កីឡាករបាល់ទាត់កម្ពុជា៤នាក់នេះធ្លាប់ទៅប្រកបអាជីពនៅប្រទេសថៃ
- 2015-10-30 16:15:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករបាល់ទាត់កម្ពុជា៤នាក់នេះធ្លាប់ទៅប្រកបអាជីពនៅប្រទេសថៃ
ចន្លោះមិនឃើញ
នាពេលបច្ចុប្បន្នមិនទាន់មានកីឡាករបាល់ទាត់ណាម្នាក់ទៅប្រកបអាជីពបាល់ទាត់នៅប្រទេសថៃឡើយ ប៉ុន្តែកាលពីអំឡុងឆ្នាំ២០០០មានកីឡាករកម្ពុជាមួយចំនួនបានទៅប្រកបអាជីពនៅទីនោះ ហើយកាលទសវត្សឆ្នាំ៧០ក៏មានកីឡាករកម្ពុជាច្រើនទៅប្រកបអាជីពនៅទីនោះដែរ។
Sabay សូមបង្ហាញកីឡាករបាល់ទាត់កម្ពុជា៤រូបដែលបានទៅប្រកបអាជីពបាល់ទាត់នៅប្រទេសថៃដែលពេលនោះវិស័យបាល់ទាត់កម្ពុជាមិនសូវទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រដូចសព្វថ្ងៃនេះទេ ដូច្នេះហើយទើបបានជាអ្នកគាំទ្រមួយចំនួនអត់ដឹងថា កីឡាករបានទៅលេងបាល់នៅក្រៅប្រទេស។
ទី១៖ កែវ សុខង៉ន អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា កែវ សុខង៉ន បានចេញពីប្រទេសកំណើតទៅប្រកបអាជីពបាល់ទាត់នៅក្លិប Samut Sakhon ដែលជាក្លិបលេងនៅក្របខណ្ឌបាល់ទាត់លំដាប់ទី២របស់ប្រទេសថៃកាលពី ឆ្នាំ២០១០-២០១១។ នៅក្លិបនេះរូបគេធ្លាប់បានបង្ហាញលើទីលានបាន២០ដង និងរកគ្រាប់បាល់បានចំនួន៩គ្រាប់។ អ្វីដែលពិសេសនេះ កីឡាករកម្ពុជារូបនេះត្រូវបានគេបោះឆ្នោតឲ្យក្លាយជាកីឡាករល្អ ក្នុងចំណោមកីឡាករ១១នាក់ផ្សេងទៀតនៅក្លិបនេះ។
ទី២៖ ឃឹម បូរី ឃឹម បូរី បានទៅលេងឲ្យក្លិប Sisaket FC ដែលជាក្លិបលេងនៅលីកបាល់ទាត់កំពូលថៃក្នុងឆ្នាំ២០១០-២០១១ជា លក្ខណៈខ្ចីជើង។ សម្រាប់ការបង្ហាញខ្លួននៅក្លិបថៃមួយនេះបានធ្វើឲ្យឃឹម បូរីបានក្លាយជាកីឡាករកម្ពុជាទីមួយលេងនៅលីកបាល់ទាត់កំពូលថៃ ក្នុងសម័យកាលបាល់ទាត់សម័យទំនើប។ នៅទីនោះ ឃឹម បូរី បានបង្ហាញខ្លួននៅលើទីលានបានប្រហែល៨ទៅ៩ប្រកួត។ នៅក្លិបថៃនេះបូរីអាចទទួលបានបៀវត្សរ៍ប្រហែលជា១សែនបាតក្នុង មួយខែ(ប្រហែលជិត៣ពាន់ដុល្លារអាមេរិក)។
ទី៣៖ ចាន់ រិទ្ធី កីឡាករកម្ពុជា ចាន់ រិទ្ធីធ្លាប់បានលេងបាល់ទាត់នៅប្រទេសថៃរហូតដល់៣ក្លិប និងធ្លាប់ទទួលបានប្រាក់ខែជាង១ពាន់ដុល្លារអាមេរិកចន្លោះឆ្នាំ ២០០៩-២០១០។ សមាជិកក្លិប Camobodian Tiger បច្ចុប្បន្នរូបនេះបានលេងនៅក្លិបថៃ Thai Army នៅឆ្នាំ២០០៩រយៈពេល៣ខែ និងបន្តលេងឲ្យក្លិប Nakhon Pathon មុនពេលចុះកុងត្រាជាមួយក្លិប Surin FC រដូវកាល២០០៩-២០១០។ សម្រាប់ការលេងនៅក្លិបថៃមួយនេះ ចាន់ រិទ្ធី ទទួលបានប្រាក់ខែជាង១ពាន់ដុល្លារអាមេរិកក្នុងមួយខែ។
ទី៤៖ ស៊ិន ដាលីន អតីតកីឡាករជម្រើសជាតិ និងក្លិបបឹងកេតអង្គរ (ចម្ការកៅស៊ូបឹងកេត) ស៊ិន ដាលីន ធ្លាប់បានទៅប្រកបអាជីពបាល់ទាត់នៅក្លិប Sa Kaeo United ដែលជាក្លិបលេងនៅក្របខណ្ឌបាល់ទាត់តាមតំបន់របស់ប្រទេសថៃនៅរដូវ កាល២០១០-២០១១។ បន្ទាប់ពីដាច់ឆ្នាំ២០១១ លោក បែ មករា បានកោះហៅកីឡាកររូបនេះឲ្យមកលេងជាមួយក្លិបបឹងកេតអង្គរនៅឆ្នាំ ២០១២ដែលជារដូវកាលក្លិបមកពីកំពង់ចាមនេះឈ្នះជើងឯកបាល់ទាត់កំពូល កម្ពុជា៕
អ្នកមានចាំទេថា កីឡាករណាផ្សេងទៀតដែលធ្លាប់លេងបាល់ទាត់នៅប្រទេសថៃ?
អត្ថបទ៖ ជាន ចាន់រ៉ា