ជីវិត​គ្រូ​បង្វឹក​វ័យ​ក្មេង​ ភា​ សុភ័ក្ត្រា​ ជួយ​​U-21​​កម្ពុជា​ឈ្នះ​មេដាយ​សំរឹទ្ធ​

  • 2016-01-05 16:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ភា សុភ័ត្ត្រា​ ជា​ពិធី​កីឡា​ដ៏​ប្រជា​ប្រិយ​​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​ និង​ជា​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​និយម​តាម​ដាន​កីឡា​យ៉ាង​ខ្លាំង​​នា​ពេល​បច្ចុប្បន្ន។ ថ្មី​ៗ​នេះ​​ លោក​បាន​ជួយ​ឲ្យ​​ក្រុម​អាណាចក្រ​បៃតង​ឈ្នះ​ជើង​ឯក​ Soccer League ប្រចាំ​ឆ្នាំ​២០១៥។

 

លោក ភា សុភ័ត្ត្រា

 

លោក​ពិត​ជា​មាន​បទពិសោធន៍​ច្រើន​ទាក់ទង​​ទៅ​នឹង​បាល់ទាត់​ដោយ​ឆ្លង​កាត់​​ វគ្គ​សិក្សា​គ្រូ​បង្វឹក​កម្រិត​ B License និង A License។ អ្វី​ដែល​ចង​​ចាំ​ក្នុង​ជីវិត​របស់​លោក​នោះ​គឺ​ លោក បាន​រួម​ចំណែក​ឲ្យ​U21កម្ពុជា​ ឈ្នះ​មេដាយ​ សំរឹទ្ធ ក្នុង​នាម​​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ ​នៅ​ពាន​រង្វាន់ U21​ Hassanal Bolkiah Trophy ​នៅ​​ប្រទេស​ ប៊្រុយណេ កាល​ឆ្នាំ​ ២០០៧។ ​កាល​នោះ​ U21​កម្ពុជា ​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ ​ទេព ឡុងរចនា ដែល​ជា​គ្រូ​បង្វឹក​របស់​ក្រសួង​ការពារ​ជាតិ​នា​ពេល​បច្ចុប្បន្ន ​តែ មិន​សូវ​ចេញ​មុខ​ទេ ដោយ​ទុក​ឲ្យ​លោក អ៊ុព សំអាន ជា​អ្នក​ដឹក​នាំ​ការ​ប្រកួត។

 

ជីវិត​ផ្ទាល់​ខ្លួន លោក ​​ ភា សុភ័ក្ត្រា​ កើត​នៅ​ថ្ងៃ​ទី​​០៨ ខែ​ ធ្នូ​ ឆ្នាំ​ ១៩៨១ ​នៅ​ទី​ក្រុង​ភ្នំពេញ។ ​​​ឪ​ពុក​របស់​​លោក​ គឺ​ជា​អតីត​មន្ត្រី​រាជការ​​​ដែល​​​បម្រើ​ការ​នៅ​ក្រសួង​ការពារ​ជាតិ​។ ឳ​ពុក​របស់​ លោក​ ឈ្មោះ​ សូ ភា​ ​រីឯ​ម្ដាយ​​ឈ្មោះ​ ​ជា​ ផល្លា។ ​

 

លោក​​ ភា សុភ័ក្ត្រា​​ ​​បងប្អូន​បង្កើត​​​​ពីរ​នាក់​ផ្សេង​ទៀត​ដែល​សុទ្ធ​​​​តែ​​លេង​បាល់ទាត់។ ​ប្អូន​ប្រុស​ទី​១​ ​ភា សុភ័ក្រ​និមល​ ​​ធ្លាប់​លេង​ឲ្យ​ក្រសួង​ការពារ​ជាតិ​ពី​ឆ្នាំ​ ២០០០ ដល់​ ឆ្នាំ​ ២០០៨​ ​ប៉ុន្តែ​​លេង​ឲ្យ​ក្រុម​ សាកលវិទ្យាល័យ​វេស្ទើន​ ដែល​ជា​ក្រុម​ចំណូល​ថ្មី​​ក្នុង​​ក្របខ័ណ្ឌ​​មិត្តហ្វូនខេមបូឌាន​លីក​​ឆ្នាំ ​២០១២​។ ​ ប្អូន​ប្រុស​ទី២​ ភា វិភព​ ជា​គ្រូ​ជំនួយក្រុម​ជម្រើស​ជាតិ U-19 កម្ពុជា។

