កម្ពុជាទទួលសិទ្ធិចូលជាសមាជិក សមាគមអត្តពលិកអូឡាំពិកពិភពលោក
- 2015-10-28 14:20:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជាទទួលសិទ្ធិចូលជាសមាជិក សមាគមអត្តពលិកអូឡាំពិកពិភពលោក
ចន្លោះមិនឃើញ
កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃសមាគមអត្តពលិកអូឡាំពិកពិភពលោក ដែលគេទើបតែបោះឆ្នោតជាផ្លូវការអនុញ្ញាតឱ្យចូលរួមកាលពីពេលថ្មីៗនេះ។ នេះបើតាមសម្ដី លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់។
លោក វ៉ាត់ ចំរើន
លោក វ៉ាត់ ចំរើន បានចូលរួមបេសកកម្មនៅប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុននេះក្នុងកម្មវិធីអត្តពលិកអូឡាំពិកពិភពលោក ដែលការរៀបចំនេះថ្នាក់ដឹកនាំកីឡាកំពូលៗទាំងអស់ជុំវិញពិភពលោកបានធ្វើបទបង្ហាញពីរបៀបធ្វើយ៉ាងណាជួយដល់អត្តពលិកទាំងអស់ដែលចូលនិវត្តន៍។ លើសពីនេះទៅទៀត ក្នុងកម្មវិធីនោះដែរ ថ្នាក់ដឹកកីឡាអូឡាំពិកបានផ្សព្វផ្សាយថា តាមប្រទេសនីមួយៗ ត្រូវបង្កើតសមាគមអត្តពលិកអូឡាំពិកមួយៗដោយខ្លួនឯង ដោយសារសមាគមនេះគឺដើម្បីទ្រទ្រង់ដល់កីឡាករ កីឡាការិនីទាំងអស់ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកពីមុនមក។
លោកអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្តទៀតថា អ្វីដែលកាន់តែពិសេសសម្រាប់កម្ពុជាដែរគឺបានទទួលសិទ្ធិជាផ្លូវការ សម្រាប់ចូលរួមជាសមាជិក ក្នុងសមាគមអត្តពលិកអូឡាំពិកពិភពលោក ដែលគេទើបតែសម្រេចបោះឆ្នោតឱ្យចូលអំឡុងពេលកម្មវិធីនៅរុស្ស៊ីនេះទេ។ ដូច្នេះ កម្ពុជានឹងត្រៀមប្រកាសរកអត្តពលិកចាស់ៗដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិកទាំងអស់ ដើម្បីឱ្យពួកគាត់ទទួលបានផលប្រយោជន៍ និងគាំពារគ្នាទៅវិញទៅមកក្នុងសមាគមដែលកម្ពុជានឹងបង្កើតឡើងនេះ៕
អត្ថបទ៖ មុន្នី រម្យ