តុលា អគ្គលេខាធិការ​រង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក៏​​​​​មាន​ចំណាប់​អារម្មណ៍​ផង​ដែរ​ថា ធនាគារ អ អេច ប៊ី គ្រុប​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កម្ម​​​វិធី​បាល់ទាត់​របស់​កុមារ​ជុំវិញ​បណ្ដា​ប្រទេស​នៃ​តំបន់​អាស៊ាន។ ​ប្រទេស​កម្ពុជា​វិញ​គឺ​បាន​ទទួល​ការ​ជួយ​គាំទ្រ​តាម​រយៈ​ថវិកា ​និង​សម្ភារៈ​លើក​ទឹក​ចិត្ត​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។

 

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​​ទៀត​ថា​ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​តែង​តែ​សម្លឹង​រក​ប្អូន​ៗ កុមារ​ជំនាន់​ក្រោយ​ដែល​មាន​សក្ដានុពល​ និង​ទេពកោសល្យ​ខ្ពស់​ដើម្បី​ជួយ​វិស័យ​កីឡា​បាល់ទាត់​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចំរើន​ខ្លាំង​ឡើង។ កម្ម​វិធី​ប្រកួត​បាល់ទាត់​​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ​ ​​ប្រចាំ​ឆ្នាំ​​២០១៥​នេះ​​​ ធនាគារ អ អេច ប៊ី បាន​ផ្ដល់​ឱកាស​ឲ្យ​ប្អូន​ក្មួយ របស់​កម្ពុជា​​បាន​បង្ហាញ​ទេពកោសល្យ និង​ដកស្រង់​បទពិសោធន៍​ក្នុង​ការ​ប្រកួត​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ គ្មាន​អ្នក​ណា​មួយ​​​ដឹង​ថា ក្មួយ ​និង​កុមារ​ទាំង​អស់​ក្នុង​ចំណោម​​ក្មួយ​ទាំង​នេះ​នឹង​ក្លាយ​ទៅ​ជា​កីឡាករ​ជម្រើស​ជាតិ​នា​ពេល​អនាគត​នោះ​ទេ។​​​​​

 

កម្ម​វិធី​ប្រកួត​បាល់ទាត់​​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ ​ប្រចាំ​ឆ្នាំ ២០១៥ នេះ​​គឺ ​ជា​សកម្ម​ភាព​ជួយ​សង្គម​មួយ​ ដែល​ផ្ដួច​ផ្ដើម​រៀប​ចំ​ដោយ​​ធនាគារ អ​ អេច ប៊ី គ្រុប ហើយក៏​​ជា​សកម្ម​ភាព​មួយ​ជួយ​សង្គម ​ដែល​ស្ដែង​បញ្ជាក់​អំពី​ទស្សនវិជ្ជា ​នៃ​ការ​ជួយ​ជំរុញ​ និង​បីបាច់​ថែរក្សា​​ក្នុង​ការ​អប់រំ​កុមារ​ជំនាន់​ក្រោយ​ក្នុង​សហគមន៍​ទាំង​នោះ​ ដែល​មាន​វត្តមាន​​​​ធនាគារ​ អ អេច​ ប៊ី ​ជា​អ្នក​ជួយ​ជ្រោមជ្រែង​ទាំង​ស្រុង ។

 

​ពាន​​​​​រង្វាន់​​លេខ​១​ទទួល​បាន​ពាន​មួយ​ និង​មេដាយ​កិត្តិយស​។ ចំពោះ​​​ជើង​ឯក​រង​ លេខ​៣ និង​លេខ​៤ ក៏​មាន​វត្ថុ​អនុស្សាវរីយ​ផ្សេង​ៗ​ និង​​​មេដាយ​កិត្តិយស​ផង​ដែរ។ បន្ថែម​ពី​លើ​​រង្វាន់​ទាំង​នេះ ​ក្រុម​ហ៊ុន​ ធនាគារ អ អេច ប៊ី ក៏​បាន​ផ្ដល់​ប្រាក់​​ចំនួន​១​ពាន់​ដុល្លារ​អាមេរិក​ដើម្បី​​ឲ្យ​កុមារ​​ទាំង​អស់​ទិញ​​សម្ភារៈ​កីឡា​ផ្សែង​ៗ​​បន្ថែម​ទៀត៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖​ ស្រី សុវណ្ណដារ៉ា ​​​​​​​​

អត្ថបទថ្មី