 

ក្លិប​ដំបូង ក្លិប ​ដែល​ លោក​ ភា សុភ័ក្ត្រា ​​ចូល​ហ្វឹកហាត់​​បាល់ទាត់​ដំបូង​គឺ ​ក្រសួង​ការពារ​ជាតិ​ ​បន្ទាប់​​ពី​ចំណាយ​ពេល​​លេង​ ក្រុម​​កងពល​លេខ១ ឆ្នាំ ១៩៩៩។ នៅ​ឆ្នាំ​ដដែល​នេះ លោក​គ្រូ​បង្វឹក​ នាង សាបាន ​ដែល​គ្រូ​បង្វឹក​​របស់​ ការពារ​ជាតិ បាន​ឃើញ​ទម្រង់​លេង​របស់​ លោក​ សុភ័ក្ត្រា ​ហើយ ក៏​​ហៅ​ឲ្យ​មក​ចូល​រួម​​ជា​មួយ​​ក្រសួង​ការពារ​ជាតិ​តែ​ម្ដង។ លោក​ នាង សាបាន ​​ជួយ​បង្វឹក​នៅ​ក្លិប​បាល់ទាត់​សាកល​វិទ្យាល័យ​ វេស្ទើន​ ​នា​ឆ្នាំ​២០១២​។ ឆ្នាំ​ ​១៩៩៩​ មក​ លោក​ នាង​ សាបាន​ បាន​ដាក់​លោក​​ឲ្យ​លេង​ជា​កីឡាករ​១១​នាក់​របស់​ ការពារ​ជាតិ​​ និង​ បន្ត​រហូត​​ដល់​ឆ្នាំ​២០០៥។

 

 

ក្រោយ​មក​ទៀត​​ក៏​លោក​​មិន​​ភ្លេច​ ​លោក​ ទេព ឡុងរចនា​ និង​ លោក​ ប្រាក់ សុវណ្ណារ៉ា​ ​បាន​បង្វឹក​បន្ថែម​​ និង​ បាន​ផ្ដល់​ទំនុក​ចិត្ត​ដោយ​ជ្រើសរើស​រូប​លោក​ជា​ជំនួយ​ការ​​នៅ​ក្នុង​ក្រុម​ ជម្រើស​ជាតិ​នា​ឆ្នាំ​២០០៧​ និង​ ២០០៩ ​បន្ទាប់​ពី​​​​លោក​បាន​បញ្ចប់​វគ្គ​សិក្សា​​គ្រូ​បង្វឹក​កម្រិតC​ នៅ​កម្ពុជា និង​ លាលែង​ពី​ក្លិប​អាជីព។

 

កម្រិតវប្បធម៌​ លោក​​ ភា សុភ័ក្ត្រា​ បាន​ចូល​សិក្សា​​ថ្នាក់​ បឋម​សិក្សា​​ និង​ អនុវិទ្យាល័យ​​​នៅ​​សាលា​ចតុមុខ។ ​បន្ទាប់​ពី​បញ្ចប់​ថ្នាក់​​វិទ្យាល័យ​នៅ​ ​សាលា​ចតុមុខ​ នា​ឆ្នាំ​២០០០​​ លោក​ បាន​ចូល​បន្ត​​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ។ ​​រហូត​ដល់​ឆ្នាំ​​២០០៤​ លោក​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ​គ្រប់គ្រង​ទេសចរណ៍​ និង​ សណ្ឋាគារ​ ​នៅ​វិទ្យាស្ថាន​ ​បច្ចេកវិទ្យា​ និង​ ​គ្រប់គ្រង។

 

ចាប់​ផ្ដើម​លេង​បាល់ទាត់ លោក ​ ភា សុភ័ក្ត្រា​ ​បាន​រៀបរាប់​បន្ត​ថា​ ​បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​តាំង​ពី​អាយុ​៦​ឆ្នាំ​ដោយ​ផ្ដើម​ចេញ​ពី​ការ​ ទាត់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ និង​ ចាប់​ផ្ដើម​ស្រឡាញ់​បាល់ទាត់​ដោយ​សារ​​ការ​ទស្សនា​​បាល់ទាត់​ពិភព​លោក​តាំង​ពី​ក្មេង។​ ​ឪពុក​​ម្ដាយ​របស់​​លោក​ មិន​បាន​គាំទ្រ​ឲ្យ​លេង​បាល់ទាត់​​ទេ​នា​ពេល​នោះ​ ពោល​ ចង់​​​ឲ្យ​សិក្សា​ជាង​ការ​លេង​បាល់ទាត់។

 

ប៉ុន្តែ​ ទោះ​ជា​លោក​​​ ឪ​ពុក​របស់​លោក​​មិន​មែន​ជា​កីឡាករ​បាល់ទាត់​ក៏​ដោយ​ ​ លោក​ស្រឡាញ់​បាល់ទាត់​ ​តែ​ពិត​ជា​​មិន​ចង់​ឲ្យ​កូន​លេង​បាល់ទាត់​ឡើយ។ ​ បន្ទាប់​មក​ទៀត​ ​លោក​ សូ ភា​ ​ក៏​បាន​យល់​ព្រម​​តាម​​កូន​ បន្ទាប់​ពី​លោក​ សុ័ក្ត្រា​ ​សន្យា​ការ​លេង​បាល់​ទាត់​ជាមួយ​នឹង​ បរិញ្ញាបត្រ។ ​មាន​ន័យ​ថា​ ​លេង​បាល់ទាត់​ផង​ និង​ រៀន​ផង ​ខណៈ​ ដែល​ម្ដាយ​ចេះ​ តែ​បារម្ភ​ ពី​​បញ្ហា​របួស​ពេល​កូន​លេង​បាល់ទាត់។

 

អាជីព​ជា​កីឡាករ​បាល់ទាត់ ថ្វី ​បើ​លោក​​មិន​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​​នៅ​ក្នុង​ឈុត​ធំ​ តែ លោក​ពិត​ជា​មាន​សំណាង​​មួយ​ក្នុង​ចំណោម​កីឡាករ​ជា​ច្រើន​ទូទាំង​ប្រទេស​​ ពី​ព្រោះ​លោក​បាន​ជាប់​ជម្រើស​ជាតិ​ យុវជន​ អាយុ​ក្រោម​២០​ឆ្នាំ​ (U-20) នៅ​ឆ្នាំ​ ២០០២។ ​

លោក​ ភា សុភ័ក្ត្រា​ ​គឺ​ជា​អតីត​កីឡាករ​របស់​ក្រសួង​ការពារ​ជាតិ​ ​ចាប់​ពី​ឆ្នាំ​ ២០០០​ ដល់​ ២០០៥។ ​ក្រោយ​ពី​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​ លោក​​ក៏​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​លេង​លក្ខណៈ​មិត្តភាព​​ក្នុង​ក្របខ័ណ្ឌ​ ទាហាន​អាស៊ាន​ (Asean Army) ​នៅ​ទី​ក្រុង​ ហាណូយ​ នៃ​ប្រទេស​ វៀតណាម។

ក្រោយ​មក​ទៀត​ ​នៅ​ឆ្នាំ​ ២០០៣​ ​ដល់​ ២០០៤​ លោក​បាន​ទៅ​លេង​ឲ្យ​បៀលប្រាយ​យូណាយធីត​​​ក្នុង​​លក្ខណៈ​ខ្ចី​ជើង​​ក្នុង​ ក្របខ័ណ្ឌ​សាកលវិទ្យាល័យ។ ​ចាប់​​ពី​ឆ្នាំ​២០១០​មក​ លោក​​ក៏​នៅ​ជា​កីឡាករ​ម្នាក់​នៅ​ក្នុង​ក្រុម​ព្រះ​ខ័នរាជ​ (ស្វាយរៀង)​វ័យ​ចាស់។

 

បទពិសោធន៍​ការងារ​ លោក ​ធ្លាប់​បម្រើ​ការងារ​​ជា​ពិធីករ​កីឡា​ (​​កីឡា​ស៊ីហ្គេម Series A Premier league…) នៅ​ស្ថានីយ​ទូរទស្សន៍​ កងយោធពលខេមរភូមិន្ទ​​(ប៉ុស្តិ៍លេខ៥)​ ចាប់​ឆ្នាំ​ ២០០២​​​​ ដល់​ ឆ្នាំ​២០០៧។ បច្ចុប្បន្ន​លោក​ជា​ពិធីករ​​កីឡា​នៅ​ស្ថានីយ​ទូរទស្សន៍​ហង្សមាស។

បទពិសោធន៍​​​ជា​គ្រូ​បង្វឹក -​ ​ឆ្នាំ​​២០០៦​ លោក​គឺ​ជា​គ្រូ​បង្វឹក​U13 ​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​ ​ណារិន ​កុមារ។ ​- ​ឆ្នាំ​ ២០០៦ – ២០០៧​ លោក​គឺ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ។ ​- នៅ​ឆ្នាំ​២០១០ ​លោក​​បាន​ក្លាយ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​នៅ​ក្លិប​​ ព្រះខ័នរាជ​។ ​- ​នៅ​ឆ្នាំ​២០០៩ – ​បច្ចុប្បន្ន​ ​លោក​​ក៏​ជា​គ្រូ​បង្វឹក​​នៃ​ក្រុម​​បាល់ទាត់​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​ ផង​ដែរ។ ​

  • ​​​ឆ្នាំ​ ២០០៧​ – បច្ចុប្បន្ន​ លោក​ក៏​មាន​តួនាទី​ជា​គ្រូ​បង្វឹក​អភិវឌ្ឍន៍​បាល់ទាត់​ថ្នាល​​នៃ​សហព័ន្ធ​ កីឡា​បាល់ទាត់​កម្ពុជា​ដែរ។
  • ​​ឆ្នាំ​២០០៧​ លោក​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​​U21​កម្ពុជា​​ក្នុង​ដំណើរ​ប្រកួត​បាន​ រង្វាន់​ Asean Youth U21​នៅ​ប្រទេស​ប្រ៊ុយណេ។ ​- ​​ឆ្នាំ​២០០៨​ លោក​ជា​គ្រូ​បង្វឹក​​ក្រុម​U13​កម្ពុជា​​នៅ​ក្នុង​កម្មវិធី​ ​U13 AFC Festival ​នៅ​ប្រទេស​ ម៉ាឡេស៊ី។
  • ​​ឆ្នាំ​​២០០៨​ ​លោក​មាន​តួ​នាទី​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​​​នៃ​​ក្រុម​​បាល់ទាត់​ជម្រើស​ ជាតិ​កម្ពុជា​នៅ​ក្នុង​កម្មវិធី​ AFF Suzuki Cup ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។
  • ​នៅ​ឆ្នាំ​២០០៩​-២០១០​ លោក​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​ក្នុង​ការ​ប្រកួត​AFF U19 Championship ​នៅ​ប្រទេស​វៀតណាម។ -​ ​ឆ្នាំ​២០០៩​ លោក​ជា​​ជំនួយ​ការ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ដំណើរ​ ប្រកួត​ AFC Challenge Cup ​នៅ​ប្រទេស​បង់ក្លាដេស។
  • ​ឆ្នាំ​២០១១​​ លោក​ជំនួយ​ការ​គ្រូ​បង្វឹក​ក្នុង​ដំណើរ​ទៅ​ប្រកួត​ពាន​រង្វាន់​ AFF U16 Championship ​​កាល​ខែ​កក្កដា​ និង​ AFC U16 Championship នា​ខែ​កញ្ញា​នៅ​ប្រទេស​ឡាវ។
  • ឆ្នាំ​ ២០១១-២០១២​ ​​ជា​គ្រូ​បង្វឹក​ U19 ​ព្រះខ័នរាជ។
  • ឆ្នាំ​២០១៥​ លោក​បាន​ដឹក​នាំ​ក្រុម​អាណាចក្រ​បៃតង​​ក្នុង​​ពាន​រង្វាន់​ Soccer League។

 

វគ្គ​សិក្សា​គ្រូ​បង្វឹក​ ​ឆ្នាំ​២០០៥​ ​លោក​ ភា សុភ័ក្ត្រា​ បាន​​​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​ C (AFC “C” license ) ​នៅ​ទី​ក្រុង​ភ្នំពេញ។​ នៅ​ឆ្នាំ​២០១០​ បាន​​​បញ្ចប់​វគ្គ​សិក្សា​គ្រូ​បង្វឹក​​បាល់​ទាត់​កម្រិត​ B (AFC “C” license ) ​នៅ​ភ្នំពេញ​ ព្រម​ទាំង​បាន​រៀន​វគ្គ​គ្រូ​បង្វឹក​ជា​បន្ត​បន្ទាប់​ទៀត និង​ជា​ពិសេស​បាន​បញ្ចប់​កម្រិត​ A- License នៅ​ឆ្នាំ​២០១៣។

 

ស្នា​ដៃ​ទទួល​បាន លោក ​​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ U-21​កម្ពុជា​ឈ្នះ​​មេដាយ​សំរឹទ្ធ​ នៃ​​ពាន​រង្វាន់​ Hassanal Bolkiah Trophy U21​នៅ​ប្រទេស​ ប៊្រុយណេ​ កាល​ឆ្នាំ​២០០៧។ កាល​នោះ​គ្រូ​បង្វឹក​ គឺ​លោក​ ទេព ឡុងរចនា​ ដែល​បច្ចុប្បន្ន​ ជា​គ្រូ​បង្វឹក​របស់​ក្រសួង​ការពារ​ជាតិ​ ប៉ុន្តែ​​លោក​មិន​សូវ​ជា​ចេញ​មុខ​ប៉ុន្មាន​​ឡើយ​​​ដោយ​ទុក​​ឲ្យ​លោក​ អ៊ុព សំអាន​​ ជា​អ្នក​ដឹក​នាំ​ការប្រកួត។

 

​ឆ្នាំ​ ២០០៧  ​U-21 កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូល​B​ ​នៃ​ពាន​រង្វាន់​ខាង​លើ​​ ​ដែល​​មាន ​មីយ៉ាន់ម៉ា​ ហ្វីលីពីន និង​ ប្រ៊ុយណេ។ ​ពេល​នោះ កម្ពុជា​ស្មើ​​ម្ចាស់​ផ្ទះ​ប្រ៊ុយណេ​ ២-២​ ​ឈ្នះ​ ហ្វីលីពីន​ ៦-០ ​ចាញ់​មីយ៉ាន់ម៉ា​ ០-៧។ U-21 កម្ពុជា​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ជា​មួយ​ក្រុម​មីយ៉ាន់ម៉ា។ ​បន្ទាប់​មក​កម្ពុជា​ ​​រង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ U-21 ​ថៃ​​ ១០-១​ ដែល​​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ ស្ទួន​ជា​មួយ​ម៉ាឡេស៊ី។

 

ឆ្នាំ​២០១៥ -រៀប​ចំ​កម្មវិធី Football Clinic "ក្តីសុបិននៃបាល់ទាត់កម្ពុជា" បាន៤ដង -ដឹក​នាំ​ក្រុម​ក្រសួងការបរទេស ក្របខ័ណ្ឌអន្តរក្រសួង វគ្គ (៦ក្រុមចុងក្រោយ) -រៀប​ចំ​កម្មវិធី Football For Kids បាល់ទាត់សប្បុរសធម៍ដើម្បីកុមារ -ក្នុង​នាម​ជា​គ្រូ​បង្វឹក​ លោក​បាន​ជួយ​ក្រុម​អាណាចក្រ​បៃតង​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ Soccer League ដែល​ជា​ពាន​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​បាល់ទាត់​នៅ​កម្ពុជា។

 

បំណង​ថ្ងៃ​​អនាគត បន្ទាប់​ពី​​​ជោកជាំ​ក្នុង​វិស័យ​បាល់ទាត់ និង​បាន​បញ្ចប់​ការ​សិក្សា​គ្រូ​បង្វឹក​បាល់ទាត់​កម្រិត​​ A License ​លោក​ ភា សុភ័ក្ត្រា ​​បាន​ក្លាយ​ជា​គ្រូ​​ជំនួយ និង​ជា​គ្រូ​បង្វឹក​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​លោក​មាន​គោល​បំណង​ចង់​ក្លាយ​ជា​គ្រូ​បង្វឹក​​​ក្លិប​​បាល់ទាត់​​អាជីព​នៅ​កម្ពុជា។ មួយ​វិញ​ទៀត​ ​គឺ​លោក​មិន​ចង់​​សំដៅ​ទៅ​លើ​តែ​លុយ​នោះ​ទេ​ តែ​ លោក​​ចង់​ជួយ​ឲ្យ​វិស័យ​កីឡា​បាល់ទាត់​ខ្មែរ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​នៅ ​​ថ្ងៃ​អនាគត៕

 

អត្ថបទ៖​ ឆន ទិត្យ រូបថត៖ ភា សុភ័ក្ត្រា

អត្ថបទថ្មី